អង្គការ WWF-កម្ពុជា ជួបជំរុញកិច្ចខិតខំប្រឹងប្រែងអភិរក្សឆ្លងដែនជាមួយអង្គការ WWF-វៀតណាម
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥-- អង្គការ WWF-កម្ពុជា បានរៀបចំកិច្ចពិភាក្សារួមគ្នាជាមួយ អង្គការ WWF-វៀតណាម និងដៃគូសំខាន់ៗចំនួន ១៧ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន នៃប្រទេសទាំងពីរ ។ នេះបើតាមការប្រភពពីអង្គការ WWF បានឱ្យដឹងនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ។

ក្នុងកិច្ចប្រជុំរវាងអង្គការ WWF-កម្ពុជា និងអង្គការ WWF-វៀតណាម និងដៃគូសំខាន់ៗបានផ្តោតលើការដោះស្រាយបញ្ហាប្រឈមនៃការអភិរក្សរួមគ្នានៅក្នុងទេសភាពខ្ពង់រាបភាគខាងកើត ដែលរួមមានការការពារសត្វព្រៃ និងការអភិរក្សព្រៃឈើ ព្រមទាំងមុខរបរចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាព និងការចូលរួមសហគមន៍ របស់ប្រទេសរៀងៗខ្លួន។

គំនិតផ្តួចផ្តើមនៃការពិភាក្សានេះបានបង្ហាញពីកិច្ចសហការ «ការងារអភិរក្ស» ដែលនឹងពង្រឹងការសម្របសម្រួល ការគាំទ្រការអនុវត្តច្បាប់ឱ្យកាន់តែរឹងមាំ និងកែលម្អលទ្ធផលបរិស្ថានសម្រាប់ទាំង២ប្រទេសកម្ពុជា និងវៀតណាម៕


ដោយ ណយ នឿន (ប្រភព៖ WWF)





