រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្ត ភូមិ ឃុំ មានសុវត្ថិភាព
AKP កំពង់ឆ្នាំងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥--លោក ជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និង លើកទិសដៅអនុវត្តបន្ត ។

ពិធីនេះប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ដោយមមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការអាវុធហត្ថខេត្ត នាយក-នាយករងទីចាត់ការ និងអង្គភាពចំណុះសាលាខេត្តជាច្រើននាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះលោក ជំទាវ ជូ ប៊ុនអេង បានជំរុញឱ្យអភិបាលក្រុង-ស្រុកទាំងអស់បន្តចុះពង្រឹង និងអនុវត្តនូវគោលនយោបាយ "ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព" ដល់ឃុំ-សង្កាត់ របស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីធានាបាននូវសុខសុវត្ថិភាព ស្ថេរភាព និងបង្កើននូវជំនឿទុកចិត្ត ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសត្រូវតាមដានឱ្យបានជាប់ជាប្រចាំ នៅបញ្ហាគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង ដែលកំពុងបន្តគំរាមកំហែងដល់ ភូមិ ឃុំ របស់ប្រជាពលរដ្ឋមួយចំនួន នៅក្នុងខេត្តរបស់យើង។

ទន្ទឹមនឹងនេះលោកជំទាវបានបន្តថា សុវត្ថិភាពផ្ដោតទៅលើ ការផ្ដល់សេវាសាធារណៈប្រកបដោយតម្លាភាព គ្មានបទល្មើសគ្រប់ប្រភេទ គ្មានគ្រឿងញៀន និងល្បែងស៊ីសង។ ភូមិ-ឃុំ-សង្កាត់ មានសណ្ដាប់ធ្នាប់សាធារណៈល្អ គ្មានអំពើអានាចារការជួញដូរមនុស្ស គ្មានហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង មានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ភូមិ-ឃុំ-សង្កាត់ មានសោភ័ណភាព និងបរិស្ថានល្អ និងឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងជំងឺរាតត្បាត។ ធាតុផ្សំទាំងនេះមានសុវត្ថិភាព បានចូលរួមនូវការកាត់បន្ថយខាតបង់របស់ប្រជាពលរដ្ឋ បង្កើនជីវភាពក្នុងគ្រួសារបានមួយកម្រិតទៀត។

លោកជំទាវរដ្ឋលេខាធិការបានបញ្ជាក់ទៀតថា ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនិងការគៀគរឲ្យមានការចូលរួមអនុវត្តពីគ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើយ៉ាងណាឲ្យការអនុវត្តគោលនយោបាយនេះ អនុវត្តទៅកាន់តែល្អប្រសើរ បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។ ការជំរុញឱ្យមានការបង្ក្រាបនូវល្បែងស៊ីសងខុសច្បាប់ និងគ្រឿងញៀននៅតាមមូលដ្ឋាន តាមវត្តអារាមនានា ការអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ការជួញដូរមនុស្ស ល្បែងស៊ីសង បានបង្កនូវអំពើអសន្តិសុខជាច្រើន រួមទាំងអំពើចោរកម្ម និងអំពើហិង្សាផងដែរ ហើយនៅពេលដែលគួបផ្សំជាមួយនឹងបញ្ហាញៀនគ្រឿងញៀនបន្ថែមទៀតនោះ វាធ្វើឱ្យសុវត្ថិភាពនៅតាមភូមិឃុំកាន់តែមានភាពប្រឈមកាន់តែខ្លាំង។ ការធ្វើឱ្យស៊ីសង្វាក់គ្នានាពេលអនាគត យើងត្រូវពិចារណាពីបរិបទរួមគ្នា នៃការឆ្លើយតបនិងការអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើននិងរុងរឿង៕
ដោយ៖ បៃ ស៊ីថុន





