សម្តេចបវរធិបតីវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតឆែកចប់អាណត្តិ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥–
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។

នៅក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធីបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់បេសកកម្មការទូតប្រចាំកម្ពុជា។ ឯកឧត្តមបានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឆែក-កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់អំពីយន្តការកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសប្រទេសទាំងពីរ ដែលបានរួមចំណែកក្នុងការជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការដ៏ល្អក្នុងអាណត្តិការងាររបស់ឯកឧត្តម នៅកម្ពុជា នាពេលកន្លងមក ដែលឈានទៅសម្រេចបានសមិទ្ធផលផ្លែផ្កាជាច្រើន។ ព្រមជាមួយគ្នានោះ, ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា សាធារណរដ្ឋឆែកនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍ ជាពិសេស នៅក្នុងវិស័យអប់រំ, សុខាភិបាល, និងកសិកម្ម។ ឯកឧត្តមក៏បានសន្យាជួយជំរុញវិនិយោគិនឆែក ពិចារណាវិនិយោគនៅប្រទេសកម្ពុជា ផងដែរ។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូតឆែក ដែលបានបញ្ចប់បេសកកម្មការទូត នៅកម្ពុជា ប្រកបដោយជោគជ័យ និងបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ឆែក។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា និងឆែកមានទំនាក់ទំនងជាមិត្តភាពដ៏យូរអង្វែង និងត្រូវបានពង្រឹង និងពង្រីកជាលំដាប់ រហូតមកដល់ពេលបច្ចុប្បន្ន។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលឆែក ដែលបានរួមចំណែកគាំទ្រដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស ការផ្ដល់នូវអាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅអតីតសាធារណរដ្ឋឆេកូស្លូវ៉ាគី និងសាធារណរដ្ឋឆែកនាពេលបច្ចុប្បន្ន។ ការណ៍នេះបានរួមចំណែកជំរុញការតភ្ជាប់រវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ។ ព្រមជាមួយគ្នានោះ, សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាភាពជាដៃគូ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក ឱ្យកាន់តែរឹងមាំ បន្ថែមទៀត៕
ដោយ៖ គង់ សិរីរ័ត្ន





