កម្ពុជាស្ថិតក្នុងចំណោមប្រទេសទាំង១០លើពិភពលោក ដែលបានទទួលបានលទ្ធផលល្អប្រសើរ ក្នុងការចរចាពន្ធគយបដិកាជាមួយភាគីអាមេរិក
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលស្ថិតក្នុងចំណោមប្រទេសទាំង១០លើពិភពលោក ដែលបានទទួលបានលទ្ធផលល្អប្រសើរ ក្នុងការចរចាពន្ធគយបដិកាជាមួយភាគីអាមេរិក ពោលគឺកម្ពុជានឹងមិនត្រូវបានសហរដ្ឋអាមេរិកដំឡើងពន្ធរហូតដល់៤៩ភាគរយនោះទេ។

ក្នុងពិធីតភ្ជាប់តំណស្ពានចុងក្រោយ ស្ពានមិត្តភាពកម្ពុជា-ចិន ទន្លេមេគង្គ នាព្រឹកថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា គណៈប្រតិភូរបស់យើងបានទៅចរចាផ្ទាល់បាន២ដង នៅថ្ងៃទី១៤ និង១៥ ខែឧសភា ឆ្នាំ២០២៥ នៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិកក្នុងជុំទី១។ សម្រាប់ជុំទី២នៅថ្ងៃទី០៤-០៥ និងទី០៦ ខែមិថុនា ឆ្នាំ ២០២៥។ ជុំទី៣យើងធ្វើតាមប្រព័ន្ធអនឡាញឬតាមរយៈ Zoom។ សម្រាប់ថ្ងៃសុក្រសប្តាហ៍កន្លងមកនេះយើងពិភាក្សាតាមប្រព័ន្ធអនឡាញ ហើយពិនិត្យលើសេចក្តីថ្លែងការណ៍រួម និងបានឯកភាពគ្នា។ សម្រាប់សេចក្តីថ្លែងការណ៍រួមនេះយើងនឹងចេញនៅពេលឆាប់ៗនេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់បន្ថែមថា “យើងនឹងរង់ចាំសហរដ្ឋអាមេរិក ដោយសារសប្តាហ៍នេះសហរដ្ឋអាមេរិក មានថ្ងៃបុណ្យជាតិ ថ្ងៃសុក្រគេមិនធ្វើការទេ។ ខ្ញុំបានទទួលអ៊ីម៉ែលពីសហរដ្ឋអាមេរិកថាយើងត្រៀមនឹងរកពេលវេលាសមស្របដើម្បីចេញសេចក្តីថ្លែងការណ៍ប្រកាសរួមគ្នាតែម្តង។ យើងអាចចេញនៅពេលយើងឯកភាពគ្នា។ យើងនឹងចេញសេចក្តីថ្លែងការណ៍រួមគ្នា។ យើងរង់ចាំពេលវេលាដើម្បីចេញផ្សាយរួមគ្នា។ យើងមិនអាចចេញមកមុនទេ។ បានសេចក្តីថាយើងនឹងប្រើពាក្យរួមគ្នាថាថ្ងៃនេះកម្ពុជា សហរដ្ឋអាមេរិកកបានឯកភាពគ្នាទាក់ទិនពន្ធបដិកា។ ពេលនេះយើងបានត្រៀមចេញសេចក្តីថ្លែងការរួមជាមួយគ្នា”។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានអះអាងថា “ទាំងនេះដោយសារយើងបានឯកភាព ចរចាដោយស្មោះត្រង់រវាងគ្នាទៅវិញទៅមក។ សម្រាប់ថ្ងៃទី០៩ ខែកក្កដានេះ ពន្ធយើងគឺមិនមែន៤៩ឬបន្ថែមទៀតទេ។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមមិនដល់១៨ប្រទេសទេដែលបានចរចាប្រទេសសហរដ្ឋអាមេរិក ហើយក្នុងនេះកម្ពុជាក៏ស្ថិតក្នុងចំណោមប្រទេស១០ទៀតដែលបានសេចក្តីថ្លែងការណ៍រួមពីសហរដ្ឋអាមេរិករួចហើយ”។ សម្រាប់ថ្ងៃទី៩ នេះយើងអត់មានអត្រាពន្ធ៤៩ភាគរយទេ យើងរួចខ្លួន ពោលគឺមួយដំណាក់កាលរួចខ្លួនសិន។ ទោះបីយ៉ាងណាយើងសួរថាបដិកាពន្ធ ប៉ុន្មានគឺអត់ទាន់ដឹងទេ។ ខាងសហរដ្ឋអាមេរិកកំពុងពិចារណា និងសុំការឯកភាពពីប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ គាត់នឹងប្រកាស។ ចំណែកយើងកំពុងរង់ចាំដូចគ្នា។ ការចរចានេះយើងបានបញ្ជាក់ច្បាស់ណាស់ជុំវិញបញ្ហាទាំងនេះ។យើងបានឱ្យសហរដ្ឋអាមេរិកពិចារណាកុំយកអត្រាពន្ធខ្ពស់ដែលបង្កការប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជា។
គួរបញ្ជាក់ថាកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសកម្ពុជាដល់ទៅ៤៩ភាគរយ ដោយសារសហរដ្ឋអាមេរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយកម្ពុជាក្នុងកម្រិត៩៧ភាគរយ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តខិតខំចរចាបញ្ហាពន្ធជាមួយអាមេរិក ដោយយកចិត្តទុកដាក់បំផុត៕
ដោយ៖ មករា រូបថត៖ សួស សាវី





