អ្នកវិនិយោគចិនបោះទុន៥០០លានដុល្លារ ដើម្បីផលិតថាមពលពន្លឺព្រះអាទិត្យ (សូឡា) នៅខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥--
អ្នកវិនិយោគជនជាតិចិន លោក Si Juchen បាននិយាយថា ក្រុមហ៊ុនរបស់លោកគឺ Dongbaishan Holding Group Co., Ltd. and its subsidiaries និងទម្លាក់ទុនប្រមាណ៥០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់រោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ (សូឡា) ក្នុងខេត្តកំពង់ស្ពឺ ដែលនឹងចាប់ផ្តើមនៅអំឡុងពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥នេះ លើផ្ទៃដីប្រមាណជិត៦០០ហិកតា។ អ្នកវិនិយោគរូបនេះបាន លើកឡើងដូច្នេះក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅសាលបដិសណ្ឋារកិច្ចសាលាខេត្តកំពង់ស្ពឺ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។

លោក Si Juchen បានបញ្ជាក់ថា ក្រុមហ៊ុន Dongbaishan Holding Group Co.,ltd. and its subsidiaries បានដំណើរការមានរយ:ពេលជាង២០ឆ្នាំមកហើយនៅប្រទេសចិន ហើយដោយមើលឃើញពីឱកាសការងាររកស៊ី ក្រុមហ៊ុនក៏បានសហការជាមួយសមាគមសហគមន៍អភិវឌ្ឍន៍កម្ពុជា ចិន និងក្រុមហ៊ុន SL sunligth green energy sorlapower co.ltd បោះទុន៥០០លានដុល្លារសហរដ្ឋអាមេរិកវិនិយោគលើការងារនេះដោយជ្រើសរើសយកខេត្តកំពង់ស្ពឺជាខេត្តគោលដៅ។ ហើយនៅពេលដែលរោងចក្រចាប់ដំណើរការ នឹងអាចផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងខេត្តនេះក្នុងរង្វង់ពី១៥០០នាក់ទៅ៣០០០នាក់។

ក្នុងជំនួបនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានបង្ហាញពីការគ្រាំទ្រយ៉ាងពេញទំហឹងចំពោះការវិនិយោគលើផ្នែកថាមពលកកើតឡើងវិញតែមួយគត់នៅក្នុងខេត្តកំពង់ស្ពឺ និងបានសន្យាផ្តល់ការគាំទ្រ សម្របសម្រួលគ្រប់បែបយ៉ាងចំពោះផ្នែកច្បាប់ និងនីតិវិធីផ្សេងៗដើម្បីឱ្យដំណើរការនៃរោងចក្រនេះប្រព្រឹត្តបានរលូន។

ទន្ទឹមនឹងនោះ លោកក៏បានថ្លែងអំណរគុណផងដែរដល់អ្នកវិនិយោគដែលបានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺការដឹកនាំប្រកបដោយភាពប៉ិនប្រសប់និងគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបោះទុនវិនិយោគនៅប្រទេសកម្ពុជាហើយជ្រើសរើសយកខេត្តកំពង់ស្ពឺជាខេត្តគោលដៅ។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ផងដែរថា បច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសប្រមាណ២៤៤២រោងចក្រ សហគ្រាស ក្នុងនោះមានអ្នកវិនិយោគប្រមាណជាង៩០ភាគរយជាជនជាតិចិន៕
ដោយ លឹម សាន្ត





