ខេត្តបន្ទាយមានជ័យជំរុញខ្លាំងការអប់រំទប់ស្កាត់ការជួញដូរមនុស្ស និងបញ្ហាសង្គមសំខាន់ៗផ្សេងទៀត
AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥--
រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំព្រឹត្តិការណ៍អប់រំ និងផ្សព្វផ្សាយដ៏សំខាន់មួយ ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ និងការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ ដោយពិធីនេះបានប្រារព្ធធ្វើឡើងនៅវិទ្យាល័យជប់វារី ស្រុកព្រះនេត្រព្រះ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ត្រីរាជការ អង្គការសង្គមស៊ីវិល លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណជាង ២៥០នាក់។

ក្នុងឱកាសនោះ លោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ) បានអញ្ជើញជាអធិបតីតំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការយល់ដឹង និងការចូលរួមរបស់សហគមន៍ទាំងមូលក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលជាឧក្រិដ្ឋកម្មឆ្លងដែនដ៏សាហាវ និងរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកស្រីបានលើកឡើងថាអំពើជួញដូរមនុស្សកំពុងតែជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សង្គមជាតិយើង។ ជនល្មើសតែងតែប្រើល្បិចបោកបញ្ឆោតគ្រប់រូបភាព ដើម្បីទាក់ទាញជនរងគ្រោះ ជាពិសេសបងប្អូនដែលមិនទាន់យល់ដឹងច្បាស់ពីហានិភ័យ។ យើងទាំងអស់គ្នាត្រូវតែចូលរួមជាកម្លាំងចលករ ដើម្បីទប់ស្កាត់ និងបំបាត់នូវអំពើអសីលធម៌នេះពីសង្គមយើង។ លោកស្រីបានបន្តទៀតថា ការអប់រំគឺជាគន្លឹះដ៏សំខាន់ក្នុងការបង្ការជនរងគ្រោះមិនឱ្យធ្លាក់ក្នុងកណ្ដាប់ដៃក្រុមជនខិលខូច។

លោកស្រីក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករចំណាកស្រុក ឱ្យស្វែងយល់ឱ្យបានច្បាស់លាស់ពីនីតិវិធីនៃការធ្វើចំណាកស្រុកដោយស្របច្បាប់ និងប្រកបដោយសុវត្ថិភាព ដើម្បីចៀសវាងការរងគ្រោះដោយការបោកបញ្ឆោត ឬការកេងប្រវ័ញ្ចផ្សេងៗ។ ការធ្វើចំណាកស្រុកដោយគ្មានឯកសារត្រឹមត្រូវ គឺប្រៀបដូចជាការដើរចូលទៅក្នុងអន្ទាក់ ដែលអាចនឹងប្រឈមនឹងគ្រោះថ្នាក់ជាច្រើន ដូចជាការកេងប្រវ័ញ្ចពលកម្ម ការបង្ខំឱ្យធ្វើការងារដោយគ្មានប្រាក់ឈ្នួល ឬសូម្បីតែការជួញដូរផងដែរ។
ទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យា លោកស្រីបានគូសបញ្ជាក់ពីគ្រោះថ្នាក់នៃការប្រើប្រាស់ប្រព័ន្ធអនឡាញរបស់កុមារដោយគ្មានការត្រួតពិនិត្យ។ បច្ចុប្បន្ន កុមារបានចំណាយពេលច្រើនជាមួយទូរស័ព្ទ និងអ៊ីនធឺណិត ដែលអាចធ្វើឱ្យពួកគេប្រឈមនឹងការយាយីតាមប្រព័ន្ធអ៊ីនធឺណិត ការលួងលោមបោកបញ្ឆោត ឬការទទួលរងឥទ្ធិពលពីមាតិកាមិនសមរម្យ។ ឪពុកម្តាយ និងអាណាព្យាបាលត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាន និងអប់រំកូនៗឱ្យចេះប្រើប្រាស់ប្រព័ន្ធអនឡាញប្រកបដោយការទទួលខុសត្រូវ។

លោកស្រីបានលើកឡើងពីផលវិបាកអវិជ្ជមាននៃការរៀបអាពាហ៍ពិពាហ៍ និងការមានផ្ទៃពោះនៅវ័យក្មេង ដែលអាចប៉ះពាល់ដល់ការអប់រំ សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់យុវវ័យ។ ការរៀបការនៅវ័យក្មេង គឺមិនត្រឹមតែបាត់បង់ឱកាសក្នុងការបន្តការសិក្សាប៉ុណ្ណោះទេ ថែមទាំងអាចបង្កបញ្ហាដល់សុខភាពមាតា និងទារកទៀតផង។ យុវវ័យគួរតែផ្តោតសំខាន់លើការសិក្សា និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីអនាគតដ៏ភ្លឺស្វាង។
លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ ក៏បានចូលរួមថ្លែងនៅក្នុងពិធីនេះផងដែរ ដោយបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីអប់រំនេះ និងបានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត និងអង្គការដៃគូ ជាពិសេសអង្គការទស្សនៈពិភពលោក (World Vision) ដែលបានសហការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈប្រយោជន៍នេះ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន ឱ្យចូលរួមអនុវត្តតាមការណែនាំនានា ដើម្បីរួមចំណែកកាត់បន្ថយបញ្ហាសង្គមទាំងនេះនៅក្នុងសហគមន៍របស់ខ្លួន។
សូមជម្រាបថា តាមរយៈកម្មវិធីអប់រំ និងផ្សព្វផ្សាយដ៏ទូលំទូលាយនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ រំពឹងថានឹងអាចបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋ កាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស និងលើកកម្ពស់សុវត្ថិភាពសង្គម ជាពិសេសសម្រាប់កុមារ និងយុវវ័យ។ ការសហការរវាងអាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល និងសហគមន៍ គឺជាគន្លឹះដ៏សំខាន់ក្នុងការសម្រេចបាននូវគោលដៅប្រកបដោយចីរភាពនេះ៕
ដោយ ឈុន សារ៉ាត





