ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសិង្ហបុរី
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ -- តាមការអញ្ជើញរបស់ឯកឧត្តម K. Shanmugam រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជាទៅបំពេញទស្សនកិច្ចការងាររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី។

ក្នុងដំណើរបំពេញទស្សនកិច្ចការងារនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម K. Shanmugam និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងគោលបំណងដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជាក៏នឹងមានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋសិង្ហបុរី និងការធ្វើទស្សនកិច្ចទីតាំងសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការងារផ្តល់សេវាសាធារណៈ និងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញផងដែរ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





