ឯកឧត្តមបណ្ឌិត យ៉េត វីណែល សំណេះសំណាលជាមួយនិវត្តន៍ជនថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាខាពន្ធដារ សាខាគយ និងរដ្ឋាករ និងរតនាគារខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានកិត្តិយសសមាគមន៍សង្គហៈមិត្តបុគ្គលិក មន្ត្រីរាជការ លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ លោក លី ពេជ្រវីរៈ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ប្រធាន អនុប្រធាន សាខាគយនិងរដ្ឋាករខេត្ត សាខាពន្ធដារខេត្ត រតនាគារខេត្តនិងមន្ត្រីរាជការបានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយនិវត្តជន ថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាខាពន្ធដារ សាខាគយនិងរដ្ឋាករនិងរតនគារខេត្តកំពង់ធំនាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២ ៥នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

លោក លី ពេជ្រវីរៈ បានលើកឡើងថាដើម្បីធ្វើការសំណេះសំណាល សួរសុខទុក្ខ ជាមួយ អតីតថ្នាក់ដឹកនាំនិងមន្ត្រីរាជការចូលនិវត្តនៅអង្គភាពក្រោមឱវាទនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយក្តីនឹករលឹក។ នេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ព្រមទាំង ក្រសួងក៏ដូចជាសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ ចំពោះសុខទុក្ខរបស់ លោក-លោកស្រី ដែលជានិវត្តជនជាអតីតថ្នាក់ដឹកនាំ មន្ត្រីរាជការនៅ អង្គភាពថ្នាក់មូលដ្ឋានក្រោមឱវាទ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅក្នុងខេត្តកំពង់ធំ។ និវត្តន៍ជនដែលបានអញ្ជើញចូលរួមក្នុងពិធីនាឱកាសនេះមិនបានអញ្ជើញមកគ្រប់គ្នានៅឡើយទេដោយសារ មានទីលំឋាននៅឆ្ងាយ និងមួយចំនួនទៀត ចាស់ជរា មានជំងឺប្រចាំកាយ និងមួយចំនួនទៀតជាប់រវល់បំពេញភារកិច្ចផ្ទាល់ខ្លួន។

ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថាដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងឱ្យតម្លៃទៅលើនិវត្តនជាជនដែលបានខិតខំបំពេញការងារនៅក្នុងមន្ទីរអង្គភាពរបស់ខ្លួនកន្លងមកមានការរីកចម្រើនជាលំដាប់ដូច្នេះប្រសិនបើនិវត្តន៍ជនមានបញ្ហាសុខភាព មរណភាព ក្រសួងនិងរៀបចំជាកញ្ចប់ថវិកា ដើម្បីចុះសួរសុខទុក្ខនិងផ្ដល់ថវិកាសម្រាប់អ្នកមរណភាពដើម្បីឱ្យក្រុមគ្រួសារពួកគាត់យកទៅប្រើប្រាស់ឱ្យបានសមស្របមានតម្លាភាពផងដែរ។

សូមបញ្ជាក់ថាស្ថិតិមន្ត្រីរាជការដែលបានចូលនិវត្តន៍របស់អង្គភាពនៅថ្នាក់មូលដ្ឋានស្ថិតក្រោមឱវាទ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងខេត្តកំពង់ធំមាននិវត្តជនសរុបចំនួន៤៩នាក់ (ស្រី៤៩នាក់) រួមមាន÷១-មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តចំនួន២១នាក់(ស្រី០៥នាក់)។២-រតនាគារខេត្តចំនួន០៦នាក់ (ស្រី០១នាក់)។ ៣-សាខាពន្ធដារខេត្តចំនួន២២នាក់(ស្រី០៦នាក់)។ ៤-សាខាគយនិងរដ្ឋាករខេត្តពុំមាននិវត្តន៍ជននោះទេ។និវត្តន៍ជនម្នាក់ទទួលបានថវិកា១៥ម៉ឺនរៀលជាថវិការបស់សមាគមសង្គហមិត្តបុគ្គលិកមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងក្រម៉ា១ជាអំណោយរបស់លោកជំទាវ អ៊ឹម ប៉ូលីកា អូនព័ន្ធ មុនីរ័ត្ន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
ដោយ ស៊ុម វណ្ណា





