ក្រុមប្រឹក្សាខេត្តព្រះសីហនុបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤
AKP ព្រះសីហនុ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥។

កិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី៤ មានរបៀបវារៈចំនួន៦ រួមមាន៖ ១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤។ ២.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ៣.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ៤.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥)។ ៥.ស្តាប់របាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត គណៈកម្មាធិការលទ្ធកម្មខេត្ត គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត ការិយាល័យប្រជាពលរដ្ឋខេត្ត និង៦. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្តព្រះសីហនុ ប្រចាំខែមិថុនា ឆ្នាំ២០២៥។

បន្ទាប់ពីស្តាប់របាយការណ៍ពីរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខេត្តព្រះសីហនុរួចមក ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានធ្វើការបូកសរុប វាយតម្លៃចំពោះប្រតិទិនការងាររបស់ក្រុង ស្រុក ដែលបានដាក់ចេញនិងអនុវត្តទទួលបានលទ្ធផលផ្លែផ្កាក្នុងការចូលរួមជាមួយរដ្ឋបាលខេត្ត ជាពិសេសការអភិវឌ្ឍមូលដ្ឋាន ការចូលរួមសុខទុកជាមួយបងប្អូនប្រជាពលរដ្ឋ ម្យ៉ាងទៀតការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គឺជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់រូប ទន្ទឹមនោះត្រូវត្រួតពិនិត្យអំំពីបញ្ហាគ្រឿងញៀន និងក្មេងទំនើងជាប់ជាប្រចាំនៅក្នុងមូលដ្ឋានដោយសហការជាមួយប្រជាពលរដ្ឋទើបយើងអនុវត្តទទួលបានជោគជ័យ ប្រសិនបើមិនមានការចូលរួម ពីបងប្អូនប្រជាពលរដ្ឋការបំពេញតួនាទីរបស់មន្ត្រីអនុវត្តច្បាប់ ពិតជាមានចន្លោះប្រហោះជាក់ជាមិនខាន។

ឯកឧត្តម ប្រធានក្រុមប្រឹក្សា បានបញ្ជាក់ថា ក្រៅពីការងារសន្តិសុខ សុវត្ថិភាពសាធារណ យើងត្រូវគិតគូពីបញ្ហាបដិសណ្ឋាកិច្ចចំពោះភ្ញៀវទេសចរ និងអ្នកវិនិយោគ ព្រោះខេត្តព្រះសីហនុជាខេត្តទេសចរណ៍តំបន់ឆ្នេរ ក្នុងការទាក់ទាញការវិនិយោគពីក្រៅប្រទេស និងក្នុងប្រទេសដោយសារយើងមានផ្លូវគមនាគមន៍ដូចជា ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ក្នុងការដឹកជញ្ជូនមានភាពប្រទាក់ក្រឡាគ្នាទៅកាន់ពិភពលោកមានភាពងាយស្រួល៕
ដោយ ងូ សុមុនី





