ស្ពានមិត្តភាពកម្ពុជា-ចិន ខេត្ត ក្រចេះ ត្រូវបានបើកពិធីចាក់បេតុងភ្ជាប់តំណចុងក្រោយដែលជាតំណាក់កាលសំខាន់ សម្រាប់បម្រើលើវិស័យដឹកជញ្ជូន
AKP ក្រចេះ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥-- ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះត្រូវបានរៀបចំពិធីចាក់បេតុងតំណភ្ជាប់ដ៏សំខាន់ចុងក្រោយ ដែលជាសមិទ្ធផលក្នុងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនសម្រាប់បម្រើលើវិស័យដឹកជញ្ជូននៅកម្ពុជា។ ពិធីរៀបចំចាក់បេតុងតភ្ជាប់មុខតំណបំពេញតួស្ពានតំណាក់កាលចុងក្រោនេះដែរ ត្រូវបានធ្វើឡើងដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។

ស្ពានមិត្តភាពកម្ពុជា-ចិន ទន្លេមេគង្គនេះ ស្ថិតនៅភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់ស្ពាននេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

គួរបញ្ជាក់ថាការចំណាយសាងសង់ស្ពាននេះក្នុងថវិកាសរុបជាង១១៤លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះនេះ មានប្រវែង ១៧៦១ម៉ែត្រ ដោយ បានអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។ ស្ពាននេះដែរប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ និងបញ្ចប់នៅក្នុងឆ្នាំ២០២៦ខាងមុខ។

ដោយឡែកចំពោះស្ពាននេះមានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ ស្ពាននេះស្ថាបនាឡើងមានមុខកាត់ទទឹងជាង១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន២គន្លងទៅមក គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន២គន្លងទៅមក និងផ្លូវថ្មើរជើងចំនួន ២គន្លងទៅមក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។

ដោយឡែកផ្លូវតភ្ជាប់មានប្រវែងជិត ៣២គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែងជាង ១៥គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែងជាង ១៦គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះសាងសង់ពង្រីក និងលើកកម្រិតគុណភាពដោយក្រាលបេតុងកៅស៊ូ(AC) កម្រាស់៧សង់ទីម៉ែត្រដូចគ្នា។ ក្នុងនោះកំណាត់ផ្លូវ៤ខ្សែប្រវែងជិត២៧គីឡូម៉ែត្រ ស្ថាបនាពង្រីកទទឹងចាប់ពី៩ម៉ែត្រ រហូតដល់១៣ម៉ែត្រ លើតួផ្លូវចាប់ពី១១ម៉ែត្រ រហូតដល់ជិត២០ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែ ប្រវែងជាង៥គីឡូម៉ែត្រ ពង្រីកទទឹង១៩ម៉ែត្រ លើតួផ្លូវ៣០ម៉ែត្រ ដែលមានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ចំនួន៤គន្លង ដែល២ទៅ ២មក គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លង ដោយ១ទៅ ១មក និងមានសួនពុះទ្រូងផ្លូវនៅចំកណ្តាលប្រវែង ៤ម៉ែត្រផងដែរ។

បើតាមការបញ្ជាក់ពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាកន្លងមកបានឱ្យដឹងថាផ្លូវនេះគឺជាផ្នែកមួយនៃផ្លូវជាតិលេខ៦០B តភ្ជាប់ពីខេត្តក្រចេះទៅខេត្តកំពង់ធំដែលមានភាពប្រទាក់ក្រឡាជាមួយផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗដូចជាត្រើយខាងលិចតភ្ជាប់ជាមួយផ្លូវជាតិលេខ៦ត្រង់ផ្លូវបំបែកកំពង់ថ្ម ខេត្តកំពង់ធំ បន្តឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវជាតិលេខ៧១A តាមបណ្តោយមាត់ទន្លេមេគង្គឆ្ពោះទៅខេត្តស្ទឹងត្រែងនៅផ្នែកខាងលើ និងឆ្ពោះទៅខេត្តកំពង់ចាមនៅផ្នែកខាងក្រោមទន្លេមេគង្គ។ ដោយឡែកចំពោះផ្នែកត្រើយខាងកើតវិញតភ្ជាប់ទៅផ្លូវជាតិលេខ៧ឆ្ពោះទៅខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែ ឆ្ពោះទៅខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តកំពង់ចាមឬខេត្តព្រៃវែង និងបន្តឆ្ពោះទៅកាន់រាជធានីភ្នំពេញ៕
ដោយ៖ មករា រូបថត៖ លោក សួស សាវី





