ឯកឧត្តម អ៊ុំ រាត្រី៖ ការស្ថាបនា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាអាទិភាពមួយដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ការស្ថាបនា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាអាទិភាពមួយដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត។ ការលើកឡើងយ៉ាងដូច្នេះក្នុងឱកាសឯកឧត្តម អ៊ុំ រាត្រី បានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់នូវការកែលម្អផ្លូវមួយខ្សែដ៏សំខាន់ ដែលមានប្រវែងជិត ៥.០០០ ម៉ែត្រ តភ្ជាប់ពីសង្កាត់ព្រះពន្លា ទៅសង្កាត់កោះពងសត្វ ក្នុងក្រុងសិរីសោភ័ណកាលពីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥។ ការចុះពិនិត្យនេះគឺដើម្បីធានាថាការងារចាក់ល្បាយដីលាយថ្ម កៀរ និងបង្ហាប់ ត្រូវបានអនុវត្តប្រកបដោយគុណភាព ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស។

ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងទៅកាន់ក្រុមការងារ និងប្រជាពលរដ្ឋដែលបានមកជួបជុំគ្នានៅទីនោះថា ការកែលម្អផ្លូវនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្មួយៗសិស្សានុសិស្ស ក្នុងការធ្វើដំណើរប្រចាំថ្ងៃ។ កាលពីមុន ផ្លូវនេះមានការលំបាកក្នុងការធ្វើដំណើរ ជាពិសេសនៅរដូវវស្សា ដែលបង្កផលលំបាកដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅសិក្សារបស់ក្មួយៗ។

ឯកឧត្តមបានបន្តទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចអាជ្ញាធរខេត្តជានិច្ចកាល គឺយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយការស្ថាបនា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាអាទិភាពមួយដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូន។ យើងសង្ឃឹមថា ក្រោយពីផ្លូវនេះត្រូវបានកែលម្អរួចរាល់ ប្រជាពលរដ្ឋនឹងអាចធ្វើដំណើរទៅមកដោយងាយស្រួល ប្រកបរបរចិញ្ចឹមជីវិតបានល្អប្រសើរ និងក្មួយៗសិស្សានុសិស្សក៏អាចទៅសាលារៀនបានទាន់ពេលវេលា និងមានសុវត្ថិភាព។

លោក ឈាន សុខា អាយុ ៤៥ ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅសង្កាត់ព្រះពន្លា ដែលមានមុខរបរជាកសិករ បានសម្តែងនូវក្តីរីករាយយ៉ាងក្រៃលែងចំពោះការកែលម្អផ្លូវនេះ។ លោកបានថ្លែងទាំងទឹកមុខញញឹមថា ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលផ្លូវនេះត្រូវបានគេជួសជុល។ កាលពីមុន ពេលដឹកកសិផលទៅលក់នៅផ្សារ កំណាត់ផ្លូវលំបាកខ្លាំងណាស់ ឥឡូវផ្លូវស្អាតអ៊ីចឹង ងាយស្រួលដឹកជញ្ជូន ហើយសន្សំសំចៃពេលវេលាបានច្រើន។

ចំណែកឯ កញ្ញា ដាវី អាយុ ១៦ ឆ្នាំ ជាសិស្សានុសិស្សដែលកំពុងសិក្សានៅវិទ្យាល័យក្នុងក្រុងសិរីសោភ័ណ ក៏បានបង្ហាញពីអារម្មណ៍សប្បាយរីករាយផងដែរ។ កញ្ញាបានលើកឡើងថា កាលពីមុន ខ្ញុំជិះកង់ទៅសាលារៀនជួបការលំបាកណាស់ ជាពិសេសពេលភ្លៀងម្តងៗ ផ្លូវវក់ភក់ លិចទឹក ហើយជួនកាលកង់ក៏ដួល។ តែឥឡូវផ្លូវស្រួលអ៊ីចឹង ខ្ញុំអាចទៅសាលាបានលឿនជាងមុន ហើយក៏មិនសូវបារម្ភពីគ្រោះថ្នាក់ដែរ។ ខ្ញុំសូមអរគុណដល់ឯកឧត្តមអភិបាលខេត្តដែលបានជួយកែលម្អផ្លូវនេះ។
ការកែលម្អផ្លូវពីសង្កាត់ព្រះពន្លា ទៅសង្កាត់កោះពងសត្វនេះ មិនត្រឹមតែបានសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាព និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះផងដែរ៕
ដោយ ឈុន សារ៉ាត





