លោកជំទាវ សុវណ្ណ វណ្ណារ័ត្ន ដឹកនាំក្រុមហ៊ុនចំនួន៨ មកជ្រើសរើសពលករឱ្យចូលបម្រើការងារប្រមាណជាង៦០០កន្លែងនៅស្រុកស្ទោង
AKP កំពង់ធំ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥-- លោក ជំទាវ សុវណ្ណ វណ្ណារ័ត្ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំក្រុមហ៊ុនចំនួន៨មកជ្រើសរើសពលករឱ្យចូលបម្រើការងារប្រមាណជាង៦០០កន្លែងនៅស្រុកស្ទោង។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃនៅឃុំព្រះដំរី និងឃុំសំព្រោជ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចទាំងទ្វេតែងគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមាលភាពជីវភាពពុកម៉ែបងប្អូនប្រជាពលករដែលទើបធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសថៃនៅក្នុងបរិបទដែលប្រទេសទាំងពីរកំពុងមានបញ្ហាព្រំដែននឹងគ្នា។

ជាមួយគ្នានេះដែរ លោកជំទាវបានបង្ហាញនូវក្រុមហ៊ុនចំនួន៨ដែលកំពុងត្រូវការកម្លាំងពលករសម្រាប់ចូលបម្រើការងារជាក់ស្ដែងភ្លាមៗ ដែលពុកម៉ែបងប្អូនអាចដាក់ពាក្យនៅក្នុងឱកាសនេះតែម្ដងព្រមទាំងទទួលបាននូវការលើកទឹកចិត្តនូវទឹកប្រាក់ចំនួន៣០ដុល្លារ ក្នុងម្នាក់ សម្រាប់សោហ៊ុយក្នុងការធ្វើដំណើរទៅកន្លែងការងារថែមទៀតផង។ នៅក្នុងកន្លែងការងារទាំងនេះគឺបងប្អូនពលករនឹងទទួលបាននូវការស្នាក់នៅថ្លៃទឹកថ្លៃភ្លើង ព្រមទាំងអាហារហូបចុកដោយឥតគិតថ្លៃដែលជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីថៅកែក្រុមហ៊ុនផងដែរ។លោកជំទាវបានជំរាបដល់កម្មករថាត្រូវចាត់ទុកកន្លែងធ្វើការគឺជាឆ្នាំងបាយដែលមិនចេះរីងស្ងួតរបស់ខ្លួន។

ទន្ទឹមនឹងនេះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់គ្រប់ប្រធានមណ្ឌលសុខភាពទាំងអស់ក្នុងស្រុកស្ទោងក៏ដូចជាមន្ទីរពេទ្យបង្អែកស្ទោងត្រូវផ្ដល់សេវា និងថែទាំព្យាបាលជំងឺជូនប្រជាពលករដែលទើបធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃដោយគិតថ្លៃទោះពួកគាត់គ្មានបណ្ណក្រីក្រ ឬបណ្ណសមធម៌ក៏ដោយ។

សូមបញ្ជាក់ថា នៅចម្ការកៅស៊ូឃុំពពកស្រុកស្ទោងខេត្តកំពង់ធំត្រូវការកម្លាំងកម្មករប្រមាណ១០០នាក់ ហើយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវការចង់បានការងារធ្វើសូមទាក់ទងទៅលេខពិសេស១២៩៧ដោយឥតគិតថ្លៃ៕
ដោយ ស៊ុម វណ្ណា





