អាជ្ញាធរខេត្តកំពង់ឆ្នាំងចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រកបការងារសេវាកម្មទេសចរណ៍
AKP កំពង់ឆ្នាំង ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រកបការងារសេវាកម្មទេសចរណ៍នៅកំពង់ផែដើមពោធិ៍ផ្សារក្រោម ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ អមដំណើរដោយលោក សាន់ យូ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ កងកម្លាំងប្រដាប់អាវុធ និងអង្គភាពជំនាញទេសចរណ៍ខេត្តផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ពិធីសំណេះសំណាលនេះមានគោលបំណងឈ្វេងយល់អំពីជីវភាពរស់នៅ និងបញ្ហាប្រឈមនានា ព្រមទាំងក្ដីកង្វល់របស់បងប្អូនដែលទទួលភារកិច្ចផ្នែកដឹកជញ្ជូនប្រកបការងារសេវាកម្មទេសចរណ៍ និងការយកចិត្តទុកដាក់មានភាពរួសរាយរាក់ទាក់ជាមួយភ្ញៀវជាតិ-អន្តរជាតិ និងកុំប្រព្រឹត្តអ្វីនាំឱ្យភ្ញៀវមានការថ្នាំងថ្នាក់។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គមនិងមានការអភិវឌ្ឍលើគ្រប់វិស័យ។ នាពេលបច្ចុប្បន្នបាននិងកំពុងយកចិត្តទុកដាក់ក្នុងការស្ដារហេដ្ឋារចនាសម្ព័ន ផ្លូវ ថ្នល់ ស្ពាន សាលារៀនគ្រប់កម្រិត វត្តអារាម ស្រះទឹក ប្រឡាយ សំណង់អគារខ្ពស់ៗ ដែលកត្តាទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ ស្របតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដែលបានដាក់ចុះ។

ឯកឧត្តមអភិបាលខេត្តបានជំរុញដល់ កម្មករ និយោជិត បុគ្គលិក និងមន្រ្តីរាជការនៃកំពង់ផែស្វយ័តកំពង់ឆ្នាំងទាំងអស់បង្កើនសមត្តភាព និងមានសុជីវធម៌ដល់ភ្ញៀវជាតិ-អន្តរជាតិ ទាំងការធ្វើដំណើរផ្លូវទឹកនិងផ្លូវគោកជាដើម។ ចរាចរណ៍ផ្លូវគោក សុជីវធម៌ក្នុងការបើកបរ ការប្រើប្រាស់ល្បឿនក្នុងការបើកបរ សិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ ហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង អត្ថប្រយោជន៍នៃមួកសុវត្ថិភាព ការត្រួតពិនិត្យទោចក្រយានយន្ត កម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរប្រើលើទូរស័ព្ទដៃ។ល។ រួមសាមគ្គីគ្នាថែរក្សានូវសុខសន្តិភាព និងសូមបន្តថែរក្សានូវអ្វីៗដែលជាសមិទ្ធផលយើងមានសព្វថ្ងៃនេះគឺជាមោទនភាពរបស់រាជរដ្ឋាភិបាលដើម្បីប្រទេសមានការអភិវឌ្ឍ៕

ដោយ បៃ ស៊ីថុន





