ព្រះករុណា ព្រះមហាក្សត្រ៖ ការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជួយថែរក្សានិងអភិរក្សប្រាសាទឱ្យបានស្ថិតស្ថេរគង់វង្ស និងប្រកបដោយចីរភាព នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥--ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជឱង្ការ សូមកោតសរសើរដ៏ស្មោះ ចំពោះការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលការ ចុះបញ្ជីនេះ ជាសម្បត្តិវប្បធម៌ជាតិផង និងជាបេតិកភណ្ឌពិភពលោកផង ជួយថែរក្សានិងអភិរក្សប្រាសាទព្រះវិហារ ឱ្យបានស្ថិតស្ថេរគង់វង្ស និងប្រកបដោយចីរភាពរភាព នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមព្រះរាជសាររបស់ព្រះអង្គ ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៧ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៥) ចេញផ្សាយថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងព្រះរាជសារ ព្រះករុណាព្រះមហាក្សត្រ បានគូសបញ្ជាក់ថា នៅក្នុងឱកាសខួបជាប្រវត្តិសាស្ត្រ ១៧ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ កន្លងទៅ ដោយអង្គការយូណេស្កូ (UNESCO) ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមា សូមចូលរួមអបអរសាទរជាមួយ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត។ ព្រះអង្គបានបន្ថែមថា៖ «ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរដ៏ស្មោះចំពោះការចុះប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌពិភពលោក។ ជាសម្បត្តិវប្បធម៌ជាតិផងនិងជាបេតិកភណ្ឌពិភពលោកផង ការចុះបញ្ជីនេះ ជួយថែរក្សានិងអភិរក្សប្រាសាទព្រះវិហារឱ្យបានស្ថិតស្ថេរគង់វង្សនិងប្រកបដោយចីរភាពរភាព នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា »។

ព្រះអង្គ ក៏បានសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ ព្រះរាជតម្រិះ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានយកព្រះទ័យ ទុកដាក់ ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ។ ជាងនេះទៀត ព្រះអង្គ ក៏សូមកោតសរសើរ និងអរគុណដ៏ជ្រាលជ្រៅចំពោះប្រជាជាតិកម្ពុជាទាំងអស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបន្តមកបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ រាជរដ្ឋាភិបាល និងមានការចូលរួមរៀបចំសម្របសម្រួលពី សម្តេចវិបុលបញ្ញា សុខ អាន ក្នុងកិច្ចការអភិរក្ស នេះកន្លងមក ការចុះបញ្ជីនេះ បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា បើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលពិភពលោកព្រមទទួលស្គាល់ប្រាសាទព្រះវិហារ ជាសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ ជាកេរដំណែលដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត។
ទន្ទឹមនេះដែរ ព្រះករុណាព្រះមហាក្សត្រ ក៏ សូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងការគាំទ្រជាខ្លាំង ចំពោះ អាជ្ញាធរជាតិព្រះវិហារ និងគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទព្រះវិហារ«ICC/PREAH VIHEAR» និងការថែទាំបន្ត ដែលដឹកនាំដោយសហប្រធានជាតំណាង នៃសាធារណរដ្ឋឥណ្ឌា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការទាំងអស់ ។
គួររម្លឹកដែរថា ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅក្នុងកិច្ចប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងកេប៊ិច ប្រទេសកាណាដា៕
ដោយ៖ ជឹម ណារី





