ឯកឧត្តម សាយ សំអាល់ អញ្ជើញបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ស្រុកព្រៃនប់ចំនួន ៩៩៦នាក់
AKP ព្រះសីហនុ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥-- នាព្រឹកថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ សមាជិកគណ: អចិន្ត្រៃយ៍នៃគណ:កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ អញ្ជើញបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ស្រុកព្រៃនប់ ចំនួន ៩៩៦នាក់ ស្រី ៤៧៣នាក់ មកពីឃុំចំនួន ៦ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានគណ:កម្មាធិការកណ្តាលគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិកាជាក្រុមការងារចុះមូលដ្ឋានស្រុកព្រៃនប់។

លោក អ៊ី ធារិន ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់ បានធ្វើរបាយការណ៍ស្តីពីការបញ្ចូលសមាជិកគណបក្សថ្មីស្រុកព្រៃនប់ចំនួន ៩៩៦នាក់ ស្រីចំនួន ៤៧៣នាក់ មកពីឃុំចំនួន៦ នៃស្រុកព្រៃនប់ ក្នុងនោះ ១.ឃុំជើងគោចំនួន ២៤៧នាក់ ស្រី ១១២នាក់ ២.ឃុំវាលរេញចំនួន ១២៣នាក់ ស្រី ៦៤នាក់ ៣.ឃុំសំរុងចំនួន ២២៨នាក់ ស្រី ១០៨នាក់ ៤.ឃុំអណ្តូងថ្មចំនួន ២០២នាក់ ស្រី ១០១នាក់ ៥.ឃុំទួលទទឹងចំនួន ៩៨នាក់ ស្រី ៤០នាក់ ៦.ឃុំព្រៃនប់ចំនួន ៩៨នាក់ ស្រី ៤៨នាក់។

ឯកឧត្តម សាយ សំអាល់ បានធ្វើការណែនាំដល់សមាជិកថ្មីដែលបានសម្រេចចិត្តចូលរួមជីវិតនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ការសម្រេចចិត្តនេះជាយុទ្ធសាស្ត្រមួយសម្រាប់យុវជនក្នុងស្រុកព្រៃនប់ ដែលបានសម្រេចចិត្តចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ទន្ទឹមនោះក៏មាន ឯកឧត្តម សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានគណ:កម្មាធិការគណបក្សខេត្ត បានខិតខំស្វះស្វែងដុតដៃដុតជើងទាក់ទងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ។


លោកអភិបាលស្រុកព្រៃនប់ ក៏បានបំពេញការងារស្នូលក្នុងម៉ោងធ្វើការ ហើយលោកក៏បានទៅបម្រើការងារសង្គមនៅមូលដ្ឋានជាមួយប្រជាពលរដ្ឋផងដែរ នេះជាការលះបង់ធំធេងទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ដើម្បីទាក់ទាញអ្នកវិនិយោគ ដើម្បីបង្កើតការងារជូនបងប្អុនប្រជាពលរដ្ឋនៅខេត្ត និងនៅក្រៅខេត្តរបស់យើង។ ម្យ៉ាងទៀតចំពោះបងប្អូនដែលបានវិលត្រឡប់មកពីថៃវិញ ខេត្តព្រះសីហនុមានកន្លែងការងារជាច្រើននៅរង់ចាំ បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងគិតគូរបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីទាញយកឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជា បានថែរក្សាមរតជាប្រវត្តិសាស្ត្រ និងជាខ្នងបង្អែកដ៏កក់ក្តៅ និងជាក្តីសង្ឃឹមរបស់ប្រជាជនក្នុងការដឹកនាំសង្គមជាតិបន្តឈានទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍភាពសង្គម ឆ្ពោះទៅរកអនាគតដ៏រុងរឿង។ គណបក្សប្រជាជនបានប្រកាន់ខ្ជាប់នូវគោល បំណងរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិ ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ សន្តិភាព ដោយមិនប្រកាន់ឋាន: ជីវភាព ជំនឿសាសនា អតីតកាល ការពារសមិទ្ធផលសង្គមជាតិ និងកសាងអភិវឌ្ឍប្រទេសជាតិជាបន្តបន្ទាប់៕
ដោយ ងូ សុមុនី





