បទយកការណ៍៖ សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី (AMS) លើកទី២០ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នឹងផ្តោតលើការពង្រឹងក្របខ័ណ្ឌនៃការទូតព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥--
សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី (Asia Media Summit - AMS) លើកទី២០ នៅខេត្តសៀមរាប នឹងចាប់ផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ បណ្ដាប្រព័ន្ធផ្សព្វផ្សាយ វាគ្មិនសំខាន់ៗ និងដៃគូសហការប្រមាណ ៧០០នាក់ មកពីប្រមាណ ៥០ប្រទេស នៅទូទាំងពិភពលោក គ្រោងនឹងចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ។ ព្រះរាជាណាចក្រកម្ពុជាដែលជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលនេះរំពឹងថា ព្រឹត្តិការណ៍នេះនឹងអាចជួយពង្រឹងទៅលើក្របខ័ណ្ឌនៃការទូតព័ត៌មាន ដែលសំដៅទៅលើវិស័យព័ត៌មាន និងសោតទស្សន៍ ព្រមទាំងការពង្រីកកិច្ចសហប្រតិបត្តិការតភ្ជាប់ក្នុងតំបន់ និងពិភពលោកចំពោះបញ្ហាដែលជួបប្រទះរួមគឺ ព័ត៌មានក្លែងក្លាយ ហើយជាពិសេសគឺហានិភ័យនៃការកើនឡើងនៃព័ត៌មានកែ្លងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)។
តាមរយៈព្រឹត្តិការណ៍នេះ តួអង្គទាំងអស់នឹងចូលរួមផ្លាស់ប្តូរបទពិសោធន៍ យោបល់ និងកត់ត្រាទុកនូវអនុសាសន៍ និងធាតុចូលដែលនឹងរួមចំណែកសំខាន់សម្រាប់ការអភិវឌ្ឍវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្រោមមូលបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ»។ ជាមួយនឹងសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីនេះ ក៏មានការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ី-ប៉ាស៊ីហ្វិក ដែលមានបណ្តាប្រទេសជាសមាជិកអាស៊ី-ប៉ាស៊ីហ្វិកចំនួន ២៦ប្រទេស ព្រមទាំងមានសិក្ខាសាលាពាក់ព័ន្ធនឹងការងារអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយក្នុងក្របខ័ណ្ឌអាស៊ី-ប៉ាស៊ីហ្វិកផងដែរ។

សន្តិសុខព័ត៌មានត្រូវបានពង្រឹងក្នុងអាណត្តិទី៧ នៃក្រសួងព័ត៌មាន ហើយសណ្តាប់ធ្នាប់ផ្នែកសារព័ត៌មានត្រូវបានវាយតម្លៃថា មានភាពល្អប្រសើរក្នុងរយៈពេល១ឆ្នាំជាងមកនេះ ខណៈក្រសួងព័ត៌មានបានកសាងការទូតព័ត៌មាន ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ដោយរួមគ្នាពង្រឹងប្រសិទ្ធភាព គុណភាពព័ត៌មាន និងសន្តិសុខព័ត៌មានដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងដំណាក់កាលបរិបទបច្ចេកវិទ្យាឌីជីថល។
នៅក្នុងការដឹកនាំកិច្ចប្រជុំត្រៀមសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ជាមួយថ្នាក់ដឹកនាំមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្តសៀមរាប និងមន្ត្រីជំនាញរបស់ក្រសួងព័ត៌មាន ដើម្បីធ្វើការពិនិត្យលើកិច្ចការងារសំខាន់ៗមួយចំនួនដែលត្រូវធ្វើមុន និងក្នុងពេលនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ នៅខេត្តសៀមរាប ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នេះ គឺដើម្បីពង្រឹងទៅលើក្របខ័ណ្ឌនៃការទូតព័ត៌មាន ហើយចំពោះការទូតព័ត៌មានគឺសំដៅទៅលើវិស័យព័ត៌មាន និងសោតទស្សន៍។ ក្រសួងព័ត៌មានក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលគឺត្រូវចាំបាច់រុញការតភ្ជាប់ក្នុងតំបន់ និងពិភពលោកតែម្តង ពីព្រោះបញ្ហាដែលជួបប្រទះរួមគឺ ព័ត៌មានក្លែងក្លាយ និងហានិភ័យនៃការកើនឡើងនៃព័ត៌មានកែ្លងក្លាយដែលបង្កើតឡើងដោយ AI។

« ប្រទេសនីមួយៗមានបញ្ហាដូចគ្នា រឿងបណ្តាញទំនាក់ទំនងសង្គម បញ្ហាព័ត៌មានក្លែងក្លាយ រឿង AI ដែលជ្រៀតជ្រែកក្នុងវិស័យសារព័ត៌មាន ដូច្នេះយើងត្រូវតែនិយាយអំពីការទូតព័ត៌មាន ដែលគ្រប់ប្រទេស ក្រសួង ស្ថាប័ន ក្នុងចំណោមបណ្តាប្រទេសធ្វើកិច្ចការងាររួមគ្នាដើម្បីពង្រឹងប្រសិទ្ធភាព និងគុណភាពព័ត៌មាន»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្តម នេត្រ ភក្ត្រា។
AMS គឺជាការជួបជុំគ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញៗនៃប្រព័ន្ធផ្សព្វផ្សាយដែលបានធ្វើឡើងជារៀងរាល់ឆ្នាំ។ ឯកឧត្តម ប៉ាង ណាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានរៀបចំសន្និសីទកំពូល AMS លើកទី២០ មានប្រសាសន៍ឱ្យដឹងថា៖ AMS នឹងរៀបចំឡើងនៅក្នុងខេត្តសៀមរាប ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ»។ កិច្ចប្រជុំនេះគ្រោងអញ្ជើញអ្នកចូលរួមមកពីបណ្ដាប្រព័ន្ធផ្សព្វផ្សាយវាគ្មិនសំខាន់ៗ និងដៃគូសហការប្រមាណ ៧០០ នាក់នៅទូទាំងពិភពលោកដើម្បីជួយផ្សព្វផ្សាយពីសក្តានុពល នៃវិស័យទេសចរណ៍ សម្បត្តិវប្បធម៌ដ៏សម្បូរណ៍បែប ភាពស្រស់ស្អាត ជាពិសេសបង្ហាញពីសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

ដើម្បីឱ្យសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី (AMS) លើកទី២០ ប្រព្រឹត្តដោយជោគជ័យ ក្រសួងព័ត៌មានបានចុះអនុស្សរណៈ ជាមួយវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) ដើម្បីរួមគ្នាចាប់ផ្ដើមអនុវត្តការងាររៀបចំកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅលើទឹកដីអង្គរខេត្តសៀមរាប ឱ្យទទួលបានជោគជ័យ។
កិច្ចប្រជុំ និងព្រឹត្តិការណ៍ពាក់ព័ន្ធទាំងអស់ ក៏ជាឱកាសមួយសម្រាប់បណ្តាប្រទេសជាសមាជិក AIBD និងអ្នកចូលរួមទាំងអស់ផ្តោតលើការពិភាក្សារកដំណោះស្រាយ និងយន្តការសមស្របគាំទ្រដល់កិច្ចខិតខំរួមដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយដែលជាបញ្ហារួមរបស់សមាជិកក្នុងតំបន់ និងរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយដើម្បីធានាភាពសុខសាន្ត និងស្ថិរភាពសេដ្ឋកិច្ចសង្គម ទាំងក្នុងតំបន់ និងក្នុងប្រទេសសមាជិកទាំងអស់។
ឯកឧត្ដម ប៉ាង ណាត បានបញ្ជាក់ថា AMS នឹងជួយឱ្យកម្ពុជាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានានៅក្នុងតំបន់ និងក្រៅតំបន់ក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីបង្កើនការយល់ដឹងជាសាធារណៈ និងធានាសន្តិសុខសង្គម។ ជាងនេះទៅទៀត អ្នកពាក់ព័ន្ធទាំងអស់ក៏អាចផ្លាស់ប្តូរនូវបទពិសោធន៍ជំរុញការបំលាស់ប្តូរឌីជីថល ពិភាក្សាអំពីក្រមសីលធម៌សារព័ត៌មានដើម្បីធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយដើរទាន់សម័យកាល អភិវឌ្ឍវិស័យប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសធានាបាននូវគុណភាព និងភាពត្រឹមត្រូវនៃព័ត៌មាន។

កម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំ សន្និសីទកំពូល AMS លើកទី១៦ នៅខេត្តសៀមរាបកាលពីឆ្នាំ២០១៩ ក្រោមប្រធានបទ៖ «ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ការផ្តោតលើការអភិវឌ្ឍទីផ្សារ»។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយប្រមាណ ៦០០នាក់ មកពី៤២ប្រទេសចូលរួម។
សូមរម្លឹកថា កាលពីឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមសន្និសីទកំពូល AMS លើកទី១៩ ដែលប្រារព្ធធ្វើនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ពេលនោះឯកឧត្តម រដ្ឋមន្ត្រី បានអំពាវនាវដល់បណ្តាប្រទេស ជាសមាជិក AIBD ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់តំបន់ ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។ គំនិតផ្តួចផ្តើមនេះ ទទួលបានការគាំទ្រ និងការសាទរពីប្រទេសសមាជិក AIBD។
នេះជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា ដែលត្រូវបាន AIBD គាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះ សន្និសីទកំពូល AMS ជាលើកទី២ ដោយសារប្រទេសកម្ពុជាមានសក្ដានុពលគ្រប់គ្រាន់នៅក្នុងការរៀបចំកិច្ចប្រជុំនេះ។ នៅក្នុងក្របខ័ណ្ឌនៃការរៀបចំ និងពង្រឹងការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន ក្រសួងព័ត៌មានបានអនុវត្តទិសដៅការងារអាទិភាពក្នុងការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រងព័ត៌មាន ដើម្បីធានាលំហព័ត៌មាន និងសន្តិសុខព័ត៌មាន ព្រមទាំងបានអនុវត្តវិធានការសមស្របក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ។

សន្និសីទកំពូល AMS គឺជាការជួបជុំរវាងក្រុមប្រព័ន្ធផ្សព្វផ្សាយ អ្នកដឹកនាំការផ្សព្វផ្សាយ អ្នកសម្រេចចិត្តលើការផ្សព្វផ្សាយ អ្នកដែលមានជំនាញលើផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងដៃគូផ្សព្វផ្សាយដទៃទៀត ហើយក៏ជាការជួបជុំប្រចាំឆ្នាំដើម្បីផ្លាស់ប្តូរបទពិសោធន៍ ដើម្បីផ្ទេរចំណេះដឹងទៅដល់អ្នកជំនាន់ក្រោយ និងដើម្បីគិតគូរពិចារណា ថាតើការរីកចម្រើននៃបច្ចេកវិទ្យាយ៉ាងណាដើម្បីរកដំណោះស្រាយនូវវិបត្តិលើប្រព័ន្ធផ្សព្វផ្សាយនាពេលកន្លងមក តើយើងត្រូវធ្វើបែបណា ដូច្នេះអ្នកដែលពាក់ព័ន្ធទាំងអស់នេះនឹងមកជួបជុំគ្នាដើម្បីផ្លាស់ប្តូរបទពិសោធន៍ ផ្ទេរចំណេះដឹង ដោះស្រាយបញ្ហាប្រឈមនាឆ្នាំកន្លងទៅ លើសកម្មភាពនៃប្រព័ន្ធផ្សព្វផ្សាយ។ អ្វីដែលកាន់តែពិសេសនោះ កិច្ចប្រជុំនេះនឹងចូលរួមលើកកម្ពស់តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការអភិវឌ្ឍ និងការឆ្លើយតបគ្រោះមហន្តរាយ ដោយមានការពិភាក្សាលើប្រព័ន្ធប្រកាសអាសន្នក្នុងការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយដើម្បីការពារអាយុជីវិតមនុស្សផងដែរ៕
ដោយ បាន ច័ន្ទតារារិទ្ធ





