កិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៥ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥--
លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៥ របស់មន្ទីរកសិកម្មខេត្ត នាថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលទាំង២ ការិយាល័យជំនាញទាំង១០ ការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុងទាំង២ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកទាំង៧ ព្រមទាំងមានការចូលរួមពីមន្រ្តីកសិកម្មឃុំផងដែរ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសែនក្រអូបនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ។

លោកប្រធានមន្ទីរបានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងផ្ដោតសំខាន់ទៅលើការត្រួតពិនិត្យលទ្ធផលសម្រេចបាន និងសកម្មភាព ដែលបាននិងកំពុងអនុវត្តសកម្មភាពរហូតមកដល់ពាក់កណ្ដាលឆ្នាំ២០២៥នេះ។ ភាគីពាក់ព័ន្ធក្នុងកិច្ចប្រជុំបានធ្វើបទបង្ហាញ ស្ដីអំពីសមិទ្ធផលសកម្មភាពបានអនុវត្ត ផែនការសកម្មភាពដែលត្រូវអនុវត្តបន្ត និងបញ្ហាប្រឈមនានា ដែលត្រូវលើកយកមកពិភាក្សារកដំណោះស្រាយ ដើម្បីជំរុញឱ្យវិស័យកសិកម្មខេត្តកំពង់ស្ពឺដំណើរការដោយរលូន និងទទួលបានជោគជ័យ។
បន្ទាប់ពីបានស្ដាប់បទបង្ហាញ លោក យឹម ណន បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធផល និងលទ្ធផលការងារដែលទទួលបានជោគជ័យ និងបានលើកអនុសាសន៍ល្អៗមួយចំនួនជួយតម្រង់ទិស៖ ១. ស្នើឱ្យក្រុមការងារទាំងអស់យកចិត្តទុកដាក់ជួយថែរក្សា ការពារអភិរក្សគ្រប់គ្រងធនធានជលផល ស្ថានភាពដំណាំ ការងារបង្កបង្កើនផល អនុផលព្រៃឈើនិងព្រៃឈើឱ្យបានគង់វង្សយូរអង្វែង។ ២. ណែនាំឱ្យក្រុមការងារគម្រោងកំណត់ពីបញ្ហាប្រឈមដែលរារាំងដល់ការអនុវត្តន៍គម្រោង ដើម្បីឱ្យគណៈកម្មការតម្រង់ទិស ពិភាក្សានិងរកដំណោះស្រាយ។ ៣. ត្រូវយកចិត្តទុកដាក់សហការអនុវត្តសកម្មភាពណាចាំបាច់ និងការងារណាដែលនៅសេសសល់ និងដោះស្រាយបញ្ហាដែលកំពុងរាំងស្ទះឬយឺតយ៉ាវ។ ៤. បង្កើនសមត្ថភាពតាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្ស និង៥. ត្រូវរៀបចំសរសេររបាយការណ៍បូកសរុប ដើម្បីបញ្ចប់គម្រោង ដែលបានអនុវត្តរយៈពេល៦ខែកន្លងមកនេះ។

ទន្ទឹមនឹងនេះ លោក យឹម ណន ក៏បានលើកឡើងប្រាប់ទៅអង្គប្រជុំអំពីគោលនយោបាយក្នុងវិស័យកសិកម្ម ដែលផ្តោតអាទិភាពលេើការធានាសន្តិសុខស្បៀង ការលើកកម្ពស់ជីវភាពកសិករ និងការរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ និងទស្សនាទាន "មានហូប មានប្រើ មានបាន និងមានរហូត" ដែលក្រសួងកំពុងជំរុញអនុវត្តយ៉ាងសកម្ម។ លោកប្រធានមន្ទីរបានសង្កត់ធ្ងន់ថា សន្តិសុខស្បៀងទាំងសម្រាប់កសិករ ទាំងសម្រាប់ប្រជាពលរដ្ឋអ្នកទទួលទានក្នុងស្រុក មិនថាក្នុងកាល:ទេស:ណា ឬសេដ្ឋកិច្ចកម្ពុជារីកចម្រើនយ៉ាងណា គឺជាអាទិភាពខ្ពស់បំផុតនៃវិស័យកសិកម្មកម្ពុជា និងបានលើកឡើងពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលកំពុងជួយដល់បងប្អូនកសិករនៅទូទាំងប្រទេសលើបច្ចេកទេសផលិតកម្ម ការសម្របសម្រួលទីផ្សារ ការរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និងការប្រមូលផ្តុំជាសហគមន៍កសិកម្មទំនើប ដោយសម្រេចបានលទ្ធផលល្អប្រសេីរជាបន្តបន្ទាប់ក្នុងការលេីកស្ទួយជីវភាពប្រជាកសិករ។

ជាមួយគ្នានេះដែរ លោក យឹម ណន បានលើកទឹកចិត្តឱ្យមន្ត្រីកសិកម្មឃុំចេះសម្របសម្រួលជាមួយរដ្ឋបាលឃុំ-ស្រុក មន្ទីរកសិកម្ម និងអង្គភាពពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពការងារ និងបន្តយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋតាមតួនាទីភារកិច្ច ដើម្បីទទួលបានការគាំទ្រ និងទំនុកចិត្តកាន់តែច្រើនថែមទៀតពីប្រជាកសិករយើង៕
ដោយ លឹម សាន្ត





