ជម្រើសជាតិសូហ្វតិន្នីសដុសខាត់បច្ចេកទេស មុនចូលរួមប្រកួតជើងឯកអាស៊ី នៅសាធារណរដ្ឋកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥--ក្រុមជម្រើសជាតិសូហ្វតិន្នីសកម្ពុជាចំនួន៦នាក់កំពុងបង្កើនការហ្វឹកហាត់ដុសខាត់គុណភាពបច្ចេកទេស ដើម្បីត្រៀមចូលរួមប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ី នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី០១-១០ ខែកញ្ញា ឆ្នាំ២០២៥។

លោក យី សារិន គ្រូបង្វឹកជម្រើសជាតិកីឡាសូហ្វតិន្នីសកម្ពុជាមានប្រសាសន៍ថា ការប្រកួតជើងឯកអាស៊ីនេះ ក្រុមជម្រើសជាតិកម្ពុជាមាន៦នាក់ ក្នុងនោះកីឡាករ ៣នាក់ និងកីឡាការិនី៣នាក់ និងគ្រូបង្វឹក២នាក់ ព្រមទាំងមន្ត្រីអាជ្ញាកណ្តាលអន្តរជាតិរបស់កម្ពុជាម្នាក់ផងដែរ នឹងចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំក្នុងអាស៊ីមួយនេះ។ លោកគ្រូ យី សារិន គូសបញ្ជាក់ថា មុនការប្រកួតនៅកូរ៉េខាងត្បូងចូលមកដល់ គឺក្រុមជម្រើសជាតិកម្ពុជាទាំង៦នាក់នឹងត្រូវចេញដំណើរទៅមុន ដើម្បីបន្តការហ្វឹកហាត់នៅទីនោះមុន រយៈពេល៣សប្តាហ៍ ក្រោមការជួយបង្ហាត់បង្រៀនបន្ថែមពីគ្រូកូរ៉េ នៅទីនោះ។

បន្ទាប់ពីការហ្វឹកហាត់ត្រៀមរបស់អត្តពលិកកម្ពុជា លោកគ្រូ យី សារិន និងគ្រូបង្វឹកម្នាក់ទៀតនឹងចេញដំណើរទៅដឹកនាំការប្រកួតផ្ទាល់តែម្តង។ គ្រូបង្វឹកជម្រើសជាតិរូបនេះបន្ថែមថា ការប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ី ឆ្នាំ២០២៥ គឺជាការចូលរួមរបស់កម្ពុជាលើកទី៣ហើយ ដោយការពីចូលរួមប្រកួតលើកមុនៗ ក្នុងព្រឹត្តិការណ៍ប្រកួតដូចគ្នានេះ គឺកម្ពុជាដណ្តើមបានចំណាត់ថ្នាក់ល្អបង្គួរដែរ ដែលពេលនោះ កម្ពុជាបានធ្លាក់ចេញពីការប្រកួតក្នុងជុំធំ ប៉ុន្តែសួហ្វតិន្នីសកម្ពុជាធ្វើបានល្អក្នុងការប្រកួតជុំមួយផ្សេងទៀត ដោយដណ្តើមបានមាស១ មេដាយប្រាក់១ និងមេដាយសំរឹទ្ធ១គ្រឿង។ ដោយឡែកសម្រាប់ការចូលរួមប្រកួតឆ្នាំ២០២៥នេះ គឺយើងនឹងប្រកួតលើវិញ្ញាសាចាស់ៗដដែល ហើយនឹងប្រកួតលើវិញ្ញាថ្មីមួយ ដែលអន្តរជាតិទើបបង្កើត ខណៈកម្ពុជាក៏មានក្តីសង្ឃឹមខ្ពស់ក្នុងការប្រជែងយកមេដាយជូនជាតិផងដែរ។
លោកគ្រូគូសបញ្ជាក់ថា សម្រាប់ការប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិសូហ្វតិន្នីសកម្ពុជា នៅតែបន្តការហ្វឹកហាត់ជាប់ជាប្រចាំ បើទោះជាការប្រមូលផ្តុំក្រោមការគ្រប់គ្រងឧបត្ថម្ភគាំទ្រប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានផុតការប្រមូលផ្តុំយ៉ាងណាក្តី។ ក្នុងការប្រមូលផ្តុំឡើងវិញរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា សហព័ន្ធបានបង្កើនការហ្វឹកហាត់ខ្លាំងក្លា ដើម្បីបង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីសូហ្វតិន្នីសកម្ពុជាឱ្យត្រៀមលើវិញ្ញាសាគោលដៅ នីមួយៗយ៉ាងល្អិតល្អន់ ក្នុងការឆ្ពោះទៅរកមេដាយជូនជាតិ៕
ដោយ ហេង ណាលីន





