លោក ឡុង ឌីម៉ង់ អញ្ជើញជាវាគ្មិនក្នុងវេទិកាកិច្ចសន្ទនាសមាគមសណ្ឋាគារ
AKP ព្រះសីហនុ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥--
លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាកិច្ចសន្ទនាជាមួយសមាគមសណ្ឋាគារខេត្តព្រះសីហនុ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ BAY OF LIHGT ស្ថិតនៅសង្កាត់រាម ក្រុងកំពង់សោម ដោយមានការចូលរួមពីម្ចាស់ និងតំណាងសណ្ឋាគារក្នុងខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥។

លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំបានចូលរួមជាវាគ្មិនជាមួយវាគ្មិនផ្សេងទៀត តាមការអញ្ជើញរបស់សមាគមសណ្ឋាគារកម្ពុជា (CHA) នៅខេត្តព្រះសីហនុ ដែលមានសមាជិក និងមិនសមាជិកសណ្ឋាគារ និងការបដិសណ្ឋារកិច្ច ដើម្បីបង្កើតវេទិកាកិច្ចសន្ទនាស្តីអំពីវិស័យបដិសណ្ឋារកិច្ចនៅខេត្តព្រះសីហនុ ដែលទាក់ទងសំខាន់ទៅលើសណ្ឋាគារ រីហ្សត រមណីយដ្ឋាន ក៏ដូចជាសេវាកម្មផ្សេងៗទៀតទាក់ទងនឹងវិស័យទេសចរណ៍ ហើយថ្ងៃនេះយើងបានធ្វើការពិភាក្សាគ្នាយ៉ាងផុលផុសស្តីពីផែនការមេរៀបចំខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីឱ្យសមាជិកទាំងអស់បានស្វែងយល់អ្វីទៅជាគំនិតសំខាន់នៃផែនការមេ ដែលត្រូវដាក់ឱ្យប្រើប្រាស់នៅពេលខាងមុខ ផែនការមេជាចំណុចទាក់ទងទៅនឹងសណ្ឋាគារ បដិសណ្ឋារកិច្ចលើវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ ថាតើយើងត្រូវតម្រង់ទិសបែបណាលើវិស័យទេសចរណ៍នេះ។ ទន្ទឹមនោះមានបទបង្ហាញទៅដល់សមាជិកមកពីសណ្ឋាគារដែលបានបោះទុនវិនិយោគនៅកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ហើយការធ្វើបដិសណ្ឋារកិច្ចចំពោះសណ្ឋាគារ រមណីយដ្ឋានផ្សេងៗ និងផលិតផលទេសចរណ៍ផ្សេងៗទៀត ដើម្បីយកមកគាំទ្រទៅនឹងវិស័យនេះដោយធ្វើឱ្យកើតចេញជារូបរាងទៅនឹងផែនការមេរបស់យើង។ វេទិកាថ្ងៃនេះ យើងបានធ្វើការជជែកគ្នាជាមួយវាគ្មិន ព្រមទាំងបានធ្វើការចែករំលែកអំពីការមើលឃើញពីចក្ខុវិស័យ ក៏ដូចជាស្ថានភាពបច្ចុប្បន្នលើវិស័យទេសចរណ៍ ក៏ដូចជាសេវាកម្មបដិសណ្ឋាកិច្ចផងដែរ ប៉ុន្តែយើងបានធ្វើការជជែកគ្នាយ៉ាងផុសផុល ហើយវាគ្មិនរបស់យើងបានបញ្ចេញមតិយោបល់រួមគ្នាដោយធ្វើយ៉ាងណា ដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មីបន្ថែមទៀត ដើម្បីឱ្យផលិតផលទេសចរណ៍ដែលកើតឡើងហើយនោះដំណើរការប្រកបដោយជោគជ័យទាំងអ្នកវិនិយោគ ប្រជាពលរដ្ឋ អ្នកទេសចរណ៍ និងវិស័យសាធារណៈ រដ្ឋបាលមូលដ្ឋានទទួលបានផលរួមគ្នាពីគម្រោងជាក់ស្តែង និងផ្តល់ផលប្រយោជន៍រួមគ្នា។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត បានរៀបចំផែនការជាច្រើនសម្រាប់ត្រៀមផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង រួមទាំងការសហការអនុវត្តកម្មវិធីជំរុញការវិនិយោគឆ្នាំ២០២៤-២០២៥ រួមទាំងការអនុវត្តជាប្រចាំកិច្ចការងាររដ្ឋបាលមូលដ្ឋាន រដ្ឋបាលខេត្ត និងស្ថាប័នជុំវិញខេត្ត ដើម្បីធ្វើយ៉ាងណាផ្តល់សន្តិសុខ សុវត្ថិភាពសាធាររណៈ សុវត្ថិភាពក្នុងការបណ្តាក់ទុន ការធ្វើអាជីវកម្ម ការធ្វើវិនិយោគនៅក្នុងខេត្ត យើងខិតខំបណ្តុះបណ្តាលសម្រួចសម្រាំងនូវចំណេះដឹង ចំណេះធ្វើ និងការយល់ដឹងអំពីចំណេះដឹងទូទៅ សម្រាប់សហគ្រិនភាពរបស់មន្ត្រីមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាជួយសហការដល់វិស័យឯកជន វិនិយោគិនបរទេស វិនិយោគិនក្នុងស្រុក ដើម្បីការពារផលប្រយោជន៍អ្នកវិនិយោគ និងអ្នកទេសចរ។

លោកអភិបាលរងខេត្តបានបន្តថា ចំពោះផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ យើងបានសិក្សាជាមួយអ្នកជំនាញផ្នែកសេដ្ឋកិច្ច ខាងនគរូបនីយកម្ម ក៏ដូចជាស្ថាប័ន ក្រសួង រាជរដ្ឋាភិបាល អង្គភាពថ្នាក់ខេត្ត ដើម្បីរួមគ្នាសម្រេចផែនការមេនេះ មកដល់បច្ចុប្បន្ននេះផែនការមេ ស្ថិតក្នុងតំណាក់កាលបញ្ចប់ទៅហើយ យើងនៅសល់ឡើយការសម្អាតចុងក្រោយ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានលេខាធិការដ្ឋានរៀចំផែនការមេកំពុងរៀបចំវេចខ្ចប់ចុងក្រោយបញ្ចប់ និងសុំគោលការណ៍អនុម័តជាផ្លូវការពីរាជរដ្ឋាភិបាលដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ។
លោកបានបន្ថែមទៀតថា យើងនៅសល់ផ្នែកអេកូទេសចរណ៍ ដែលបានក្លាយជាទីចាប់អារម្មណ៍របស់អ្នកទេសចរសម័យថ្មីដែលអាចនិយាយបានថា យុវវ័យនៅក្នុងពិភពលោកកំពុងមាននិន្នាការរកកន្លែងអេកូទេសចរណ៍ដែលមានភាពស្ងាត់ស្ងៀមសម្រាកលំហែកាយ ស្របទៅនឹងនិន្នាការពិភពលោកមានលក្ខណនុវានុវត្តថ្មីៗទាមទារឱ្យយើងបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញអ្នកទេសចរ។ សមាគមសណ្ឋាគារកម្ពុជាបានរៀបចំពិភាក្សាគ្នាអំពីនិន្នាការនៃការបង្កើតផលិតផលទេសចរណ៍បែបណា ដើម្បីបង្កើតគម្រោង ជំរុញគម្រោងឱ្យមានការចូលរួមពីអ្នកវិនិយោគលើគម្រោងសណ្ឋាគារ មានទាំងការពិភាក្សាគ្នា ស្តីពីការបណ្តុះបណ្តាលធនធានមនុស្ស លើវិជ្ជា ជីវ:ទាក់ទងវិស័យបដិសណ្ឋារកិច្ចឱ្យមានលក្ខណៈប្រកួតប្រជែង និងនវានុវត្ត៕
ដោយ ងូ សុមុនី





