គ្រូបង្គោលកម្ពុជាលើកឡើងថា កម្លាំងរបស់កីឡាករជាបញ្ហាធំ ដោយលោកចង់ឱ្យកីឡាករលេងបានពេញ៩០នាទី
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥--
លោក Koji Gyotoku គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានលើកឡើងថា កម្លាំងរបស់កីឡាករគឺជាបញ្ហាធំសម្រាប់ក្រុម ដោយអាចលេងបានពេញម៉ោង៩០នាទី បន្ទាប់ពីក្រុមជម្រើសជាតិបានប្រកួតចាញ់ក្រុមជម្រើសជាតិតាហ្ស៊ីគីស្ថាន ក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្រុមជម្រើសជាតិ កម្ពុជា បានប្រកួតមិត្តភាពចាញ់ក្រុមភ្ញៀវ តាហ្ស៊ីគីស្ថាន ក្នុងលទ្ធផល ២-១ ដោយ២គ្រាប់ជ័យជម្នះរបស់ក្រុមតាហ្ស៊ីគីស្ថាន រកបាននៅវគ្គទី២ នៅនាទី ៥១ និងនាទី៦៣ ខណៈ១គ្រាប់តាមពីក្រោយ រកបានដោយកីឡាករខ្សែបម្រើ មិន រតនៈ នៅនាទីទី៧១។ ក្រោយការប្រកួតបញ្ចប់ គ្រូបង្គោលលោក Koji Gyotoku បានគូសបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មានថា បញ្ហារបស់កីឡាករយើង គឺដោយសារពួកគាត់ខ្វះកម្លាំង។ ទាក់ទងជាមួយការលេងរបស់ពួកគេ ប្រសិនបើពួកគេឆ្លងកាត់ការលេងដោយគុណភាពខ្ពស់មួយឆ្នាំពេញ ពួកគេប្រហែលជាអាចលេងបានល្អជាងនេះ។ គ្រូបង្គោលរូបនេះបន្ថែមថា ដូចកីឡាករតាហ្ស៊ីកិស្ថាន ទោះបីជាពួកគេបានបញ្ចប់រដូវកាលក៏ពិតមែន ប៉ុន្តែពួកគេនៅតែអាចលេងបាន ដោយកម្លាំងពួកគេពេញលេញ និងអាចលេងបាន។

គ្រូបង្គោលជនជាតិជប៉ុនរបស់កម្ពុជារូបនេះលើកឡើងទៀតថា សម្រាប់លោក គឺចង់បានកីឡាករ ដែលមានកម្លាំងពេញអាចលេងបានលេងបាន ៩០នាទីពេញ ក្នុងការប្រកួត។ គួរបញ្ជាក់ថា សមាសភាពកីឡាកររបស់កម្ពុជា ទាំង២៣នាក់នៅក្នុងការប្រកួតតតាំងជាមួយក្រុមតាហ្ស៊ីគីស្ថាន គឺភាគច្រើនសុទ្ធតែជាកីឡាករអាយុក្រោម ២៣ឆ្នាំ ដោយមានចំនួនរហូតដល់ ១៦នាក់ឯណោះ៕

ដោយ ហេង ណាលីន (រូបភាព៖ FFC)





