ក្រសួងសង្គមកិច្ចបើកសិក្ខាសាលាដាក់ឱ្យអនុវត្តក្របខ័ណ្ឌស្តង់ដារគុណភាពជាតិសម្រាប់ការផ្តល់សេវាសង្គមកិច្ច នៅខេត្ដត្បូងឃ្មុំ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្ដម យៀប ម៉ាលីណូ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច និងលោក គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាគណៈអធិបតីបើកសិក្ខាសាលាដាក់ឱ្យអនុវត្តក្របខ័ណ្ឌស្តង់ដារគុណភាពជាតិ សម្រាប់ការផ្តល់សេវាសង្គមកិច្ច។

សិក្ខាសាលានេះមានការចូលរួមពីអគ្គនាយរងគោលនយោបាយសង្គមកិច្ច តំណាងនាយកដ្ឋានពាក់ព័ន្ធទាំងអស់ តំណាងមន្ទីរស.អ.យ ខេត្តកំពង់ចាម រតនគិរី មណ្ឌលគិរី ព្រៃវែង ស្វាយរៀង ក្រចេះ ស្ទឹងត្រែង និងខេត្តត្បូងឃ្មុំ។
លោកប្រធានមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកណ្ដាលស្ទឹង មណ្ឌលយុវនីតិសម្បទាកណ្ដាលស្ទឹង មណ្ឌលថែទាំ និងព្យាបាលជនវិបល្លាសស្មារតីកណ្ដាលស្ទឹង សាខាមូលនិធិជនពិការ តំណាងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ទាំង៧ក្រុង ស្រុក តំណាងអង្គការពាក់ព័ន្ធនានា និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់សរុបប្រមាណ ៨០នាក់។

សិក្ខាសាលានេះមានគោលបំណងផ្តល់ជាមគ្គុទ្ទេសក៍ជូនដល់សេវាសង្គមកិច្ចប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពជូនដល់អតិថិជន និងផ្សព្វផ្សាយជូនដល់អង្គភាពក្រោមឱវាទក្រសួងស.អ.យ. អង្គភាពពាក់ព័ន្ធ និងប្រតិបត្តិករនានា៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





