មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលថា អត្រាប្រជាពលរដ្ឋមកទទួលសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព នៅទូទាំងខេត្តសៀមរាប មានការកើនឡើងជាមុន
AKP សៀមរាប ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥--
ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តផែនការ នៃការកែលម្អមណ្ឌលសុខភាព និងការងារជំរុញបង្កើនការថែទាំសុខភាពបឋម នៅខេត្តសៀមរាប នាថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ការថែទាំសុខភាពបឋម នៅមូលដ្ឋានជូនប្រជាជន របស់មណ្ឌលសុខាភាព គឺជាកក្តាដ៍សំខាន់។ប៉ុន្តែកន្លងមកការមកទទួលសេវាសុខាភិបាលរបស់ប្រជាពលរដ្ឋ នៅតាមមណ្ឌលសុខភាពមួយចំនួន ក្នុងខេត្តសៀមរាបហាក់នៅមានកម្រិតទាប។


តែបន្ទាប់ពីអនុវត្តផែនការ នៃការកែលម្អមណ្ឌលសុខភាព និងការងារជំរុញបង្កើនការថែទាំសុខភាពបឋម នៃគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងមានការចុះពិនិត្យតាមដានជាប្រចាំរបស់មន្រ្តីទទួលបន្ទុករបស់ក្រសួងសុខាភិបាល ឃើញថា អត្រាប្រជាពលរដ្ឋមកទទួលសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព នៅទូទាំងខេត្តសៀមរាប មានការកើនឡើងជាមុន។


លោកជំទាវបានបង្ហាញថា កាលពីមុនក្នុង១ខែមណ្ឌលសុខាភាពមួយចំនួនមានប្រជាពលរដ្ឋមកទទួលសេវាប្រមាណជា៥០០នាក់ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះក្នុង១ខែមានប្រជាពលរដ្ឋមកទទួលសេវាសុខាភិបាលនៅមណ្ឌលសុខភាពប្រមាណជា៨០០ទៅ៩០០នាក់ និងបានជួយដល់ប្រជាពលរដ្ឋជាច្រើន ដូចជាការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា កាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅកាន់មន្ទីរពេទ្យដែលនៅឆ្ងាយ។ ដូចនេះដើមី្បឱ្យក្លាយជាមណ្ឌលសុខភាពគំរូ គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពទាំងអស់ គឺត្រូវពិនិត្យ និងពង្រឹងទៅលើការងារផ្តល់សេវាសារវ័ន្តនៅមណ្ឌលសុខភាពនីមួយៗ សំដៅធ្វើឱ្យបានកាន់តែល្អប្រសើរឡើង នូវការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងតំបន់គ្របដណ្តប់របស់ខ្លួន និង ធ្វើការណែនាំ និងលើកកម្ពស់ការយល់ដឹង បង្កើនការចូលរួមការអនុវត្តការថែទាំសុខភាពបឋម ព្រមទាំងគាំទ្រ និងពង្រឹង ដំណើរការនៃការគ្រប់គ្រង និងដឹកនាំសំដៅជំរុញបង្កេីនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវាមណ្ឌលសុខភាពឱ្យកាន់តែប្រសើរឡើង។


លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បង្ហាញថា វឌ្ឍនភាព លើការងារ ថែទាំសុខភាពបឋម ដែលបានអនុវត្តកន្លងមក បានជំរុញឱ្យមានការចូលរួមពីផ្នែកពាក់ព័ន្ធរៀបចំនូវក្រុមការងារជំរុញបង្កើនការថែទាំ សុខភាព បឋមបែបអន្តរវិស័យ។បានរៀបចំធ្វើផែនការសកម្មភាពអាទិភាពPHC-BIF សម្រាប់ឆ្នាំ២០២៥ រៀបចំមណ្ឌលសុខភាព ចំនួន៣៩មណ្ឌលសុខភាព ក្នុងដំណាក់កាល ដំបូងជា មណ្ឌលសុខភាព ផ្តល់សេវាល្អ និងគំរូ ជាលទ្ធផល ក្រោមការតាមដាន និងវាយតម្លៃ យើងទទួលបានមណ្ឌលសុខភាពចំនួន២៣ជាមណ្ឌលសុខភាពផ្តល់សេវាល្អ និងមណ្ឌលសុខភាពចំនួន០២ ជាមណ្ឌលសុខភាពគំរូ គឺមណ្ឌលសុខភាពគោគចក ស្រុកប្រតិបត្តិសៀមរាប និងមណ្ឌលសុខភាពចន្លាស់ដៃ ស្រុកប្រតិបត្តិ ក្រឡាញ់៕
ដោយ៖ ឃុត សៅ





