មន្ទីរបរិស្ថានខេត្តកណ្តាល រៀបចំទិវាបរិស្ថានពិភពលោក ៥មិថុនា នៅវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ក្រាំងយ៉ូវ
AKP កណ្ដាល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥-- មន្ទីរបរិស្ថានខេត្តកណ្តាល នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា នៅវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ក្រាំងយ៉ូវ ស្ថិតភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល លោក ពៅ សោមណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល និងលោក ជឺ គីមហៃ អភិបាលស្រុកស្អាង ព្រមទាំងមានការចូលរួមពីសិស្សានុសិស្សប្រមាណ ២០០នាក់។

លោក គ្រុយ ម៉ាឡែន បានបញ្ជាក់ថា ការប្រារព្ធទិវានេះ គឺធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក ការគ្រប់គ្រងគុណភាពបរិស្ថាន។ ពិសេសគឺការជំរុញការចូលរួមយុទ្ធនាការសម្អាតបរិស្ថាន សំដៅលើកកម្ពស់សុខភាពសាធារណៈ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការរស់នៅដោយភាពស្រស់ស្អាតផូរផង់ និងបៃតងជានិច្ច រួមចំណែកលើកស្ទួយកិត្យានុភាពជាតិ និងសុខុមាលភាពប្រជាពលរដ្ឋ។


ទិវាបរិស្ថានពិភពលោកបាន និងកំពុងដាក់ការចាប់អារម្មណ៍យ៉ាងសំខាន់អំពីបញ្ហាបរិស្ថានជាសកល និងជាបន្ទាន់នាពេលបច្ចុប្បន្ននេះ ដោយមានមនុស្សរាប់លាននាក់នៅទូទាំងពិភពលោកចូលរួម ដើម្បីការពារភពផែនដី ហើយទិវានេះ គឺត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ ក្នុងឆ្នាំ១៩៧២ ដែលជាលទ្ធផល នៃសន្និសីទអង្គការសហប្រជាជាតិស្តីពីបរិស្ថានមនុស្ស នៅទីក្រុងស្តុកខូម ប្រទេសស៊ុយអែត។ លក អភិបាលរងខេត្ត បានជំរុញ និងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋគ្រប់លំនៅឋាន សាលារៀន អង្គភាព មន្ទីរពេទ្យ ត្រូវរួមគ្នាដាំដើមឈើឱ្យបានច្រើន និងធ្វើអនាម័យសម្អាតបរិស្ថានឱ្យបានស្អាតជាប្រចាំ។ ត្រូវទុកដាក់សំរាម កាកសំណល់ ឱ្យបានត្រឹមត្រូវដោយបែងចែកទៅតាមប្រភេទ។ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រូវបន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស រោងចក្រសហគ្រាស សិប្បកម្ម អាជីវកម្ម សេវាកម្ម អំពីការគ្រប់គ្រងការទុកដាក់សំរាមសំណល់រឹងឱ្យបានត្រឹមត្រូវ សំដៅរួមគ្នាធ្វើឱ្យបរិស្ថានស្អាត។
លោក ពៅ សោមណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល បានឱ្យដឹងថា អ្នកចូលរួមក្នុងព្រឹត្តិការណ៍ទិវានេះគិតចាប់ពីឆ្នាំ២០២១មក មានចំនួន ១៤៤៥នាក់ បានដាំ និងចែកជូនកូនឈើយកទៅដាំបន្ត ចំនួន ៣៨០៦ដើម ជីកំប៉ុស្ត៍ ១១៧ការ៉ុង ព្រមទាំងបានចែកជូនបដាអប់រំបរិស្ថាន និងសម្ភារអនាម័យមួយចំនួន ដល់សាលារៀន វត្តអារាម និងសាលាឃុំ-សង្កាត់ផងដែរ។

ដោយមានការគាំទ្រយកចិត្តទុកដាក់យ៉ាងខ្លាំងពីរដ្ឋបាលខេត្តកណ្តាល ក្រុមការងារមន្ទីរបរិស្ថាន បានសហការធ្វើយុទ្ធនាការសម្អាតសម្អាតបរិស្ថាន «កម្ពុជាស្អាត ខ្មែរធ្វើបាន» អនុវត្តតាមយុទ្ធសាស្ត្រ ចក្រាវិស័យបរិស្ថាន(ភាពស្អាត បៃតង ចីរភាព) ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បាន ១៣ក្រុង-ស្រុក និង ១២៧ឃុំសង្កាត់ ស្មើនឹង ៤៧៩១លើក មានអ្នកចូលរួមក្នុងសកម្មភាពនេះសរុប ២ ២១៩ ៣៧៤នាក់ និងបានសហការចុះអប់រំផ្សព្វផ្សាយធ្វើយុទ្ធនាការ ១កញ្ញា ឆ្នាំ២០២៣ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងថង់ប្លាស្ទិក«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងសារ«យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» គិតមកត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ បានចំនួនសរុប ១០៦១ទីតាំង ស្មើនឹង៥.៩៩៣លើក មានអ្នកចូលរួមប្តេជ្ញាចិត្តក្នុងសកម្មភាពនេះសរុប ២ ២៦៩ ៣៧៤នាក់៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





