កម្ពុជាទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយចំនួន ២៨បន្ទាត់ពន្ធគយ ពីវៀតណាម
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥-- កម្ពុជាទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ (០%) នូវមុខទំនិញដែលមានដើមកំណើតនៅប្រទេសកម្ពុជាចំនួន២៨បន្ទាត់ពន្ធគយ ពីប្រទេសវៀតណាមសម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦ បន្ទាប់ពីការចុះហត្ថលេខាសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីររវាងកម្ពុជា និងវៀតណាម កាលពីខែមេសា ឆ្នាំនេះ។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា កម្ពុជាទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ (០%) នូវមុខទំនិញដែលមានដើមកំណើតនៅប្រទេសកម្ពុជាចំនួន ២៨បន្ទាត់ពន្ធគយ ពីសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦ (ដូចមានក្នុងឧបសម្ព័ន្ធ១)។
ប្រភពដដែលបានបញ្ជាក់ថា ផលិតករ និងអ្នកនាំចេញ អាចធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញជាទម្រង់អេស (CO Form S) តាមរយៈគេហទំព័រ https://co.moc.gov.kh ចំពោះមុខទំនិញដូចមានក្នុងឧបសម្ព័ន្ធ១ ដើម្បីទទួលបានអត្រាអនុគ្រោះពន្ធសូន្យភាគរយ (0%)។
សេចក្ដីប្រកាសនេះបានបន្តថា ដោយឡែក សម្រាប់បរិមាណមុខទំនិញអង្ករ និងសន្លឹកថ្នាំជក់ សម្រាប់អនុវត្តឆ្នាំ២០២៥ ផលិតករ និងអ្នកនាំចេញ អាចមកដាក់ពាក្យស្នើសុំនៅក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាននាំចេញ នាំចូល នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម) រៀងរាល់ម៉ោងធ្វើការចាប់ពី ថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
គួរឱ្យដឹងដែរថា កម្ពុជាទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ (០%) នេះ ក្រោមកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥៕

ដោយ៖ ស្រីពេជ្រ





