ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ គាំទ្រគម្រោង១ម៉ឺនហិកតាជាដីវាលស្រែគ្មានមីននៅព្រះវិហាររបស់អង្គការ APOPO
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ -- រាជរដ្ឋាភិបាលកម្ពុជាសូមចូលរួមគាំទ្រគម្រោង១ម៉ឺនហិកតាជាដីវាលស្រែគ្មានមីននៅព្រះវិហារ របស់អង្គការAPOPO។ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់បែបនេះ ខណៈឯកឧត្ដមទទួលជួបលោក Michael Heiman នាយកអង្គការ APOPO ប្រចាំកម្ពុជា ធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពនៃកិច្ចប្រតិបត្តិការសកម្មភាពមីនរបស់អង្គការAPOPOនៅកម្ពុជា និងគម្រោងផែនការសម្អាតចម្ការមីនជាដីវាលស្រែគ្មានមីននៅព្រះវិហារ នាថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥ នៅស្នាក់ការអាជ្ញាធរមីន។

លោក Michael Heiman បានអរគុណចំពោះអាជ្ញាធរមីនដែលផ្តល់ការគាំទ្រ និងកិច្ចសហការដល់អង្គការ APOPO ក្នុងកិច្ចប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា ដែលបច្ចុប្បន្ននេះ កិច្ចប្រត្តិបត្តិការរបស់អង្គការ APOPO មួយផ្នែកធំបានទទួលការគាំទ្រពីប្រទេសបែលហ្សិក និងចក្រភពអង់គ្លេស ក្រោមកិច្ចសហ ការជាមួយអង្គភាពCMAC និងអង្គការ MAG ទៅតាមតំបន់ប្រតិបត្តិការ។ ក្រៅពីកិច្ចប្រតិបត្តិការនៅទីវាល អង្គការ APOPO បានបង្កើតនូវមជ្ឈមណ្ឌលមួយក្នុងទីរួមខេត្តសៀមរាប (Visitor Center) ដោយតាំងបង្ហាញនូវផែនទីតំបន់គម្រាមគ្រោះ ថ្នាក់ដោយសារមីន រូបភាពកិច្ចប្រតិបត្តិការ ការបង្ហាញអំពីសត្វកណ្តុរហិតរកមីន/គ្រាប់ជាដើម ដើម្បីបង្ហាញជូនភ្ញៀវជាតិអន្តរជាតិ ចូលទស្សនាស្វែងយល់អំពីកិច្ចប្រតិបត្តិការបោសសម្អាតមីន ដោយឡែកាកម្មភាព មនុស្សធម៌របស់អង្គការ APOPOនៅកម្ពុជា ដែលរហូតដល់ពេលនេះមានភ្ញៀវចូលទស្សនាប្រមាណ ជាង៦៥០០០នាក់ រួមទាំងគណៈប្រតិភូជាន់ខ្ពស់ផងដែរ។

អង្គការ APOPO បាន និងកំពុងអនុវត្តគម្រោងប្រែក្លាយពីចម្ការមីនទៅជាវាលស្រែ (Minefields to Ricefileds project) ឱ្យបានជាង១ម៉ឺនហិកតាក្នុងខេត្តព្រះវិហារ ដែលការអនុវត្តគម្រោងនេះ មិនត្រឹមតែធ្វើការបោសសម្អាតមីនឱ្យអស់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជា ពលរដ្ឋឱ្យកាន់តែប្រសើរឡើង តែក៏សុំឱ្យមានការគាំទ្របន្ថែមពីអាជ្ញាធរមីនកម្ពុជាផងដែរ ទើបការងារបោសសម្អាតមីននេះទទួលបានជោគជ័យបន្ថែមទៀត។

ក្នុងនាមតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា សូមគាំទ្ររាល់សកម្មភាពរបស់អង្គការ APOPO ដែលបានចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងវិស័យសកម្មភាពមីនកម្ពុជា រួមទាំងគាំទ្រភាពជាប្រធានរបស់កម្ពុជានៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤កន្លងមកនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្ដថា ពាក់ព័ន្ធនឹងការអនុវត្តគម្រោង Minefields to Ricefileds project អាជ្ញាធរមីននឹងបន្តគាំទ្រចំពោះគម្រោងនេះ ហើយអាចនឹងពិចារណាបង្កើតឱ្យក្រុមការងារចំពោះកិច្ច ដែលដឹកនាំដោយអាជ្ញាធរមីន ក្នុងការជួយគាំទ្រ សម្របសម្រួល និងស្វែងរកកិច្ចសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ៕

ដោយ សួស សំរិត





