កិច្ចប្រជុំសាមញ្ញលើកទី១៣របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤
AKP ព្រះសីហនុ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥។

កិច្ចប្រជុំវិសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី៤ មានរបៀបវារៈចំនួន៨ យកមកពិនិត្យ និងពិភាក្សារួមមាន៖ ១. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ២. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ៣. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ៤. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥)។ ៥. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពសម្រាប់អនុវត្តវិធានការដោះស្រាយបញ្ហាប្រឈម សំណើសំណូមពរនានាដែលបានលើកឡើងក្នុងវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ របស់ខេត្តព្រះសីហនុ។ ៦. ស្តាប់របាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត គណៈកម្មាធិការលទ្ធកម្មខេត្ត គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត ការិយាល័យប្រជាពលរដ្ឋខេត្ត។ ៧. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការ សាលាខេត្តព្រះសីហនុ ប្រចាំខែឧសភា ឆ្នាំ២០២៥ និង៨. បញ្ហាផ្សេងៗ។

កិច្ចប្រជុំបានពិនិត្យ ពិភាក្សា អនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលប្រការ១នៃសេចក្តីសម្រេចលេខ ០៤៧/២៤ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការបង្កើតក្រុមការងារក្រុមប្រឹក្សាខេត្ត ដើម្បីផ្តល់ការគាំទ្រសម្របសម្រួល និងធ្វើសហប្រតិបត្តិការជាមួយរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់នៃខេត្តព្រះសីហនុ ដើម្បីឪ្យដំណើការដឹកនាំ ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិទទួលបានលទ្ធផលផ្លែផ្កាកាន់តែល្អប្រសើរបន្ថែមទៀត ដែលទាមទារឱ្យមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក គ្រប់ថ្នាក់ ជាពិសេសអាជ្ញាធរមូលដ្ឋានមានដូចជាក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ចូលរួមសហការគ្នាឱ្យកាន់តែស៊ីជម្រៅ ក្នុងការបង្ការ បង្ក្រាបបទល្មើសនានានៅក្នុងមូល ដ្ឋានបានទាន់ពេលវេលា ជាពិសេសបញ្ហាគ្រឿងញៀន ក្រុមក្មេងទំនើង ដើម្បីធ្វើយ៉ាង ណាឪ្យភូមិ ឃុំ សង្កាត់របស់យើងមានសុវត្ថិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដោយបានផ្តោតសំខាន់ទៅលើគោលនយោបាយ បញ្ច កោណ ដំណាក់កាលទី១នៃរដ្ឋសភា លើអាទិភាពចំនួន៥ ក្នុងនោះមានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕


ដោយ ងូ សុមុនី





