ខេត្តព្រះសីហនុប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ២០២៥ ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក Beat Plastic Polloution»
AKP ព្រះសីហនុ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥-- លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមទិវាបរិស្ថានជាតិ និងបរិស្ថានពិភព លោក ៥មិថុនា ២០២៥ ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក Beat Plastic Polloution» នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណសាលាអនុវិទ្យាល័យកម្មករ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ និងយុទ្ធនាការដាំដើមត្នោតទីតាំងច្រកចេញផ្លូវល្បឿនលឿន និងទីតាំងសេវាកម្មស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្ស។

លោក សាមុត សុធារិទ្ធ បានបញ្ជាក់ថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៥ ក្នុងគោលបំណងកែប្រែផ្នត់គំនិត និងឥរិយាបថរបស់ប្រជាជនឱ្យស្រឡាញ់បរិស្ថាន មានស្មារតីចូលរួមក្នុងកិច្ចគាំពារបរិស្ថាន អភិរក្សជីវចម្រុះ និងការរស់នៅប្រកបដោយចីរភាព ជាពិសេសបំផុសចលនាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស អាជីវករ និងប្រជាពលរដ្ឋធ្វើអនាម័យបរិស្ថាន ប្រមូលសំរាមថង់ប្លាស្ទិក និងដាំដើមឈើនៅតាមភូមិ ឃុំ សង្កាត់ ទីប្រជុំជន និងនៅតាម ដងផ្លូវ ដើម្បីបង្កើនសោភ័ណភាពស្រស់បំព្រងលើកកម្ពស់ដល់វិស័យទេសចរណ៍ជាតិ។ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើ «បរិស្ថានរូបវន្ត និងធម្មជាតិប្រកបដោយសុខដុមភាព ភាពធន់ បរិយាបន្ន និងតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សធនធានធម្មជាតិ» សម្រាប់ការរស់នៅប្រកប ដោយផាសុកភាព។ រដ្ឋបានផ្ដល់សារៈសំខាន់ចំពោះសន្តិសុខថាមពល ការរៀបចំប្រព័ន្ធទឹកស្អាត ប្រព័ន្ធគ្រប់គ្រងកាកសំណល់គ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព ការរៀបចំប្រព័ន្ធធារាសាស្រ្តតាមបែបទំនើប និងស្វ័យប្រវត្តិ ការទប់ទល់ និងការកសាងប្រព័ន្ធបណ្ដុំរឹងមាំទៅនឹងការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីប្រកបដោយចីរភាព ការបំពាក់បច្ចេកវិទ្យាទាន់សម័យក្នុងវិស័យកសិកម្ម ការគ្រប់គ្រង និងការប្រើប្រាស់ធន ធានធម្មជាតិដោយគិតគូរដល់តុល្យភាពបរិស្ថាន។ ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ត្រង់បញ្ចកោណទី៤ មុំទី២ ការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព រាជរដ្ឋាភិបាលបានពង្រឹងការគ្រប់គ្រង ការអភិរក្ស ការការពារ និងការអភិវឌ្ឍប្រកបដោយសុខដុមនីយកម្ម និងចីរភាពនូវប្រព័ន្ធអេកូឡូស៊ីសំខាន់ៗរបស់កម្ពុជាតាមរយៈការបន្តគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃដោយរក្សាគម្របព្រៃឈើឱ្យលើស៦០%នៃផ្ទៃប្រទេស ការស្តារព្រៃឈើឡើងវិញ ការទប់ស្កាត់ និងការឆ្លើយតបទាន់ពេលវេលាទៅនឹងភ្លើងឆេះព្រៃ ការអភិរក្សតំបន់ដីមមោក ការលើកកម្ពស់ការអភិវឌ្ឍចម្ការដែលមានភាតរបរិស្ថានប្រកបដោយចីរភាព ការកាត់បន្ថយការពឹងផ្អែកលើការដកហូតអនុផលព្រៃឈើ ការទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីព្រៃ និងដីតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ ការលើកកម្ពស់ ការអភិរក្សតំបន់ការពារធម្មជាតិព្រៃឈើ និងសត្វព្រៃ ការបង្ក្រាបបទល្មើសព្រៃឈើ ការជួញដូរសត្វព្រៃ និងបទល្មើសធនធានធម្មជាតិ។

ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មហាសាលសម្រាប់ជីវិតមនុស្ស និងសត្វរស់នៅលើភពផែនដី។ ព្រៃឈើ និងប្រព័ន្ធមជ្ឈដ្ឋានព្រៃឈើបានចូលរួមចំណែកយ៉ាងសំខាន់ដល់គ្រប់ទិដ្ឋភាពនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ ធានាសន្តិសុខស្បៀង និងបណ្ដាញសុវត្ថិភាព លើកកម្ពស់ជីវភាព ផ្តល់មុខរបរ និងកាត់បន្ថយភាពក្រីក្រ លើកកម្ពស់អាហារូបត្ថម្ភ រក្សានិរន្តរភាពផលិតកម្មកំណើនសេដ្ឋកិច្ច សមភាពបរិយាបន្ន និងភាពជាដៃគូធនធានទឹក ការពារធនធានជលផល សន្តិសុខថាម ពល ថែរក្សាជីវចម្រុះ និងប្រព័ន្ធមជ្ឈដ្ឋានដីគោក ជួយគាំទ្រនិរន្តរភាពទីក្រុង ទប់ស្កាត់ និងបន្សំាទៅនឹងការប្រែប្រួលអាកាសធាតុ។ ដូចនេះការបាត់បង់ព្រៃឈើគ្រប់ប្រភេទអាចបណ្ដាលឱ្យមានទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះ និងការរាំងស្ងួត ដែលបានធ្វើឱ្យទីតម្កល់ទឹកសម្រាប់តម្រូវការរបស់មនុស្ស សត្វ ត្រូវរីងស្ងួតដែលនឹងឈានទៅរកការបាត់បង់សត្វព្រៃ ធនធានមច្ឆជាតិគ្រប់ប្រភេទ និងអាចបង្កឱ្យមានភាពរហោឋាន និងការធ្លាក់ចុះគុណភាពដីផងដែរ។ សូមយកចិត្តទុកដាក់ការធ្វើកសិកម្មចម្រុះនៅតាមសហគមន៍នីមួយៗ ស្របតាមសក្តានុពលដីប្រកបដោយភាពឆ្លាតវៃ ដោយមិនពឹងអាស្រ័យទៅលើផល អនុ ផលព្រៃឈើ រៀបចំដាំបន្លែផ្សេងៗ នៅក្នុងភូមិដ្ឋានរបស់ខ្លួន និងចូលរួមដាំផ្កា ឬដាំដើម ឈើតាមមុខផ្ទះរៀងៗខ្លួន ដើម្បីបង្កើត «ភូមិមួយ ផ្កាមួយប្រភេទ ឬភូមិមួយ ដើមឈើ មួយប្រភេទ»។

លោកអភិបាលរងខេត្តក៏បានធ្វើការអំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរដែនដី វិស័យឯកជន និងបងប្អូនជនរួមជាតិ សូមព្រះមេត្តា និងមេត្តាដាំដើមឈើគ្រប់ប្រភេទឱ្យបានច្រើនតាមដែលអាចធ្វើទៅបាននៅតាមទីវត្តអារាម ទីសាធារណៈ និងរមណីយដ្ឋាន តាមដងផ្លូវលំ ផ្លូវជាតិ ប្រឡាយ ភូមិដ្ឋាននានា ដើម្បីបានម្លប់ជាជម្រកមនុស្ស សត្វ ហើយបានជាឈើសំណង់ អុសធ្យូង បង្កើនជីវជាតិដីកសិកម្មជួយទប់កម្លាំងខ្យល់កន្ត្រាក់ ស្រូបឧស្ម័នកាបូនិច និងបម្រែបម្រួលធាតុអាកាសផងដែរ។ ជាពិសេសរួមគ្នាថែរក្សាអនាម័យ បរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិច។ ម្យ៉ាងទៀត សូមបងប្អូនជួយទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់រាន ដុត ឈូសឆាយដីព្រៃ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់ ហើយចូលរួមថែរក្សាការពារព្រៃឈើ ការពារភ្លើងឆេះព្រៃ តាម តំបន់ដែលបងប្អូនរស់នៅ ដើម្បីរក្សាការពារឱ្យបាននូវធនធានព្រៃឈើសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត ឱ្យស្របតាមពាក្យស្លោក«ព្រៃឈើដុះ យើងរស់ ព្រៃឈើល្អ យើងមានបាន បើកាប់ព្រៃឈើ នឹងក្ររហេមរហាម»៕


ដោយ ងូ សុមុនី





