ខេត្តកំពង់ចាមប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក»
AKP កំពង់ចាម ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥-- នៅបរិវេណសួនច្បារមាត់ទន្លេក្រុងកំពង់ចាម មន្ទីរបរិស្ថានខេត្តកំពង់ចាមសហការជាមួយអាជ្ញាធរក្រុងកំពង់ចាម បានរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក គន់ សុភា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានចូលរួមពីមន្ទីរ អង្គភាព ពាក់ព័ន្ធ កងកម្លាំងទាំង ៣ អាជ្ញាធរក្រុង កំពង់ចាម លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

លោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា ទិវានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំង ប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្សនិស្សិត និងសាធារណជនទាំងអស់ចូលរួមឱ្យបានផុសផុល ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងសំរាមប្លាស្ទិក ដើម្បីរួមគ្នាការពារភពផែនដីឱ្យមានភាពស្អាតបៃតង និងចីរភាព ដែលជាឧត្តមប្រយោជន៍ដល់សង្គម និងមនុស្សជាតិគ្រប់ជំនាន់។

លោកអភិបាលរងបានបញ្ជាក់ថា ការបំពុលដោយប្លាស្ទិកកំពុងជាបញ្ហាប្រឈមដល់បរិស្ថានសកលដ៏ធ្ងន់ធ្ងរ ដែលការផលិតប្លាស្ទិកបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ដោយសារតែតម្លៃថោក ភាពធន់ និងភាពបត់បែនក្នុងការប្រើប្រាស់។ ចាប់តាំងពីការបង្កើតប្លាស្ទិកមក សំណល់ប្លាស្ទិកយ៉ាងហោច ៨ពាន់លានតោនបាន និងកំពុងបន្សល់ ទុកនៅលើភពផែនដី ខណៈពិភពលោកបាននិងកំពុងប្រើប្រាស់ផលិតផលពីប្លាស្ទិកមានប្រមាណជាង ៤០០ ទៅ ៦០០លានតោនក្នុងមួយឆ្នាំៗ។ ដោយឡែកនៅកម្ពុជា ក្នុងសំណល់ ១០០%ដែលបង្កើតឡើង យ៉ាងហោចក៏មានសំណល់ប្លាស្ទិកប្រមាណ២០%ដែរ។

លោកអភិបាលរងខេត្តបានលើកឡើងថា ការបំពុលដោយប្លាស្ទិកមិនត្រឹមតែប៉ះពាល់ដល់សោភ័ណភាពទីក្រុង និងជនបទប៉ុណ្ណោះទេ តែថែមទាំងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិផងដែរ។ ខ្ញុំសូមអំពាវនាវឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហាសំណល់ប្លាស្ទិក និងឆ្ពោះទៅរកការកាត់បន្ថយការបំពុលដោយប្លាស្ទិកឱ្យបានជាអតិបរមា ពិសេសប្អូនៗ យុវជនសិស្សានុសិស្សត្រូវចូលរួម សម្អាតបរិស្ថាននិងអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ចូលសម្អាតបរិស្ថានទាំងអស់គ្នាផ្តើមចេញពីយើងម្នាក់ៗ ដោយធ្វើបរិស្ថាន នៅតាមលំនៅឋាន នៅតាមតំបន់សាធារណៈ តំបន់ទេសចរណ៍ដើម្បីទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរ មកកាន់ខេត្តរបស់យើងកាន់តែច្រើនឡើង ជាពិសេសការរស់នៅប្រកបដោយផាសុកភាព និងមានបរិស្ថានជុំវិញខ្លួនយើងប្រកប ភាពអនាម័យស្អាត និង បរិស្ថានស្រស់បំព្រង៕

ដោយ ឆាយ ម៉ុត





