ឯកឧត្ដម ហ៊ុន ម៉ានី៖ សមាជរដ្ឋសភា និងព្រឹទ្ធសភា បានឆ្លុះបញ្ចាំងពីដំណើរការដ៏ចាស់ទុំរបស់កម្ពុជា ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សក្រោមម្លប់នៃសុខសន្តិភាព
AKP កំពង់ស្ពឺ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានកត់សម្គាល់ពីសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០២ និងទី០៣ ខែមិថុនា ឆ្នាំ២០២៥ នាឱកាសដែលឯកឧត្តមធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តចំប៉ាចារ៍ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ប្រជាជនកម្ពុជាពិតជាបានមើលឃើញច្បាស់ពីស្មារតីទទួលខុសត្រូវ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងអង្គការនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងភាគីពាក់ព័ន្ធក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។ ទន្ទឹមនឹងការលើកឡើងបែបនេះ ឯកឧត្ដមបានលើកឡើងពីភាពស៊ីជម្រៅនៃរបៀបវារៈ ការបកស្រាយ និងឆ្លើយតបលើខ្លឹមសារនៃបទអន្តរាគមន៍នីមួយៗរបស់ថ្នាក់ដឹកនាំ និងពីគ្រប់បណ្តាគណបក្សនយោបាយ ក្នុងស្មារតីសាមគ្គីភាព ក្នុងបុព្វហេតុជាតិ និងប្រជាជន។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានចាត់ទុកថា សមាជនេះជាវេទិកាដែលបានពិភាក្សា និងពិគ្រោះយោបល់លើចំណុចសំខាន់ៗរបស់ប្រទេសជាតិ សម្រាប់ជាប្រយោជន៍ជូនប្រជាជន ព្រមទាំងបានឆ្លុះបញ្ចាំងពីដំណើរការ និងភាពចាស់ទុំនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក្រោមម្លប់នៃសុខសន្តិភាពផងដែរ។ សមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដំណើរការរយៈពេល២ថ្ងៃ ត្រូវបានមើលឃើញថា ជាការជួបជុំគ្នាជាប្រវត្តិសាស្ត្រនៃអ្នកដឹកនាំបន្តជំនាន់ រវាងថ្នាក់ដឹកនាំ និងសមាសភាពរាជរដ្ឋាភិបាលជំនាន់មុន និងសមាសភាពរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ក្នុងន័យនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានរំលឹកពីពាក្យស្លោកមួយឃ្លារបស់សម្តេចតេជោ ថា «ក្មេងមានកម្លាំង ស្គាល់ផ្លូវ តែចាស់មានបទពិសោធន៍»។ ឯកឧត្ដមលើកឡើងបែបនេះដោយបានរំលេចពីការសង្កេតលើថាមពលដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ឯកឧត្ដមក៏បានបង្ហាញការស្ញប់ស្ញែងចំពោះបទពិសោធន៍ ឧត្តមភាព និងអច្ឆរិយភាពនៃការដឹកនាំអភិវឌ្ឍប្រទេសជាតិ របស់សម្តេចតេជោ និងឥស្សរជនដទៃទៀតដែលរួមដំណើរជាមួយលោកកន្លងមក និងបានសង្កត់ធ្ងន់ថា ក្រៅពីការពិគ្រោះ ពិភាក្សារវាងសមាជិករដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសមាសភាពចម្រុះមកពីបណ្តាគណបក្សនយោបាយផ្សេងៗ នៅក្នុងសាលប្រជុំ សមាជរដ្ឋសភា និងព្រឹទ្ធសភា ក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយជូនប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស បានទស្សនា និងតាមដានជាមួយគ្នាទាំង២ថ្ងៃ តាំងពីដើម រហូតដល់ចប់។

គួបញ្ជាក់ថាបើតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានរៀបរាប់ថា វត្តចំប៉ាចារ៍ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨១០ មកដល់ពេលនេះមានអាយុកាល ២១៥ឆ្នាំហើយ។ ចាប់តាំងឆ្នាំ២០១៤ ដល់បច្ចុប្បន្ន ព្រះចៅអធិការវត្ត ព្រះនាម ឃី ណារិទ្ធ បានដឹកនាំ កសាងសមិទ្ធផលជាច្រើន ដែលត្រូវសម្ពោធឆ្លងដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅវត្តចំប៉ាចារ៍ រួមមាន៖ សាលាពុទ្ធិកបឋមសិក្សា (សាលាបាលី) ទទឹង៨ម៉ែត្រ បណ្តោយ១៦ម៉ែត្រ កម្ពស់០២ជាន់ ព្រះពុទ្ធបដិមាឱ្យអភ័យសត្វ ០១ព្រះអង្គ សាលាទទួលភ្ញៀវ១ខ្នង ខ្លោងទ្វារ២ របងវត្តប្រវែង៤០៦ម៉ែត្រ ស្មើនឹង១៥ប្រឡោះផ្លូវបេតុងចំនួន២ខ្សែ ស្ពានបេតុង១ និងសមិទ្ធផលនានា៕

ដោយ លឹម សាន្ត





