ព្រះសង្ឃ និងប្រជាពលរដ្ឋរាប់រយអង្គ/នាក់ និមន្ត និងមកទស្សនាប្រាសាទតាមាន់ធំ និងនាំយកទេយ្យវត្ថុជូនកងទ័ព
AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥--ព្រះសង្ឃ និងប្រជាពលរដ្ឋរាប់រយអង្គ/នាក់ មកពីខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ បាននិមន្ត និងមកទស្សនាប្រាសាទតាមាន់ធំ ក្នុងទឹកដីឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ យ៉ាងច្រើនកុះករ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ពួកគាត់ក៏បាននាំយកនូវទ័យវត្ថុ ទេយ្យទាន និងបច្ច័យមួយចំនួន ដើម្បីចុះសួរសុខទុក្ខ និងជាការលើកទឹកចិត្តដល់កងទ័ពកងពលតូចថ្មើរជើងលេខ៤២ ប្រចាំទិសទី៣ (ប្រាសាទតាមាន់) ដែលកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាននៅទីនោះ។

វត្តមានរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករនេះ បានបង្ហាញពីទឹកចិត្តស្រឡាញ់ជាតិ សាសនា ព្រះមហាក្សត្រ និងការយកចិត្តទុកដាក់ចំពោះកងទ័ពដែលជាកម្លាំងស្នូលក្នុងការការពារជាតិ។

ក្នុងឱកាសនិមន្តមកទស្សនាប្រាសាទតាមាន់ធំ និងនាំយកទេយ្យវត្ថុជូនកងទ័ព ព្រះតេជគុណ វ៉ាន់ សុវណ្ណ ព្រះសង្ឃមួយអង្គមកពីខេត្តឧត្តរមានជ័យ មានថេរដីកាថា "អាត្មាភាពពិតជារីករាយណាស់ ដែលបាននិមន្តមកដល់ប្រាសាទតាមាន់ធំនេះជាលើកដំបូង។ ប្រាសាទនេះពិតជាមានភាពស្រស់ស្អាត និងមានតម្លៃជាប្រវត្តិសាស្ត្រណាស់។ ការបានមកទស្សនាទីនេះ ក៏ជាឱកាសមួយសម្រាប់អាត្មាភាពបានជួបសំណេះសំណាល និងផ្ដល់កម្លាំងចិត្តដល់ពលទាហានរបស់យើង ដែលពួកគាត់បានលះបង់កម្លាំងកាយចិត្តការពារជាតិមាតុភូមិ។"
ចំណែក លោកស្រី ម៉ៅ សុខា ប្រជាពលរដ្ឋមកពីខេត្តបន្ទាយមានជ័យ បានបង្ហាញអារម្មណ៍រំភើបថា "ខ្ញុំពិតជាអរគុណណាស់ ដែលមានឱកាសបានមកលេងប្រាសាទបុរាណរបស់យើង។ នេះជាលើកដំបូងដែលខ្ញុំបានឃើញប្រាសាទតាមាន់ធំផ្ទាល់ភ្នែក ហើយវាពិតជាអស្ចារ្យណាស់។ ពួកខ្ញុំនាំគ្នាបានរៀបចំអំណោយបន្តិចបន្តួច យកមកជូនបងៗទាហាន ដើម្បីបង្ហាញពីការដឹងគុណចំពោះពួកគាត់ដែលយាមព្រំដែនទាំងយប់ទាំងថ្ងៃ។"

ក្នុងនាមកងពលតូចថ្មើរជើងលេខ៤២ ប្រចាំទិសទី៣ (ប្រាសាទតាមាន់) វរសេនីយ៍ឯក ស៊ិន គន្ធា មេបញ្ជាការរង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋដែលបានចំណាយពេលនិមន្ត និងមកទស្សនាប្រាសាទតាមាន់ធំ ហើយក៏បាននាំយកនូវទេយ្យវត្ថុ និងអំណោយផ្សេងៗមកឧបត្ថម្ភដល់កងទ័ព។ "វត្តមានរបស់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋនាថ្ងៃនេះ គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ពួកយើងជាកងទ័ព។ យើងខ្ញុំសូមប្តេជ្ញាបន្តការងារការពារជាតិ ការពារបូរណភាពទឹកដីឱ្យបានគង់វង្សជារៀងរហូត ទោះបីត្រូវលះបង់អ្វីក៏ដោយ។"

ប្រាសាទតាមាន់ធំគឺជាប្រាសាទបុរាណខ្មែរមួយដ៏សំខាន់ ដែលស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ។ ប្រាសាទនេះសង់អំពីថ្មភក់ និងឥដ្ឋ មានរចនាបថបាយ័ន នាចុងសតវត្សរ៍ទី១២ ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទតាមាន់ធំមានទីតាំងស្ថិតនៅលើកំពូលភ្នំដងរែក ដែលអាចមើលឃើញទិដ្ឋភាពដ៏ស្រស់ត្រកាលនៃព្រៃភ្នំជុំវិញ។ ប្រាសាទនេះមានរចនាសម្ព័ន្ធស្មុគស្មាញ រួមមានគោបុរៈ (ក្លោងទ្វារ) ប្រាង្គកណ្តាល បណ្ណាល័យ របងថ្ម និងស្រះទឹកជាដើម។ តាមការសិក្សាស្រាវជ្រាវ ប្រាសាទនេះទំនងជាកសាងឡើងសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា មហាយាន និងព្រហ្មញ្ញសាសនា។ ថ្មីៗនេះ ប្រាសាទតាមាន់ធំបានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ បន្ទាប់ពីស្ថានភាពព្រំដែនមានភាពស្ងប់ស្ងាត់ និងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កាន់តែប្រសើរឡើង។
វត្តមានរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋនៅថ្ងៃនេះ មិនត្រឹមតែជាការចូលរួមចំណែកក្នុងការអភិរក្ស និងលើកតម្កើងតម្លៃប្រាសាទបុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីសាមគ្គីភាព និងការរួបរួមគ្នារវាងប្រជាពលរដ្ឋ និងកងទ័ព ក្នុងការថែរក្សាការពារបេតិកភណ្ឌជាតិ និងបូរណភាពទឹកដីកម្ពុជាឱ្យបានគង់វង្សជារៀងតទៅ៕
ដោយ ឈុន សារ៉ាត





