រដ្ឋមន្រ្តីក្រសួងអប់រំកោតសរសើរដល់គ្រប់ភាគីដែលបានខិតខំធ្វើឱ្យគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ ទទួលបានជោគជ័យ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីអនុវត្តគម្រោង និងគ្រប់ភាគីទាំងអស់ ដែលបានខិតខំបំពេញការងាររហូតគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ ទទួលបានជោគជ័យដែលស្ដែងចេញពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងផ្នែកទន់។ បន្ថែមពីនេះឯកឧត្តមក៏បានផ្តល់អនុសាសន៍ឱ្យបន្តពង្រឹងគុណភាពអប់រំ គឺត្រូវពង្រឹងពីថ្នាក់ក្រោមពីមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា។ ការកោតសរសើរ និងការផ្តល់អនុសាសន៍របស់រដ្ឋមន្ត្រីក្រសួងអប់រំយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាដើម្បីបិទបញ្ចប់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ រសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តកំពង់ចាម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា កត្តាកំណត់គុណភាពអប់រំគឺមាន កត្តាគ្រូ វិធីសាស្ត្រ ចំណេះដឹងគ្រូ កត្តានាយក និងសាលារៀន និងការដឹកនាំរបស់នាយក កត្តាសិស្សត្រូវខិតខំថែរក្សាសុខភាព និងមានអាហារូបត្ថម្ភគ្រប់គ្រាន់ កត្តាបរិស្ថានជុំវិញមានមាតាបិតា និងកត្តាប្រព័ន្ធអប់រំ កម្មវិធីសិក្សា និងការគាំទ្រសិស្សជាដើម។
សូមជម្រាបជូនថា គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ ដែលបានបិទបញ្ចប់នាពេលនេះមានទំហំថវិកាសរុបប្រមាណ៥៣លានដុល្លាសហរដ្ឋអាមេរិក ដោយបានអនុវត្តរយៈពេល៦ឆ្នាំកន្លះ និងសម្រេចបានផលជះក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងទទួលបានភាពជោគ ជ័យលើផលសម្រេចចំនួន៤ រួមមាន អត្រារួមនៃការសិក្សារបស់សិស្សមធ្យមសិក្សាទុតិយភូមិកើនដល់ ៣១.៨ភាគរយ នៅឆ្នាំ២០២៥។ អត្រាសិស្សឡើងថ្នាក់ទី១០ទៅទី១១កើនដល់ ៩០.១0ភាគរយ នៅឆ្នាំ២០២៥។ អត្រាសិស្សឡើងថ្នាក់ទី១១ទៅទី១២កើនដល់ ៩៧.៤០ភាគរយ នៅឆ្នាំ២០២៥ និងអត្រាសិស្សបោះបង់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិថយចុះដល់ ១៥ភាគរយ នៅឆ្នាំ២០២៥។

ទន្ទឹមនឹងនេះគម្រោងក៏សម្រេចបានលទ្ធផលល្អប្រសើរ ក្នុងការលើកកម្ពស់គុណភាពគ្រូបង្រៀននៅមធ្យមសិក្សាទុតិយភូមិ បង្កើនគុណភាព និងភាពឆ្លើយតបទៅនឹងទីផ្សារការងារនៃការអប់រំមធ្យមសិក្សាទុតិយភូមិ និងការពង្រឹងសមត្ថភាពស្ថាប័នក្នុងការរៀបចំផែនការ ការគ្រប់គ្រង និងការផ្តល់សេវាអប់រំ ព្រមទាំងសម្រេចបានលទ្ធផលរងទាំង២១ដោយជោគជ័យថែមទៀតផង៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





