ផ្លូវនៅក្នុងតំបន់រមណីយដ្ឋានភ្នំព្រះរាជទ្រព្យនឹងត្រូវធ្វើការកែលម្អឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ
AKP កណ្ដាល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥-- ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមកកម្សាន្តនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ និងជាផ្នែកមួយសម្រាប់ទាក់ទាញដល់ភ្ញៀវទេសចរមកកម្សាន្តសប្បាយនៅតំបន់នេះ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុក ចុះពិនិត្យគម្រោងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ នៅជុំវិញភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

ឯកឧត្តម គួច ចំរើន បានឱ្យដឹងថា រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ គឺជារមណីយដ្ឋានមួយបែបប្រវត្តិសាស្ត្រ ដូច្នេះយើងត្រូវតែអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញតំបន់នេះ ឱ្យប្រទាក់ក្រឡាគ្នាខ្វាត់ខ្វែង ងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ ព្រមទាំងសម្រាប់រៀបចំនៅពិធីបុណ្យជាតិធំៗក្នុងតំបន់នេះផងដែរ។ ក្រៅពីកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យប្រទាក់ក្រឡាគ្នាហើយនោះ នៅក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រនេះ ត្រូវតែមានសោភ័ណភាព មានរុក្ខជាតិបៃតងចម្រុះ។ បន្ថែមពីនេះរដ្ឋបាលខេត្តកណ្ដាលបានត្រៀមរៀបចំនូវឧទ្យានសាធារណៈ និងលំហបៃតង សម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយនៅតំបន់នេះផងដែរ។

ការរៀបចំឱ្យមានឧទ្យានសាធារណៈ និងលំហបៃតងនេះ ក្រោមការផ្ដួចផ្ដើមពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ដោយមានការគាំទ្រពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





