ព្រះករុណាព្រះមហាក្សត្រ៖ ការរស់នៅដោយការគោរពធម្មជាតិ មិនបំផ្លាញធម្មជាតិ និងចេះប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព គឺជាកាតព្វកិច្ចដែលយើងត្រូវបន្តថែរក្សាការពារ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥--ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាមានព្រះរាជឱង្ការថា ការរស់នៅដោយការគោរពធម្មជាតិ មិនបំផ្លាញធម្មជាតិ និងចេះប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព គឺជាកាតព្វកិច្ចដែលយើងត្រូវបន្តថែរក្សាការពារ និងពង្រឹងឱ្យបានខ្ជាប់ខ្ជួនសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ។

ក្នុងខណៈស្ដេចយាងជាព្រះរាជអធិបតីភាព ក្នុង “ទិវា បរិស្ថានជាតិ និងបរិស្ថានពិភពលោក” ៥មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ” ប្រយុទ្ធប្រឆាំងការបំពុល ដោយប្លាស្ទិក” នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ព្រះករុណា ព្រះមហាក្សត្រមានព្រះរាជឱង្ការថា មាតុភូមិកម្ពុជានៃយើង គឺជាទឹកដីដ៏ស្រស់បំព្រងពោរពេញដោយសម្បត្តិធម្មជាតិ ដែលបុព្វបុរសយើងបានថែរក្សាកេរដំណែលនេះទុកសម្រាប់យើងទាំងអស់គ្នា។ ពីជួរភ្នំដ៏ខ្ពស់ត្រដែត ព្រៃឈើ ដ៏ខៀវស្រងាត់ស្រស់ត្រកាល ទន្លេមេគង្គ បឹងទន្លេសាបដែលជាមរតកធនធានធម្មជាតិដ៏សម្បូរបែប រហូតដល់តំបន់ឆ្នេរសមុទ្ទដ៏ស្រស់រស់រវើក និងប្រជុំកោះតូចធំជាច្រើន។ ព្រះអង្គបញ្ជាក់ថា សម្បត្តិធម្មជាតិទាំងអស់នេះ ហើយគឺជាសរសៃឈាម នៃជីវិត និងជាផ្នែកមួយនៃអត្តសញ្ញាណជាតិរបស់យើង ហើយភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ គឺជាឫសគល់នៃវប្បធម៌ ប្រពៃណី និងជំនឿរបស់ប្រជាជនខ្មែរយើងតាំងពីបុរាណកាលមក ។ ព្រះអង្គបានរម្លឹកថា ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានផ្តួចផ្តើមរៀបចំបង្កើតតំបន់ការពារធម្មជាតិនានា ទុកជាកេរមរតក និងលើកទឹកចិត្តកូនចៅជាទីស្រឡាញ់របស់ព្រះអង្គ ចូលរួមថែរក្សា ការពារ អភិរក្សធនធានធម្មជាតិ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គគូសបញ្ជាក់ទៀតថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងដ៏ឆ្នើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ ព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្សរីកចម្រើនរហូតទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិ និងមានលទ្ធភាពត្រៀមខ្លួនរួចជាស្រេចដើម្បីបន្ស៉ាំនឹងផលប៉ះពាល់ ក៏ ដូចជាចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

ព្រះករុណាព្រះមហាក្សត្របានឱ្យដឹងទៀតថា ប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” សម្រាប់ទិវាបរិស្ថានឆ្នាំ២០២៥នេះ គឺជា ការក្រើនរម្លឹក និងការអំពាវនាវមួយសម្រាប់យើងទាំងអស់គ្នាឱ្យរួមគ្នាធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវខ្ពស់។ ការដោះស្រាយបញ្ហានេះ មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័ន ណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន គ្រួសារនីមួយៗ និងបុគ្គលគ្រប់រូប ទាំងកម្រិត ជាតិ តំបន់ និងអន្តរជាតិ និងសូមបន្តផ្តល់នូវកិច្ចសហការគាំទ្រគ្រប់រូបភាពជាមួយក្រសួងបរិស្ថាន ក្នុងគោលបំណងសម្រេចបាននូវបេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមទិសស្លោក “ កម្ពុជាស្អាត ខ្មែរធ្វើបាន ”។ ព្រះអង្គក៏បានថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត និងអង្គការដៃគូ អភិវឌ្ឍន៍ជាតិនិងអន្តរជាតិ សង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដែលបានចូលរួមដល់ កិច្ចការពារ និងអភិរក្សបរិស្ថាន និងសូមអំពាវនាវឱ្យបន្តសកម្មភាពដ៏ថ្លៃថ្លាទាំងនេះ ដើម្បីជួយគាំទ្រ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូល។ ព្រះករុណាព្រះមហាក្សត្រ ក៏បានឧទ្ទិសឱ្យទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ស្ថិតក្នុងបេះដូង ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការ គ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ដែរថា “ទិវា បរិស្ថានជាតិ និងបរិស្ថានពិភពលោក” ៥មិថុនា ២០២៥ ក្រោមប្រធានបទ” ប្រយុទ្ធប្រឆាំងការបំពុល ដោយប្លាស្ទិក” ត្រូវបានក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធ រៀបចំប្រារព្ធឡើង នៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ដោយមានការអញ្ជើញចូលរួមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំង សម្តេច ឯកឧត្តម ជាឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងឯកឧត្តម ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ទិវាបរិស្ថានពិភពលោក ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៧២ ក្នុងឱកាសសន្និសីទស្តីពីបរិស្ថានមនុស្ស នៅទីក្រុងស្តុកខូម ប្រទេសស៊ុយអែត ដោយបានកំណត់យកថ្ងៃទី០៥ ខែមិថុនា ជាថ្ងៃប្រារព្ធពិធី។ ប្រទេសកម្ពុជា បានចូលរួមប្រារព្ធទិវាបរិស្ថានពិភពលោកតាំងពីឆ្នាំ១៩៩៣ និងប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោកបញ្ចូលគ្នាជារៀងរាល់ឆ្នាំ៕


ដោយ៖ ជឹម ណារី





