៥ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករបានប្រមាណ ៣៤ម៉ឺនតោន
AKP ភ្នំពេញថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២៥ -- ការនាំចេញក្នុងរយៈពេល៥ខែ នៃឆ្នាំ ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៣៤៤ ១៩៩ តោន គិតជាទឹកប្រាក់ បានចំនួន ២៥២.៣០ លានដុល្លារ សហរដ្ឋអាមេរិក។

ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៤៤ ១៩៩ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៦០ ៧៣២ តោន គិតជាទឹកប្រាក់ចំនួន ១២៦.៧៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៩០ ៦៦៥ តោន គិតជាទឹកប្រាក់ចំនួន ៥៣.២៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ៤៩ ៧០០ តោន គិតជាទឹកប្រាក់ចំនួន ៣៤.៥៦ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ៣០ ប្រទេសផ្សេងទៀតមានអាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៤៣ ០៩៩ តោន គិតជាទឹកប្រាក់ចំនួន ៣៧.៨០ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៥.៥៦% ប្រភេទអង្ករសគ្រាប់វែង ១៩.៣៣% អង្ករចំហ៊ុយ ២.៤៣% អង្ករសរីរាង្គចំនួន ២.០៣% និងអង្ករផ្សេងៗចំនួន ០.៦៥% ។
ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ១០២ ៩៧៣ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៧៤០.៩៤ លានដុល្លារសហរដ្ឋអាមេរិក៕

ដោយ៖ ចរិយា





