ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ីតែងតែគាំទ្រដំណោះស្រាយជម្លោះដោយសន្តិវិធី និងស្វាគមន៍ បើកម្ពុជា-ថៃ ចង់ឱ្យឥណ្ឌូណេស៊ី ជួយសម្របសម្រួលជម្លោះវិវាទ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ -- ឥណ្ឌូណេស៊ី ក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា រួមទាំងតាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រៅផ្លូវការពីទីក្រុងហ្សាកាតា នៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ និងការធ្វើជាសហប្រធានសន្និសីទសន្តិភាពទីក្រុងប៉ារីស ព្រមទាំងការសម្របសម្រួលកិច្ចសន្ទនារវាងកម្ពុជា និងថៃ ក្នុងឆ្នាំ២០១១ ក្នុងអំឡុងពេលជម្លោះព្រំដែននៃប្រទេសទាំងពីរ ហើយឥណ្ឌូណេស៊ីតែងតែគាំទ្រដំណោះស្រាយជម្លោះដោយសន្តិវិធី និងស្វាគមន៍ បើកម្ពុជា-ថៃ ចង់ឱ្យឥណ្ឌូណេស៊ី ជួយសម្របសម្រួលជម្លោះវិវាទរវាងប្រទេសទាំងពីរនោះ។ នេះគឺជាការថ្លែងបញ្ជាក់របស់ឯកឧត្តម បណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន និងការធ្វើបទបង្ហាញស្តីពីគោលនយោបាយនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌូណេស៊ី នាថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០២៥ នៅស្ថានទូតឥណ្ឌូណេស៊ី ក្នុងរាជធានីភ្នំពេញ។
ឯកឧត្តម បណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ បានគូសបញ្ជាក់ថា ក្នុងជម្លោះវិវាទព្រំដែនរវាងកម្ពុជា និងថៃ បើប្រទេសទាំងពីរចង់ឱ្យឥណ្ឌូណេស៊ី ឬក៏ប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ ជួយធ្វើជាអ្នកសម្របសម្រួល ក៏ជាជម្រើសមួយអាចទៅរួចផងដែរ បើកាលណាភាគីទាំងពីរបានឯកភាព ហើយស្នើសុំនោះ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់បន្ថែមថា៖ «ឥណ្ឌូណេស៊ីតែងតែគាំទ្រដំណោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនាបើកចំហ និងស្ថាបនា»។

ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីជម្រើសក្នុងការនាំយកបញ្ហាព្រំដែនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ឬហៅកាត់ថា ICJ ដោយមានប្រសាសន៍ថា «ការនាំយកបញ្ហាទៅតុលាការ ICJ វាជាជម្រើសសម្រាប់ប្រទេសនានា នៅពេលមានបញ្ហាប្រឈមទាក់ទងនឹងជម្លោះព្រំដែន»។ ឯកឧត្តមបានបន្តថា វាគឺជាដំណោះស្រាយមួយ ព្រោះថា ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី កន្លងមកក៏ធ្លាប់នាំយកសំណុំរឿងជម្លោះវិវាទរបស់ខ្លួនទៅធ្វើការដោះស្រាយគ្នានៅតុលាការអន្តរជាតិក្រុងឡាអេ ប្រទេសហូឡង់ នេះរួចមកហើយដែរ។ 
ឯកឧត្ដមឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីបានថ្លែងដោយបញ្ជាក់បន្ថែមថា៖ «សំខាន់ទៅលើភាគីទាំងពីរថាចង់ឱ្យមានអ្នកកណ្តាលសម្រាប់សម្របសម្រួលក្នុងបញ្ហាជម្លោះនេះឬក៏អត់។ ដោយសារយើងជាមិត្តដូចគ្នា ហេតុនេះចាំបាច់ណាស់ត្រូវការឱ្យមានការសម្របសម្រួលទាំងសងខាង។ បើសិនភាគីទាំងសងខាងចង់ដោះស្រាយតាមយន្តការ អាស៊ាន យើងក៏អាចស្នើទៅកាន់ប្រទេសប្រធានអាស៊ានបច្ចុប្បន្ន ដើម្បីជួយសម្របសម្រួលរកដំណោះស្រាយ ធ្វើយ៉ាងណារកសន្តិភាព រវាងប្រទេសទាំងពីរ»។

ជាមួយគ្នានេះ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានឱ្យដឹងថា កន្លងមកប្រទេសឥណ្ឌូណេស៊ីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជាមួយជម្លោះកម្ពុជា និង ថៃ ក្នុងនោះឥណ្ឌូណេស៊ីបានធ្វើការសម្របសម្រួល ដោយមានទាំងបញ្ជូនអ្នកសង្កេតការណ៍ទៅកាន់តំបន់ជម្លោះនៃប្រាសាទព្រះវិហារនៅអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១១តែម្តង។ លោកបន្ដថា ក្រៅពីនេះ ក្នុងសម័យអ៊ុនតាក់ ប្រទេសឥណ្ឌូណេស៊ីក៏មានតួនាទីសំខាន់ក្នុងជំនួបចរចារវាងរដ្ឋាភិបាលកម្ពុជា ជាមួយចតុភាគីផងដែរ។ លើសពីនេះទៀត ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រទេសបារាំង ប្រទេសឥណ្ឌូណេស៊ី ក៏បានជួយបញ្ជូនកងទ័ពចំនួន៤ពាន់នាក់ សម្រាប់រក្សាសន្តិភាពនៅកម្ពុជា នាសម័យអ៊ុនតាក់ ហើយឃើញថាក្នុងបណ្តាប្រទេសអាស៊ាន គឺប្រទេសឥណ្ឌូណេស៊ីបានជួយកម្ពុជាច្រើនជាងគេ។

គួរបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌូណេស៊ី បានផ្តល់ជំនួយយោធាដល់កម្ពុជា ក្នុងនោះរួមមានកាំភ្លើងវែង អាវុធខ្លី និងគ្រាប់កាំភ្លើង គិតជាទឹកប្រាក់ ៥០០ ០០០ ដុល្លារ កាលពីអំឡុងចុងខែសីហា ឆ្នាំ២០២៤ កន្លងមក៕
ដោយ៖ មករា, រូបថត៖ ស៊ិន សារ៉េត





