គ្រួសារងាយរងគ្រោះ ៤០០ គ្រួសារ នៅបន្ទាយមានជ័យ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
AKPបន្ទាយមានជ័យ ថ្ងៃទី ៥ ខែមិថុនាឆ្នាំ២០២៥--ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យកាលពីថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះមូលដ្ឋានចែកអំណោយមនុស្សធម៌កាកបាទក្រហមជូកម្ពុជាជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង និងជនពិការចំនួន ៤០០ គ្រួសារ។

ពិធីនេះបានប្រព្រឹត្តទៅនៅក្នុងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីប្រជាពលរដ្ឋមកពីក្រុង-ស្រុកចំនួន ៤ រួមមាន ស្រុកព្រះនេត្រព្រះ ស្រុកមង្គលបូរី ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ។
ក្នុងនាមជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ឯកឧត្តម ឌិត ទីណា បានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការលះបង់កម្លាំងកាយចិត្ត ដើម្បីកៀរគរមូលនិធិគាំទ្រសកម្មភាពមនុស្សធម៌នានា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺក្នុងគោលបំណងរួមចំណែកជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលជួបការលំបាក និងងាយរងគ្រោះបំផុតនៅក្នុងសហគមន៍។ សកម្មភាពនេះបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជា ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប។

អំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បាននាំយកមកចែកជូនដល់គ្រួសារទាំង ៤០០ នាពេលនេះ ក្នុងមួយគ្រួសាទទួលបាន អង្ករ ចំនួន ២៥ គីឡូក្រាម , មីយ៉ាំយ៉ាំ ចំនួន ១ កេស , ត្រីខ ចំនួន ១ យួរ ,ទឹកត្រី ចំនួន ១ យួរ, មុង ចំនួន ១ ភួយ ចំនួន ១ សារុង ចំនួន ១ ក្រមា ចំនួន ១ , និងថវិកាមួយចំនួនផងដែរ។
អំណោយទាំងនេះគឺជាចំណែកមួយដ៏សំខាន់ក្នុងការជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងបង្ហាញពីទឹកចិត្តសប្បុរសធម៌របស់កាកបាទក្រហមកម្ពុជា ដែលតែងតែនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្ដៅពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលអំណោយនាពេលនេះ។ ការផ្ដាំផ្ញើសួរសុខទុក្ខនេះបានបង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះទូទាំងប្រទេស។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឌិត ទីណា បានលើកឡើងពីសារៈសំខាន់នៃកិច្ចការមនុស្សធម៌ និងការរួមចំណែករបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ក្នុងការជួយដល់ជនរងគ្រោះ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា "យើងខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលបាននាំយកអំណោយមនុស្សធម៌ទាំងនេះមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅថ្ងៃនេះ។ នេះគឺជាទឹកចិត្តសប្បុរសធម៌របស់កាកបាទក្រហមកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនគ្រប់គ្នា។ អំណោយទាំងនេះ ទោះបីមិនច្រើនណាស់ណា ក៏អាចជួយសម្រាលបន្ទុកបានមួយផ្នែកតូចដែរ។ យើងខ្ញុំសូមប្តេជ្ញាបន្តកៀរគរ និងស្វែងរកជំនួយបន្ថែមទៀត ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកឱ្យបានកាន់តែច្រើនទៅមុខទៀត"។

ឯកឧត្តមក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកក្នុងការបរិច្ចាគដល់មូលនិធិកាកបាទក្រហមកម្ពុជា ដែលបានធ្វើឱ្យសកម្មភាពមនុស្សធម៌នេះអាចប្រព្រឹត្តទៅបានដោយរលូន។
សកម្មភាពមនុស្សធម៌នេះបានបង្ហាញយ៉ាងច្បាស់ពីតួនាទីយ៉ាងសំខាន់របស់កាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងជាការរួមចំណែកយ៉ាងសកម្មក្នុងការកសាងសង្គមមួយដែលមានភាពរឹងមាំ និងមានការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក៕
ដោយ៖ ឈុនសារ៉ាត





