បើកកិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យជំរុញការអភិវឌ្ឍ និងលើកកម្ពស់តម្លាភាពរដ្ឋបាល
AKPបន្ទាយមានជ័យ ថ្ងៃ ទី៥ ខែមិថុនា ឆ្នាំ២០២៥--ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តកាលពីរសៀលថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។

កិច្ចប្រជុំដ៏សំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្តផងដែរ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន ដើម្បីធានាបាននូវដំណើរការរដ្ឋបាលប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ព្រមទាំងជំរុញការអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើន។

របៀបវារៈសំខាន់ៗដែលបានពិភាក្សា និងអនុម័តក្នុងកិច្ចប្រជុំនេះ ចំនួន ៤ ត្រូវបានលើកយកមកពិនិត្យ ពិភាក្សា និងអនុម័តយ៉ាងល្អិតល្អន់៖
១. ការអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៤ របៀបវារៈទីមួយគឺការពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។ ការអនុម័តនេះគឺដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយនៃខ្លឹមសារកិច្ចប្រជុំកន្លងមក ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចការបន្តបន្ទាប់។
២. ការពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៥ របាយការណ៍នេះបង្ហាញពីវឌ្ឍនភាពការងារ សមិទ្ធផល ក៏ដូចជាបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្តក្នុងខែឧសភា ដែលជាព័ត៌មានសំខាន់សម្រាប់វាយតម្លៃ និងរៀបចំផែនការបន្ត។
៣. ផែនការអភិវឌ្ឍន៍ខេត្តរយៈពេល ៥ ឆ្នាំ (២០២៥-២០២៩)ដែលជាចំណុចគន្លឹះមួយធ្វើការពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការអភិវឌ្ឍន៍ខេត្តរយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្ត។ ផែនការនេះគឺជាឯកសារយុទ្ធសាស្ត្រដ៏សំខាន់ ដែលនឹងកំណត់ទិសដៅអភិវឌ្ឍន៍ខេត្តក្នុងរយៈពេល ៥ ឆ្នាំខាងមុខ គ្របដណ្តប់លើគ្រប់វិស័យ ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ច សង្គម និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
៤.ជាចុងក្រោយ កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខេត្ត សម្រាប់ខែឧសភា ឆ្នាំ២០២៥ និងថវិកាពង្រឹងយន្តការរដ្ឋបាល។ ការបែងចែកប្រាក់រង្វាន់នេះ គឺដើម្បីលើកទឹកចិត្តដល់មន្ត្រី និងបុគ្គលិក ដែលបានខិតខំបំពេញការងារបម្រើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាពង្រឹងសមត្ថភាព និងយន្តការរបស់រដ្ឋបាលខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចប្រជុំនេះ ក្នុងការធានានូវតម្លាភាព និងគណនេយ្យភាពរបស់រដ្ឋបាលខេត្ត ព្រមទាំងជំរុញឱ្យសមាជិកក្រុមប្រឹក្សាទាំងអស់ចូលរួមយ៉ាងសកម្មក្នុងការត្រួតពិនិត្យ និងផ្តល់មតិយោបល់ដើម្បីកែលម្អការងាររដ្ឋបាល។
ជាមួយគ្នានេះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រនានា ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងអភិវឌ្ឍខេត្ត។ ឯកឧត្តមបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តក្នុងការអនុវត្តផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំខាងមុខឱ្យបានជោគជ័យ ដើម្បីសម្រេចបាននូវគោលដៅរួម គឺការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តប្រកបដោយចីរភាព។
កិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៤ នេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា ដោយឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ក្នុងបេសកកម្មរួមដើម្បីការអភិវឌ្ឍខេត្តបន្ទាយមានជ័យ៕
ដោយ៖ឈុនសារ៉ាត





