អ្នកស្ម័គ្រចិត្តទទួលវគ្គបណ្ដុះបណ្តាលអំពីវិជ្ជាសង្គ្រោះបឋម សហគមន៍មានសុខភាពល្អ មានភាពធន់និងអាកាសធាតុ
AKPកំពង់ធំថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៥--សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំសហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយកាលពីថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២៥បានរៀបចំបេីកវគ្គបណ្ដុះបណ្ដាលអំពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ឌក្រហម គោលការគ្រឹះ វិជ្ជាសង្គ្រោះបឋម សហគមន៍មានសុខភាពល្អ មានភាពធននិងអាកាសធាតុ ដោយបានការអញ្ជេីញចូលរួមពីលោក ដួង ចន្ទតារាអភិបាលរងស្រុកកំពង់ស្វាយ លោកស្រី ឡេង សុឃីម នាយិការងសាខា លោក លោកស្រី មន្ត្រីក្រុមប្រត្តិបត្តិ មន្ត្រីអនុសាខា អ្នកស្ម័គ្រចិត្តឃុំ អ្នកស្ម័គ្រចិត្តភូមិសរុបចំនួន៤៣នាក់ (ស្រី១២ នាក់)។

លោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានលើកឡើងថាការបើកវគ្គបណ្ដុះបណ្ដាលនេះក្នុងគោលបំណងដើម្បីឱ្យអ្នកស្ម័គ្រចិត្តបានយល់ដឹងអំពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម ធ្វើឱ្យសហគមន៍មានសុខភាពល្អ មានភាពធននិងអាកាសធាតុ ដើម្បីជួយសង្គ្រោះជនរងគ្រោះបានត្រឹមត្រូវតាមបច្ចេកទេសហើយយកចំណេះដឹងថ្មីនេះទៅធ្វើការអប់រំផ្សព្វផ្សាយបន្តដល់បងប្អូន និងសហគមន៍រៀងៗខ្លួន។

ក្នុងឱកាសនោះលោក ឌួង ចន្ទដារ៉ាបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះមន្ត្រីអនុសាខានិងអ្នកស្ម័គ្រចិត្តទាំងអស់ដោយក្តីនឹករឭកបំផុតនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ពេលវេលាដ៏មានតម្លៃក្នុងការចូលរួមក្នុងបណ្ដុះបណ្ដាលនេះ។

សូមសម្រាបថាប្រធានបទដែលយកមកបង្ហាញរួមមាន÷ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ សន្លប់បាត់បងស្មារតី(មានដង្ហើម)ការធ្វើ CPR (មនុស្សពេញវ័យ កុមារ ទារក) ស្លាក់ របួស ការឃាត់ឈាម ការបាក់ឆ្អឹង វិធានការការពារជំងឺមិនឆ្លងធំទាំង៤ប្រភេទ វិធីការពាររន្ទះ សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រកបដោយបរិយាប័ន្ននិងវិធានការការពារជំងឺគ្រុនឈាម៕


ដោយ៖ ស៊ុម វណ្ណា





