រដ្ឋបាលខេត្តកំពងឆ្នាំង បើកកិច្ចប្រជុំត្រៀមរៀបចំបុណ្យចម្រើនព្រះជនព្រះមហាក្សត្រី
AKP កំពង់ឆ្នាំង ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនិងជាប្រធានគណៈកម្មាធិការសាខាកាកបាកក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជនព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅវត្ត តាសុត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី

ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹកក្សាខេត្ត សមាជិកសាខាកាកបាកក្រហមខេត្ត លោក លោកស្រី នាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តនិងអាជ្ញាធរក្រុងស្រុកជុំវិញខេត្តជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ដើម្បីបម្រុងត្រៀមរៀបចំទៅដោយរលូន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួម រៀបចំតុបតែងថ្វាយនូវព្រះរាជកតញ្ញូ កតវេទិតាដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គ តែងតែបានយាងដង្ហែព្រះរាជបូជនីយកិច្ចដ៏ឧត្ដុង្គឧត្តមនៃ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ក្នុងពុទ្ធចក្រ និងអាណាចក្រ កសាងនូវព្រះរាជសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ច្រើនសន្ធឹកសន្ធាប់ ទុកជាមរតកដ៏មានតម្លៃឥតគណនាចំពោះ ជាតិ មាតុភូមិ។ ជាក់ស្តែង ព្រះរាជវីរគំរូមនុស្សធម៌នៃ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងប្រោសព្រះរាជឧបត្ថម្ភ គាំទ្រកាកបាទក្រហមកម្ពុជា គ្រប់កាលៈទេសៈ ផ្ដល់នូវកម្លាំងចិត្តដ៏ធំធេងដល់ខ្ញុំម្ចាស់ និងសហការីយាងដង្ហែតាម ដើម្បីឧត្តមប្រយោជន៍ប្រជារាស្ត្រ ជាតិ សាសនា ព្រះមហាក្សត្រ។

ទន្ទឹមនឹងនេះឯកឧត្តមបានបន្តថា មន្ទីរអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែរៀបចំមន្ត្រីមួយចំនួន មកចូលរួមពិធីបុណ្យចម្រើនព្រះជន្មព្រះវររាជមាតាជាតិខ្មែរ ជាតិ សាសនា ព្រះមហាក្សត្រ សន្តិភាព ឯករាជ្យ និងដើម្បីតបស្នងដឹងគុណដល់ជនវីរៈកុលបុត្រកុលធីតា កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដែលបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ដែលបានការពារមាតុភូមិ ការពារសន្តិសុខសណ្តាប់ធ្នាប់ ថែរក្សា រាល់សមិទ្ធផលរបស់ជាតិឲ្យគង់វង្សស្ថិតស្ថេរ រួមចំណែក កសាង អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យបានរីកចម្រើន រុងរឿង ក្នុងឯករាជ្យ សន្តិភាព និងស្ថិរភាព។ គណបញ្ជាការឯកភាពក្រុង ស្រុក ត្រូវមានចាត់វិធានការការអនុវត្តការពារសណ្ដាប់ធ្នាប់ ឱ្យមានរបៀបរៀបរយ និងបង្កលក្ខណជូនប្រជាពលរដ្ឋចូលរួមដោយសុវត្ថិភាព។ បង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព ព្រមទាំងធ្វើការផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ទាំង៩ចំនុច និងច្បាប់ចរាចរណ៍តាមបណ្តាក្រុង ស្រុក ដើម្បីចាត់បន្ថយបទល្មើស រក្សាសុខសន្តិភាព ស្ថេរភាព សង្គម និងស្ថេរភាពនយោបាយ ដើម្បីមានការអភិវឌ្ឍមូលដ្ឋាន៕


ដោយ៖ បៃ ស៊ីថុន





