រដ្ឋបាលខេត្តព្រះសីហនុគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ
AKP ព្រះសីហនុ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥--
យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត និងប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ សូម ប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា និងថៃ ដោយគោរព តាមច្បាប់អន្តរជាតិ និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់ និងសូមគាំទ្រប្រសាសន៍ដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលបានប្រកាសគាំទ្រនូវរាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងបុព្វហេតុការពារ បូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា។ នេះគឺជាចំណាត់ការប្រកបដោយភាពចាស់ទុំខាងនយោបាយនៃអ្នកដឹកនាំកម្ពុជា ដែលបានគិតគូរវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ខ្ពស់។

ក្នុងឱកាសនោះ យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសសូមមេត្តារក្សាភាពស្ងៀមស្ងាត់ និងសូមបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាលចំពោះវិធានការដ៏រឹងប៉ឹងក្នុងការការពារព្រំដែនជាតិ ក្នុងបុព្វហេតុពង្រឹងអធិបតេយ្យភាពរបស់កម្ពុជា។
ឈរលើផលប្រយោជន៍ជាតិ និងប្រជាជនជាធំ យើងខ្ញុំទាំងអស់គ្នាសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការប្តេជ្ញាចិត្តដ៏មោះមុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើសិនជាមានការប៉ុនប៉ងរំលោភដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធ។
ជាមួយគ្នានេះ យើងខ្ញុំទាំងអស់គ្នាសូមប្តេជ្ញាចិត្តចូលរួមដោយឥតងាករេលើគ្រប់រូបភាព ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួន ដើម្បីបុព្វ ហេតុថែរក្សាការពារដែនអធិបតេយ្យភាពកម្ពុជាឱ្យបាននៅគង់វង្សស្ថិតស្ថេរជាអមតៈ៕
ដោយ ងូ សុមុនី





