ឯកឧត្តម នួន ផារ័ត្ន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដើម្បីពង្រឹងការងារ សន្តិសុខសណ្ដាប់ធ្នាប់ ព្រមទាំងត្រៀមខ្លួនចូលរួមសហការការងារចាំបាច់នានានៅចំពោះមុខ
AKP កំពង់ធំ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥--
នៅសាលប្រជុំសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ព្រមទាំងត្រៀមខ្លួន ចូលរួមសហការការងារចាំបាច់នានាចំពោះមុខ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក អធិការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ និងនាយផ្នែកសឹករងក្រុង-ស្រុក។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ណែនាំដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកឱ្យរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពក្រុង-ស្រុកឱ្យបានទៀងទាត់ ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ជាពិសេសកិច្ចការពារបរិស្ថាន និងទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសដើម្បីយល់ដឹងពីបញ្ហាប្រឈម សំណូមពរ និងព្យាយាមស្វែងរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។ ចំពោះសភាពការណ៍ចំពោះមុខនៃសភាពការណ៍ព្រំដែន ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ណែនាំឱ្យគណៈបញ្ជាការឯកភាព រួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់កងកម្លាំងទាំងបី អធិការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ និងនាយផ្នែកសឹករងក្រុង-ស្រុកទាំងអស់ ចូលរួមទប់ស្កាត់ និងបង្ក្រាបមុខសញ្ញាក្មេងទំនើង ទប់ស្កាត់ការចែកចាយគ្រឿងញៀន ការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ក៏ដូចជាបទល្មើសធនធានធម្មជាតិ កុំឱ្យកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ជាមួយគ្នានេះ មន្ទីរ អង្គភាព អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវចូលរួមលើកកម្ពស់បរិស្ថាន និងសោភ័ណភាពខេត្តឱ្យបានល្អប្រសើរ និងស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត៕

ដោយ ស៊ុម វណ្ណា





