មហាគ្រួសារមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យឧបត្ថម្ភដល់កងទ័ពការពារព្រំដែននៅប្រាសាទតាមាន់ធំ
AKP បន្ទាយមានជ័យ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥--
មហាគ្រួសារមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ រួមជាមួយព្រះមន្ត្រីសង្ឃទាំង៩ស្រុក-ក្រុង បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ទៅប្រគល់ជូនកងទ័ពឈរជើងការពារព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ ដើម្បីចូលរួមចំណែកលើកទឹកចិត្ត និងគាំទ្រដល់កងទ័ពជួរមុខ ដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី។ ពិធីដ៏មានអត្ថន័យនេះបានប្រព្រឹត្តទៅនៅថ្ងៃពុធ ទី០៤ ខែ មិថុនា ឆ្នាំ ២០២៥ ដោយមានការចូលរួមពីសំណាក់លោក បៀវ ថាយ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ ព្រមទាំងព្រះមន្ត្រីសង្ឃ និងសប្បុរសជនជាច្រើនរូប។

លោក បៀវ ថាយ បានមានប្រសាសន៍ថា «នេះជាកាយវិការមួយបង្ហាញពីសាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់មហាគ្រួសារមន្ទីរធម្មការ និងសាសនាខេត្ត ក៏ដូចជាព្រះសង្ឃគ្រប់ព្រះអង្គ ចំពោះវីរភាពរបស់កងទ័ពយើង ដែលកំពុងឈរជើងការពារព្រំដែន ប្រកបដោយការលំបាក និងការលះបង់ខ្ពស់។ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួននេះ មិនមែនជាតម្លៃធំប៉ុន្មានទេ ប៉ុន្តែជាទឹកចិត្តដ៏បរិសុទ្ធ ដែលចង់ឃើញបងប្អូនកងទ័ព មានកម្លាំងកាយចិត្តមាំមួន បំពេញភារកិច្ចជូនជាតិមាតុភូមិ។ យើងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយថែរក្សាកងទ័ពយើងទាំងអស់គ្នាឱ្យចៀសផុតពីឧបសគ្គទាំងពួង និងទទួលបាននូវសុខសុវត្ថិភាពជានិច្ច។»

លោកប្រធានមន្ទីរក៏បានបន្ថែមទៀតថា សកម្មភាពបែបនេះនឹងបន្តធ្វើជាទៀងទាត់ ដើម្បីពង្រឹងស្មារតីសាមគ្គីភាពរវាងប្រជាពលរដ្ឋ ព្រះសង្ឃ និងកងកម្លាំងប្រដាប់អាវុធ ក្នុងការរួមចំណែកកសាង និងការពារប្រទេសជាតិ។
តំណាងកងទ័ពឈរជើងការពារព្រំដែននៅតំបន់ប្រាសាទតាមាន់ធំបានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមហាគ្រួសារមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ ក៏ដូចជាព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ ដែលបានយកចិត្តទុកដាក់ និងគិតគូរដល់សុខទុក្ខរបស់កងទ័ព។

នាយទាហានមួយរូបបានថ្លែងទាំងទឹកមុខញញឹមថា «យើងពិតជារំភើបចិត្តណាស់ ដែលឃើញបងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃ មិនបានបំភ្លេចយើង ដែលកំពុងបំពេញភារកិច្ចនៅទីនេះ។ អំណោយទាំងនេះ គឺមិនត្រឹមតែជាសម្ភារប្រើប្រាស់ប៉ុណ្ណោះទេ តែវាជាកម្លាំងចិត្តដ៏ធំធេង ដែលជំរុញឱ្យពួកយើងកាន់តែមានស្មារតីរឹងមាំ ក្នុងការបន្តការងារការពារទឹកដីឱ្យបានគង់វង្ស។ យើងសូមសន្យាថា នឹងខិតខំបំពេញភារកិច្ចឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីការពារសុវត្ថិភាព និងបូរណភាពទឹកដីជូនជាតិមាតុភូមិ។»
សកម្មភាពមនុស្សធម៌នេះបានឆ្លុះបញ្ចាំងឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ ការរួបរួមសាមគ្គីគ្នា និងការយកចិត្តទុកដាក់ខ្ពស់របស់មហាគ្រួសារមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ ព្រមទាំងព្រះមន្ត្រីសង្ឃ ចំពោះកងទ័ពដែលជាកម្លាំងស្នូលក្នុងការការពារអធិបតេយ្យភាពជាតិ។ នេះក៏ជាគំរូដ៏ល្អមួយសម្រាប់សង្គមជាតិ ក្នុងការរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាព៕
ដោយ ឈុន សារ៉ាត





