អាជ្ញាធរមីនផ្ដល់វគ្គពង្រឹងសមត្ថភាពអប់រំផលប៉ះពាល់ដោយសារមីនដល់គ្រូបង្គោលនគរបាលខេត្ដបាត់ដំបង និងប៉ៃលិន
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអប់រំ រយៈពេលមួយសប្ដាហ៍ដល់គ្រូបង្គោលនគរបាលមកពីខេត្ដបាត់ដំបង និងប៉ៃលិន ប្រមាណជាង២០០នាក់ ដែលរៀបចំដោយអាជ្ញាធរមីន ក្រោមកិច្ចសហការពីក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នៅស្នងការនគរបាលខេត្ដបាត់ដំបង។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានបញ្ជាក់ថា ផ្ដល់វគ្គចំណេះដឹងដល់នគរបាលនៅមូលដ្ឋានពិតជាបានចូលរួម ក្នុងដំណើរការសកម្មភាពមីននៅកម្ពុជានាពេលកន្លងមក និងបច្ចុប្បន្ន ពិតជាបានឆ្លើយតបទាន់ពេលវេលាតាមសំណូមពររបស់ប្រជាពលរដ្ឋ ការជួយសង្រ្គោះទាន់ពេលវេលា និងការអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ជាពិសេសពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកការរួមចំណែករបស់នគរបាលជាតិ ពិតជាស្របតាមចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងឆ្លើយតប ជាពិសេសទៅនឹងគោល បំណងរបស់សម្តេចធិបតីក្នុងការកាត់បន្ថយគ្រោះថ្នាក់របស់ប្រជាពលរដ្ឋនៅឆ្នាំ២០៣០។ វគ្គបណ្ដុះបណ្ដាលនេះបានក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការរួមចំណែកទប់ស្កាត់និងកាត់បន្ថយជនរងគ្រោះថ្នាក់ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក៏ដូចជាធានាថាសារអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះត្រូវបានផ្ដល់ដល់សហគមន៍គោលដៅ និងក្រុមគោលដៅដែលងាយរងគ្រោះពិតប្រាកដ ក្នុងនោះបានក្លាយជាដៃគូយ៉ាងសំខាន់ជាមួយអាជ្ញាធរមីន ចាប់តាំងពីឆ្នាំ២០០៦មក ថ្វីបើវិស័យសកម្មភាពមីនបាន និងកំពុងទទួលលទ្ធផលល្អយ៉ាងណាក្ដី តែការងារអប់រំផ្សព្វ ផ្សាយ កាត់បន្ថយគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាកិច្ចការដ៏ចាំបាច់មួយ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមានដោយសារគ្រឿងផ្ទុះនៅតាមសហគមន៍ ដែលយើងត្រូវតែយកចិត្តទុកដាក់។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានអរគុណដល់គ្រូបង្គោលជានគរបាលខេត្តបាត់ដំបង និងប៉ៃលិន ដែលបានយកចិត្តទុកដាក់ និងយកចំណេះដឹងទទួលបានពីវគ្គបណ្តុះបណ្តាលទៅអប់រំនេះ និងបន្តដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន និងចូលរួមផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះជាលើកទី០៨ហើយដល់មន្ដ្រីនគរបាលខេត្ដទាំងពីរនេះដែលប្រព្រឹត្តទៅក្នុងគោលបំណងពង្រឹងសមត្ថភាពមន្រ្តីនគរបាលនៅតាម ឃុំ សង្កាត់ កំពុងបម្រើការនៅតាមមូលដ្ឋានរងផលប៉ះពាល់ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ របៀបផ្តល់សារអប់រំ កាត់បន្ថយគ្រោះ ថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ វិធីបង្ការគ្រោះថ្នាក់ នីតិវិធីទំនាក់ទំនង ការកត់ត្រាទិន្នន័យគ្រោះថ្នាក់ ស្គាល់ពីប្រភេទមីន/គ្រាប់ដែលប្រើប្រាស់នៅកម្ពុជា និងឥទ្ធិពលបង្កគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាពិសេស ការពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ និងគោលនយោបាយភូមិ ឃុំ មាន សុវត្ថិភាពជាដើម៕
ដោយ សួស សំរិត





