មន្ទីរព័ត៌មានខេត្តតាកែវដង្ហែក្បួនយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ
AKP តាកែវ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥--
មន្ទីរព័ត៌មានខេត្តតាកែវបានរៀបចំដង្ហែក្បួនយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមពាក្យស្លោក "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ដោយយុទ្ធនាការនេះត្រូវបានចាប់ផ្ដើមការដង្ហែក្បួន នៅវិទ្យាល័យឈើទាលស្ថិតនៅភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ក្រៅពីការដង្ហែក្បួនតាមសាលារៀន ក្រុមការងារក៏បានបន្តដង្ហែក្បួនដោយចាក់មេក្រូ នៅតាមដងផ្លូវសំខាន់ៗនានា ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងដូនកែវខេត្តតាកែវ ដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់មហាជន។ យុទ្ធនាការនេះធ្វើឡើងដើម្បីផ្សព្វផ្សាយអប់រំ ដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ លោក ពៅ សាខន អនុប្រធានមន្ទីរព័ត៌មានខេត្តតាកែវ បានមានប្រសាសន៍ថា គោលបំណងនៃការបើកយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅពេលនេះ គឺដើម្បីអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋសិស្សានុសិស្ស ឱ្យមានការយល់ដឹងពីព័ត៌មានក្លែងក្លាយ។ ព័ត៌មានក្លែងក្លាយនិយាយសំដៅដល់ព័ត៌មានមិនពិត ព័ត៌មានញុះញង់បង្កឱ្យមានការរើសអើង និងអំពើហិង្សា។ម្យ៉ាងទៀតព័ត៌មានក្លែងក្លាយជាព័ត៌មាន ត្រូវបានគេកែច្នៃប្រឌិតឡើងក្នុងទម្រង់ ជាអត្ថបទ រូបភាព សំឡេង ឬជាវីដេអូ ហើយយកទៅផ្សព្វផ្សាយលើប្រព័ន្ធអ៊ិនធឺណិត ឬតាមបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ។ព័ត៌មានក្លែងក្លាយវាទាញយកការកេងចំណេញលើអាជីវកម្ម នយោបាយ ជាពិសេសបង្កភាពចលាចលនៅក្នុងសង្គមយ៉ាងធ្ងន់ធ្ងរ។

លោក ពៅ សាខន បានមានប្រសាសន៍បន្តថា ព័ត៌មានក្លែងក្លាយបានផ្ដល់ផលប៉ះពាល់យ៉ាងច្រើន ដូចជាផលប៉ះពាល់ខ្លួនឯងនិងក្រុមគ្រួសារ សន្តិសុខសណ្ដាប់ធ្នាប់សង្គម សេដ្ឋកិច្ចនយោបាយ និងនាំឲ្យបងប្អូនប្រជាពលរដ្ឋបាត់បង់ជំនឿ លើការដឹកនាំរបស់អាជ្ញាធរនិងរាជរដ្ឋាភិបាល។ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយនេះ ក្រសួងព័ត៌មានបានបង្កើតយុទ្ធសាស្ត្រមួយ ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺ មិនបង្កើតព័ត៌មានក្លែងក្លាយ មិនផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មិនចែករំលែកព័ត៌មានក្លែងក្លាយ និងមួយទៀតត្រូវផ្សព្វផ្សាយនិងចែករំលែកតែព័ត៌មានពិត និងមានប្រភពច្បាស់លាស់។

លោក ពៅ សាខន ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ត្រូវជួយផ្សព្វផ្សាយបន្តពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ដល់មិត្តភក្ដិនិងក្រុមគ្រួសាររបស់ខ្លួន និងមិនត្រូវចែករំលែកព័ត៌មានណាដែលគ្មានប្រភពច្បាស់លាស់នោះទេ។
លោកបានមានប្រសាសន៍បន្ថែមថា នេះមិនមានជាលើកទី១ទេដែលមន្ទីរព័ត៌មានខេត្តតាកែវ បានធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ កន្លងមកមន្ទីរព័ត៌មានខេត្តតាកែវ បានធ្វើសកម្មភាពជាញឹកញាប់ ក្នុងការផ្សព្វផ្សាយពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយដល់មហាជន និងបានជួបជុំជាមួយអ្នកសារព័ត៌មាននៅក្នុងខេត្ត រៀបចំយុទ្ធនាការ ប្រឆាំងព័ត៌មានក្លែងក្លាយថែមទៀតផង៕
ដោយ អ៊ុច សៀង





