បទយកការណ៍៖ ទុរេនស្រយ៉ង់ ស្ថិតក្នុងស្រុកគូលែន ខេត្ដព្រះវិហារ មានរស់ជាតិឆ្ងាញ់ និងមានទីផ្សារល្អ
AKP សៀមរាប ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥
ទុរេន ជាផ្លែឈើដែលមានតម្លៃថ្លៃ និងពេញនិយមចូលចិត្តបរិភោគសម្រាប់ប្រជាជនភាគច្រើននៅទ្វីបអាស៊ី ជាពិសេសប្រជាជនកម្ពុជា។ កន្លងមក យើងធ្លាប់តែល្បីអំពីទុរេន សំឡូត ទុរេនកំពត និងទុរេនកំពង់ចាមបែកអន្លូងថា មានរសជាតិឆ្ងាញ់ តែឥឡូវនេះ យើងអាចមកភ្លក់រសជាតិទុរេននៅភូមិស្រយ៉ង់ ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារវិញម្តងថា តើមានរសឆ្ងាញ់បែបណា។

លោក យូ ចំរើន ជាម្ចាស់ចម្ការទុរេនស្ថិតនៅភូមិស្រយ៉ង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ បានឱ្យដឹងថា លោកបានចាប់ផ្តើមដាំណាំទុរេននេះរយៈពេល៥ឆ្នាំមកហើយ នឹងទើបតែប្រមូលផលបាន២ឆ្នាំ ដោយទុរេនរបស់លោកមានចំនួនជាង២០០ដើម នៅលើផ្ទៃដីជាង២ហិកតា ហើយទិន្និផលមានការកើនឡើងជាងឆ្នាំមុន។លោកលើកឡើងថា៖ «ទុរេនរបស់ខ្ញុំមានរសជាតិឆ្ងាញ់ និងមានតម្លៃសមរម្យ។ ដោយទុរេនក្នុង១គីឡូក្រាមតម្លៃ២ម៉ឺនរៀល ដែលអាចឱ្យអថិតិជនអាចទទួលយកបាន ហើយការដាំដុះទុរេន ផ្តោតសំខាន់ទៅលើគុណភាព រសជាតិ ជាពិសេសផ្តោតសំខាន់ទៅសុវត្ថិភាពចំណីអាហារតែម្តង ដោយយើងបានប្រើប្រាស់ជីធម្មជាតិ១០០ភាគរយ»។ លោក យូ ចំរើន បានគូសបញ្ជាក់ថា ក្នុងចំណោមទុរេនជាង២០០ដើមរបស់លោក គឺមានតែមួយពូជប៉ុណ្ណោះ គឺពូជម៉ាន់ថង តែមានពីរប្រភេទ គឺម៉ាន់ថងទឹកដោះគោស្ងួត ម៉ាន់ថតខ្នើយមាស ដែលមានរសជាតិខុសគ្នាបន្តិច ដោយម៉ាន់ថងខ្នើយមាសមានរសជាតិផ្អែមឈ្ងុយ ហើយមានក្លិនក្រអូបជាងម៉ាន់ថងទឹកដោះគោស្ងួត។

លោកបន្ថែមទៀតថា បច្ចុប្បន្ននេះ នៅក្នុងចម្ការរបស់លោកស្ទើរតែរកទុរេនទុំលក់ពុំបានដោយសារតែមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានគាំទ្រផលិតផលទុរេនក្នុងស្រុក ឬចំណីអាហារក្នុងស្រុកកាន់តែច្រើន ដូចនេះសម្រាប់ទីផ្សារ គឺស្រួលលក់។ ទន្ទឹមនេះ សម្រាប់បងប្អូន ដែលចង់ទទួលទានទុរេនមានរសជាតិផ្អែមឈ្ងុយ ហើយជាទុរេនធម្មជាតិសុទ្ធ គឺអាចមកចម្ការរបស់លោកបាន ដែលស្ថិតនៅភូមិស្រយ៉ង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ជាប់នឹងព្រំប្រទល់ខេត្តសៀមរាប។

លោក យូ ចំរើន បានបញ្ជាក់ទៀតថា ពេលបងប្អូនមកដល់ចម្ការទុរេន នឹងឃើញថា ជាផលិតផលខ្មែរពិតប្រាកដ ដោយប្រើប្រាស់ជីធម្មជាតិ១០០ភាគរយ ផ្តល់ទំនុកចិត្តជូនបងប្អូន។
ពាក់ព័ន្ធនឹងការគាំទ្រទុរេនក្នុងស្រុកនេះដែរ លោក ពូ សឿម ជាប្រជាពលរដ្ឋ នៅខេត្តសៀមរាប ដែលបានទៅទិញទុរេននៅចម្ការរបស់លោក យូ ចំរើន ដោយផ្ទាល់បានលើកឡើងថា បន្ទាប់ពីលោកពូបានភ្លក់ទុរេន នៅចម្ការនេះរួច លោកសរសើរមិនដាច់ពីមាត់ថា ពិតជាមានរសជាតិផ្អែមឈ្ងុយ។ លោកក៏អះអាងផងដែរថា៖ «សម្រាប់ខ្ញុំឱ្យតែដល់រដូវទុរេនទុំ ខ្ញុំតែងតែទៅទិញដល់ចម្ការផ្ទាល់ៗព្រោះមានភាពជឿជាក់ថា ពិតជាទុរេនរបស់ខ្មែរពិតប្រាកដ»។

សូមជម្រាបជូនថា ទុរេនជាប្រភេទរុក្ខជាតិហូបផ្លែ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីមហាជនទូទៅ ប៉ុន្តែដំណាំប្រភទនេះ ក៏ពិបាកក្នុងការដាំដុះថែទាំជាខ្លាំងផងដែរ។ ការដាំដុះត្រូវយកចិត្តទុកដាក់ខ្ពស់ យល់ដឹងពីរបៀបថែទាំ ជាពិសេសបច្ចេកទេសថែស្លឹក ដើម ឫស ផ្កា និងផ្លែ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការដាំដំណាំទុរេន នៅកម្ពុជា នាពេលបច្ចុប្បន្ន កំពុងតែពេញនិយម ដោយសារមានអតិថិជននៅក្នុងស្រុកជាច្រើនបានគាំទ្រទៅលើគុណភាព និងសុវត្ថិភាពរបស់ផលិតផលទុរេនកម្ពុជា។ ម៉្យាងទៀត តម្លៃទុរេន ក្នុងស្រុកគឺខ្ពស់ជាងទុរេននាំចូល ហើយមិនមានបញ្ហាទីផ្សារដោយសារមានតម្រូវការខ្ពស់នោះទេ។ ដូច្នេះកសិករអាចរកប្រាក់ចំណូលបានច្រើន គឺក្នុង១ហិកតា អាចទទួលបានប្រមាណ ១-២ ម៉ឺនដុល្លារ ក្នុងលក្ខខណ្ឌនៃការដាំទុរេនដោយអនុវត្តន៍តាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងទទួលបានទិន្នផលល្អ។

ជាមួយគ្នានេះដែរ ប្រសិនបើកសិករដាំជាទ្រង់ទ្រាយធំ ឬច្រើនគ្រួសារដោយមានការចងក្រងជាសហគមន៍ ដំណាំទុរេន នឹងអាចជួយរកចំណូលបានច្រើនដល់សេដ្ឋកិច្ចជាតិ។ ទោះបីជាដំណាំនេះ ទទួលបានប្រាក់ចំណូលខ្ពស់ ប៉ុន្តែតម្រូវឱ្យមានការវិនិយោគទុនច្រើន និងទាមទារការអនុវត្តតាមបច្ចេសទេសត្រឹមត្រូវជាមួយនឹងការថែទាំយ៉ាងដិតដល់ទើបទទួលបានជោគជ័យ៕
ដោយ៖ ឃុត សៅ





