រដ្ឋមន្ត្រីក្រសួងអប់រំធ្វើបាឋកថា និងផ្សព្វផ្សាយសៀវភៅស្តីពីនីតិអន្តរជាតិសមុទ្រនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញធ្វើបាឋកថា និងផ្សព្វផ្សាយសៀវភៅស្តីពីនីតិអន្តរជាតិសមុទ្រនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយបានកោតសរសើរ និងថ្លែងអំណរគុណដល់ថា្នក់ដឹកនាំសាកលវិទ្យាល័យដែលបានផ្តួចផ្តើមរៀបចំកម្មវិធីបាឋកថា និងផ្សព្វផ្សាយសៀវភៅ “នីតិអន្តរជាតិសមុទ្រ” ជាពិសេសបានថ្លែងអំណរគុណដល់ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃវិទ្យាស្ថានជាតិគ្រប់គ្រង ដែលបានជួយចាត់ចែងបកប្រែ និងបោះពុម្ពសៀវភៅនេះឱ្យសម្រេចជាស្ថាពរ និងត្រូវបានយកមកចែកជូនដល់តំណាងគ្រឹះស្ថានឧត្តមសិក្សា សាស្ត្រាចារ្យ និស្សិត និងអ្នកសិក្សាអ្នកស្រាវជ្រាវនាពេលនេះ ក្នុងគោលដៅដើម្បីចែករំលែកចំណេះដឹងសម្រាប់ការសិក្សាស្រាវជ្រាវផ្នែកនីតិអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ ជាពិសេសពាក់ព័ន្ធនឹងនីតិអន្តរជាតិសមុទ្រ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរម្លឹកឡើងវិញពីមូលហេតុដែលជំរុញឱ្យមានការសរសេរសៀវភៅនេះឡើង គឺចង់បន្តពង្រឹង និងពង្រីកចំណេះដឹងខាងផ្នែកនីតិអន្តរជាតិ ហើយការជ្រើសរើសយកនីតិអន្តរជាតិសមុទ្រនេះ គឺដោយមើលឃើញពីសារៈសំខាន់នៃការយល់ដឹងឱ្យបានច្បាស់ពីនីតិសមុទ្រ ខណៈមិនសូវមានឯកសារ ឬការសិក្សាស្រាវជ្រាវស៊ីជម្រៅលើប្រធានបទនេះពីមុនមក។

ឯកឧត្តមបានពន្យល់ថា នីតិអន្តរជាតិសមុទ្រគឺជាមែកធាងដ៏មានវ័យចំណាស់ជាងគេក្នុងចំណោមមែកធាងដទៃទៀតនៃនីតិអន្តរជាតិ។ មូលដ្ឋានគ្រឹះនៃនីតិពាណិជ្ជកម្មសមុទ្របុរាណមានទំនាក់ទំនងជាមួយក្រមសមុទ្ររ៉ូឌាដែលកើតមានតាំងពីសតវត្សរ៍ទី៨មកម៉្លេះ ហើយឫសគល់នៃនីតិសមុទ្រមានអត្ថិភាពចាប់ពីសតវត្សរ៍ទី១៧ តាមរយៈសៀវភៅរបស់បញ្ញវន្តជនជាតិហូឡង់ម្នាក់ឈ្មោះ ហ៊ូហ្គោ ក្រូទៀស ក្រោមចំណងជើងថា «សេរីភាពសមុទ្រ» ដែលគោលគំនិតសេរីភាពសមុទ្របានក្លាយជាគោលការណ៍គន្លឹះនៃនីតិសមុទ្រ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា វិធានមូលដ្ឋាននៃនីតិសមុទ្របានវិវត្តយ៉ាងខ្លាំងចាប់ពីឆ្នាំ១៩៣០មក ពោលគឺចាប់ពីពេលដែលអង្គការសម្ព័ន្ធប្រជាជាតិបានចាប់ផ្តើមធ្វើក្រមនីយកម្មទាក់ទងនឹងនីតិសមុទ្រ។ នៅក្នុងស្នាដៃនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានប្រើប្រាស់មេរៀនចំនួន៣១ ដើម្បីសិក្សាវិភាគ និងឆ្លុះបញ្ចាំងទិដ្ឋភាពជាច្រើនតាំងពីសាវតារ ការអនុវត្ត និងលក្ខខណ្ឌផ្សេងៗ ដែលជួយឱ្យអ្នកអានទូទៅយល់ដឹងច្បាប់សមុទ្របានកាន់តែទូលំទូលាយ និងឈានទៅសិក្សាស៊ីជម្រៅបន្ថែមទៀត។
ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកទឹកចិត្តឱ្យអ្នកសិក្សាស្រាវជ្រាវទាំងអស់បន្តស្វែងយល់ដោយខ្លួនឯងបន្ថែមទៀតនូវខ្លឹមសារលម្អិត និងការពន្យល់យ៉ាងក្បោះក្បាយដែលមានកត់ត្រានៅក្នុងសៀវភៅ “នីតិអន្តរជាតិសមុទ្រ” ដោយសង្ឃឹមថាអ្នកសិក្សានឹងទទួលបានចំណេះដឹងជាច្រើនពីសៀវភៅមួយក្បាលនេះ និងសូមបន្តចែករំលែកចំណេះដឹង និងរៀនសូត្រពេញមួយជីវិត ជាពិសេសត្រូវយកចំណេះដឹងមកប្រើប្រាស់ដើម្បីបម្រើដល់ផលប្រយោជន៍សង្គមជាតិ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





