ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យពន្លឿនការងារស្ដារប្រឡាយលូ រំដោះទឹកជំនន់រដូវស្សា នៅខណ្ឌចំនួន២ ភាគខាងត្បូងរាជធានី
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរមូលដ្ឋានខណ្ឌ និងមន្ទីរជំនាញ ចុះពិនិត្យ និងជំរុញឱ្យពន្លឿនការងារស្ដារប្រឡាយ លូ និងសាងសង់ស្ថានីយ៍បូមទឹក ក្នុងភូមិសាស្ត្រខណ្ឌដង្កោ និងខណ្ឌមានជ័យ ដើម្បីធ្វើយ៉ាងណាឱ្យចរន្តទឹកហូរបានលឿនបញ្ចៀសបាននូវការជន់លិចដោយទឹកជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋ នារដូវវស្សានេះ។ ដំណើរពិនិត្យនេះបានប្រព្រឹត្ដទៅនាព្រឹកថ្ងៃពុធ ទី០៤ ខែមិថុនា ឆ្នាំ២០២៥ នៅប្រឡាយលូ ភូមិម័រ ខណ្ឌដង្កោ និងមានជ័យ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ការចុះពិនិត្យមើលប្រឡាយលូ និងស្ថានីយបូមទឹកនេះ មានគោលបំណងជំរុញ និងពន្លឿនឱ្យអាជ្ញាធរខណ្ឌទាំង២ និងមន្ទីរសាធារណការ ធ្វើការងារស្តារប្រឡាយភូមម័រ ចាប់ពីប្រឡាយលូប្រាំរហូតដល់ស្ថានីយបូមទឹកបឹងទំពុន ទៅផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅស្ទឹងជ្រៅឱ្យបានលឿន ដើម្បីធានាឱ្យទឹកហូរពីភាគខាងត្បូងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ស្ទឹងជ្រៅបានលឿន ដោយជំរុញឱ្យអាជ្ញាធរខណ្ឌមានជ័យ និងខណ្ឌដង្កោ បន្តការដោះស្រាយផលប៉ះពាល់ ប្រឡាយភូមិម័រ ដែលនៅសេសសល់ពីការដោះស្រាយផលប៉ះពាល់របស់គណៈកម្មាធិការអន្តរក្រសួងឱ្យបានរួចរាល់ ដើម្បីឱ្យក្រុមការងារអាចដាក់គ្រឿងចក្រចូលស្តារប្រឡាយនេះបានទៅតាមទំហំនៃប្លង់ប្រឡាយលូ ក្នុងរាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឱ្យការងារសាងសង់នៅស្ថានីយ៍បូមទឹកលូប្រាំនិងស្ថានីយ៍បូមទឹកបឹងទំពុន និងការងារស្ដារប្រឡាយ លូ បានលឿន និងរួចរាល់នៅក្នុងខែកក្កដាខាងមុខនេះ ដើម្បីបានប្រើប្រាស់ដោះស្រាយបញ្ហាជន់លិច នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានលឿនផងដែរ។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា បើតាមគម្រោង ស្ថានីយបូមទឹកលូប្រាំ និងរួចរាល់នៅចុងខែមិថុនានេះ ហើយស្ថានីយបូមទឹកបឹងទំពុនថ្មីដែលសាងសង់បន្ថែមរួចរាល់ នឹងដាក់ឱ្យដំណើរការបាននៅថ្ងៃទី១៥ ខែកក្កដា ២០២៥ខាងមុខនេះ៕
ដោយ សួស សំរិត





