សម្ដេចតេជោ ហ៊ុន សែន ពេញចិត្តចំពោះគម្រោងនៃការសាងសង់ស្តូបមិត្តភាព កម្ពុជា-វៀតណាម នៅក្នុងសារមន្ទីរនៃប្រទេសវៀតណាម
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវការពេញចិត្ត ចំពោះគម្រោងនៃការសាងសង់ ស្តូបមិត្តភាព កម្ពុជា-វៀតណាម នៅក្នុងសារមន្ទីរនៃប្រទេសវៀតណាម។ នេះបើតាមការឱ្យដឹងរបស់ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តមនាយឧត្តមសេនីយ៍ Nguyen Tan Cuong នាយអគ្គសេនាធិការកងទ័ព និងប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នៅវិមាន៧មករា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីរាយ និងស្វាគមន៍ ចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ Nguyen Tan Cuong នាយអគ្គសេនាធិការកងទ័ព និងប្រជាជនវៀតណាម ដែលជាមិត្តចាស់របស់កម្ពុជា ក្នងខណៈដែលឯកឧត្ដមបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា វៀតណាម ដែលកាន់តែរឹងមាំ និងស្អិតរមួត ផ្អែកលើមិត្តភាព សាមគ្គីភាព ជាប្រពៃណី ដែលជាអ្នកជិតខាងល្អ និងសហប្រតិបត្តិការ ឈ្នះ ឈ្នះ លើគ្រប់វិស័យ។ សម្ដេចតេជោជឿជាក់ថា ទស្សនកិច្ចរបស់ឯកឧត្ដមនាពេលនេះ នឹងរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ជាពិសេសនៅក្នុងវិស័យកងទ័ពរវាងប្រទេសទាំងពីរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ Nguyen Tan Cuong នាយអគ្គសេនាធិការកងទ័ព និងប្រជាជនវៀតណាម បានសម្ដែងនូវក្ដីអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្ដម និងគណៈប្រតិភូបានជួបសម្ដែងការគួរសម និងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ជូនចំពោះសម្ដេចតេជោផងដែរ។ ជាមួយគ្នានេះ ឯកឧត្ដម ក៏បានអរគុណចំពោះ សម្ដេចតេជោ ដែលបានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមក្នុងទិវារំដោះភាគខាងត្បូងនាពេលកន្លងមក។ ឯកឧត្ដមនាយឧត្តមសេនីយ៍ Nguyen Tan Cuong ក៏បានកោតសរសើរពីការរីកចម្រើន និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា រួមទាំងការថែរក្សាបាននូវសន្តិភាព ស្ថេរភាពនៅក្នុងប្រទេស និងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេស។

ឯកឧត្ដមជាអនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាម ក៏បានគូសរំលេច អំពីគម្រោងនៃការសាងសង់ ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងសារមន្ទីរនៃប្រទេសវៀតណាមផងដែរ ជូនចំពោះសម្ដេចតេជោ ដោយឯកឧត្ដមបានបញ្ជាក់ថា គម្រោនៃការរៀបចំសាងសង់នៃស្តូបមិត្តភាព កម្ពុជា-វៀតណាម គឺចង់បង្ហាញទៅកាន់ប្រទេសជាតិ និងអន្តរជាតិ ឱ្យកាន់តែយល់ និងស៊ីជម្រៅអំពីទំនាក់ទំនងដ៏ស្អិតរមួត រវាងកម្ពុជា និងវៀតណាម នូវគ្រប់កាលៈទេសៈ ជាពិសេសនៅក្នុងវិស័យកងទ័ពនៃប្រទេសទាំងពីរ ដែលបានងើបឡើងតវ៉ារួមគ្នាចេញពីរបបអាណានិគមនាពេលកន្លងមក។ ឯកឧត្ដម នាយឧត្ដមសេនីយ៍ក៏បានពាំនាំនូវការអញ្ជើញរបស់ឯកឧត្ដមអគ្គលេខាធិការបក្សកម្មុនីស្តវៀតណាម ដើម្បីអញ្ជើញសម្ដេចតេជោ ចូលរួមអបអរសាទរក្នុងខួប៨០ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាមផងដែរនាពេលខាងមុខ។
ជាការឆ្លើយតប សម្ដេចតេជោប្រធានព្រឹទ្ធសភា បានសម្ដែងនូវការអរគុណចំពោះភាគីវៀតណាម ដែលបានទទួលស្វាគមន៍សម្ដេច និងគណៈប្រតិភូយ៉ាងកក់ក្ដៅ ក្នុងឱកាសដែលសម្ដេចបានអញ្ជើចូលរួមក្នុងខួប៥០ឆ្នាំ នៃទិវារំដោះភាគខាងត្បូងវៀតណាមនាពេលកន្លងមក។ សម្ដេចតេជោបានគូសរំលេចពីទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នាពេលខាងមុខ គឺជាខួប៤៧ឆ្នាំ នៃដំណើររបស់សម្ដេចឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីឈានទៅដល់ការរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលនៅពេលខាងមុខនេះដែរ រដ្ឋមន្ត្រីការពារជាតិកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតី ក្នុងព្រឹត្តការណ៍នោះផងដែរ។ សម្ដេចតេជោបញ្ជាក់ផងដែរថា ក្នុងខួបលើកទី៥០ (នៃថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧) នាពេលខាងមុខ សម្ដេចនឹងអញ្ជើញទៅចូលរួមផ្ទាល់តែម្ដង ដើម្បីរម្លឹកនូវប្រវត្តិសាស្ត្រ ក៏ដូចជា ក្នុងពេលដែលសម្ដេចយកអាយុជីវិតជាដើមទុន ក្នុងដំណើររំដោះប្រទេសជាតិ។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភាក៏បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាង កងទ័ពកម្ពុជា និងវៀតណាម មានភាពស្អិតរមួត ហើយក៏ជាផ្នែកមួយក្នុងការជំរុញបន្ថែមទៀត នូវទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងវិស័យផ្សេងៗទៀត។ សម្ដេចតេជោបានលើកឡើងអំពីគម្រោងនៃការសាងសង់ ស្តូបមិត្តភាព កម្ពុជា-វៀតណាម ដោយសម្ដេចបានបញ្ជាក់ថា គំនិតផ្ដួចផ្ដើមនេះ គឺសម្ដេចបានលើកឡើងស្នើតាំងពីមុនឆ្នាំ២០២០ គឺមុនពេលនៃការមកដល់នៃជំងឺកូវីដ១៩ គឺធ្វើយ៉ាងណាឱ្យមានស្តូបមិត្តភាព កម្ពុជា-វៀតណាម នៅក្នុងប្រទេសវៀតណាម ដើម្បីឆ្លុះបញ្ចាំងបង្ហាញអំពីការដឹងគុណគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ដោយសម្ដេចតេជោបានគូសបញ្ជាក់ថា នៅកម្ពុជាមានស្តូបមិត្តភាព កម្ពុជា-វៀតណាម ហើយនៅវៀតណាមក៏ត្រូវតែមានស្តូបមិត្តភាព វៀតណាម-កម្ពុជា ដូចគ្នាដែរ។ ដូច្នេះសម្ដេចតេជោ បានសម្ដែងនូវការពេញចិត្ត ចំពោះគម្រោងនៃការសាងសង់ ស្តូបមិត្តភាព កម្ពុជា-វៀតណាម នៅក្នុងសារមន្ទីរនៃប្រទេសវៀតណាម។
ក្នុងឱកាសនោះសម្ដេចតេជោ ប្រធានព្រឹទ្ធសភាក៏បានឆ្លើយតបនឹងការអញ្ជើញរបស់ឯកឧត្ដមអគ្គលេខាធិការបក្សកម្មុនីស្តវៀតណាមថា សម្ដេចនឹងអញ្ជើញទៅចូលរួមអបអរសាទរក្នុងខួបអនុស្សាវរីយ៍៨០ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាមនាពេលខាងមុខ៕ដោយ៖ ជឹម ណារី





