ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់៖ ប្រទេសអេមីរ៉ាតអារ៉ាប់រួម កំពុងក្លាយជាទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ខណៈក្រុមហ៊ុន Emirates ធ្វើការហោះហើរលើកដំបូងទៅកាន់ខេត្ដសៀមរាប
AKP សៀមរាប ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥--យន្តហោះ Boeing 777-300ER របស់ក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក Emirates បានចុះចតនៅខេត្ដសៀមរាបលើកដំបូងជាប្រវត្តិសាស្ត្រ ដោយមានការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងបញ្ជាក់ថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម កំពុងក្លាយជាទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ហើយការពង្រីកការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emiratesនឹងជួយជំរុញទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្មបានកាន់តែរីកចម្រើន។ ការថ្លែងបញ្ជាក់បែបនេះធ្វើឡើងក្នុងកម្មវិធីបើកដំណើរការជាផ្លូវការជើងហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline នាល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ក្នុងខេត្ដសៀមរាប។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា ផ្លូវហោះហើរថ្មីនេះ នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់យើងកាន់តែមានភាពស៊ីជម្រៅ ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរផងដែរ។”
លោក Nabil Sultan, Executive Vice President, Passenger Sales and Country Management របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates មានប្រសាសន៍ថា ជើងហោះហើរថ្មីនេះ បង្ហាញសារជាថ្មីនូវភាពសម្បូរបែបផ្នែកវប្បធម៌ និងសក្ដានុពលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលសមស្របជាមួយយុទ្ធសាស្ត្រកំណើនរបស់យើងសម្រាប់តំបន់នេះ។ លោកបន្ថែមថា៖ «យើងមានទំនុកចិត្តថា ផ្លូវហោះហើរថ្មីនេះ នឹងជួយពង្រឹងបន្ថែម នូវលំហូរទេសចរណ៍ និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសដទៃទៀតនៅទូទាំងពិភពលោក និងជាពិសេសជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA)។ យើងសូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងអាកាសយានដ្ឋានក្នុងប្រទេសកម្ពុជា ព្រមទាំងស្ថាប័នទេសចរណ៍ទាំងអស់សម្រាប់ការគាំទ្រ និងការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់»។

លោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជាសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emiratesបានឱ្យដឹងដែរថា ដោយបានឃើញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ប្រទេសកម្ពុជាក្នុងការពង្រឹងវិស័យទេសចរណ៍ និងពាណិជ្ជកម្មនៅក្នុងប្រទេស ក្រុមហ៊ុនអាកាសចរណ៍ Emirates មានមោទនភាពដែលបានចូលរួមដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រចក្ខុវិស័យរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់នូវការតភ្ជាប់ផ្លូវហោះហើរដ៏សំខាន់ទៅទីក្រុងឌូបៃ និងទៅទីកន្លែងផ្សេងៗទៀត។ លោកបានបញ្ជាក់បន្ថែមថា ជើងហោះហើរទីក្រុងឌូបៃ-សិង្ហបុរី-ភ្នំពេញ របស់យើង ទទួលបានភាពជោគជ័យក្រោយការដាក់ឱ្យដំណើរការកាលពីឆ្នាំមុន។យើងមានទំនុកចិត្តយ៉ាងមុតមាំលើសក្ដានុពលរបស់ខេត្តសៀមរាប និងទន្ទឹងរង់ចាំធ្វើការជាមួយដៃគូពាក់ព័ន្ធក្នុងស្រុក និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្សព្វផ្សាយផ្លូវហោះហើរថ្មីនេះដល់អតិថិជនរបស់យើងនៅទូទាំងពិភពលោកឱ្យបានកាន់តែច្រើន។

លោក Mohammed Al Qassim បានបន្ដថា ជើងហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅកាន់ខេត្តសៀមរាបត្រូវបានកំណត់ពេលវេលាយ៉ាងល្អប្រសើរ ក្នុងគោលបំណងផ្តល់ជូនអ្នកធ្វើដំណើរកម្សាន្តពីទីផ្សារអឺរ៉ុបសំខាន់ៗរបស់ក្រុមហ៊ុនអាកាសចរណ៍រួមមានប្រទេសបារាំង ចក្រភពអង់គ្លេស ប្រទេសអាល្លឺម៉ង់ ប្រទេសអេស្ប៉ាញ ប្រទេសព័រទុយហ្គាល់ និងប្រទេសរុស្ស៊ីនូវការតភ្ជាប់តាមរយៈប្រតិបត្តិការប្រចាំថ្ងៃជាច្រើន។ ជើងហោះហើរថ្មីនេះ បំពេញបន្ថែមការហោះហើរប្រចាំថ្ងៃដែលមានស្រាប់របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅកាន់ទីក្រុងភ្នំពេញឆ្លងកាត់តាមប្រទេសសិង្ហបុរី ដោយផ្តល់នូវជម្រើសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរទៅមកប្រទេសកម្ពុជា។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ Emirates ហោះហើរបីលើកក្នុងមួយសប្តាហ៍ទៅកាន់ខេត្ដសៀមរាប ពោលគឺនៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្តជើងហោះហើរប្រចាំថ្ងៃទៅកាន់ទីក្រុងភ្នំពេញពីទីក្រុងឌូបៃ ឆ្លងកាត់ប្រទេសសិង្ហបុរីក្នុងខែឧសភា ឆ្នាំ២០២៤ ដោយភ្ជាប់អ្នកធ្វើដំណើរទៅកាន់គោលដៅជាង ១៤០ ប្រទេសនៅទូទាំងទ្វីបទាំងប្រាំមួយ។

ជាមួយការដាក់ឱ្យដំណើរការជើងហោះហើរពីទីក្រុងឌូបៃទៅកាន់ទីក្រុងសៀមរាបឆ្លងកាត់ទីក្រុងបាងកកចាប់ពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះតទៅ ក្រុមហ៊ុនអាកាសចរណ៍ Emirates ផ្តល់ជូនជើងហោះហើរសរុបចំនួន ១០ជើងក្នុងមួយសប្តាហ៍ពីទីក្រុងឌូបៃទៅកាន់គោលដៅពីរផ្សេងគ្នាក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការដោយយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ខ្លួនក្នុងការកំណត់រចនាសម្ព័ន្ធបីថ្នាក់លើជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញ និងទីក្រុងសៀមរាបដោយផ្តល់ជូនបន្ទប់ឯកជនចំនួន ៨ ថ្នាក់ First Class កៅអីរាបស្មើចំនួន ៤២ ថ្នាក់ Business Class និង ៣០៤ កៅអីធំទូលាយថ្នាក់ Economy Class។ អ្នកធ្វើដំណើរនឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មអាកាសចរណ៍ដ៏ល្បីល្បាញរបស់ក្រុមហ៊ុន Emirates ដែលមានការផ្ដល់ជូនម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់តាមតំបន់ក្នុងពេលធ្វើដំណើរ សម្រាប់គ្រប់ថ្នាក់សម្ព័ន្ធទាំងអស់ និងភេសជ្ជៈដោយឥតគិតថ្លៃ។ អ្នកធ្វើដំណើរ ក៏នឹងទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធកម្មវិធីកម្សាន្តដែលផ្តល់ជូនជាង ៦ ៥០០ ប៉ុស្តិ៍សម្រាប់ការកម្សាន្តតាមតម្រូវការរួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ ផតខាស់ តន្ត្រី និងការកម្សាន្តជាច្រើនទៀត៕
ដោយ៖ ឃុត សៅ





