ខេត្តកោះកុងគ្រោងនឹងរៀបចំព្រឹត្តិការណ៍បុណ្យ «សាទរដែននិរតី» ជាលើកទី១ រយៈពេលជិត១សប្តាហ៍
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥-- ខេត្តកោះកុងគ្រោងនឹងរៀបចំព្រឹត្តិការណ៍បុណ្យ «សាទរដែននិរតី» ជាលើកទី១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ នៅតាមបណ្ដោយផ្លូវមាត់សមុទ្រ ក្រុងខេមរភូមិន្ទ ទល់មុខសាលាខេត្តកោះកុង ដើម្បីឱ្យមានភាពទាក់ទាញអ្នកទេសចរកើនឡើងបន្ថែមទៀតខណៈដែលកោះកុងគឺជាខេត្តមួយក្នុងចំណោមរាជធានី/ខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្បូរទៅដោយធនធានធម្មជាតិ និងតំបន់រមណីយដ្ឋានធម្មជាតិដ៏សម្បូរបែប។

ជាមួយគ្នានេះ ព្រឹត្តិការណ៍ដ៏កម្រមួយនេះក៏មានកម្មវិធីសម្រាប់កម្សាន្តសប្បាយជាច្រើនរួមមាន ការប្រគំតន្រ្តីអមដោយតារាចម្រៀងល្បីៗ ការប្រកួតប្រដាល់គុនខ្មែរដណ្ដើមពានរង្វាន់ថ្នាក់ខេត្ត ការប្រឡងចម្រៀងតារាចម្រៀងសំនៀងឯកខេត្តកោះកុង ការដាក់តាំងផលិតផល និងមហោស្រពអាហារចម្រុះជាតិសាសន៍ ការបោះជំរុំ អុំទូកកាយ៉ាក់គយគន់ទេសភាព ការបង្ហោះគោម និងបាញ់កាំជ្រួច ព្រមទាំងការជិះកង់រៃអង្គាសថវិកាជួយដល់កុមារកម្ពុជាផងដែរ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងទេសចរណ៍)





